ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ប្តេជ្ញា​កម្ចាត់​ចោល​ក្រុម​បដិវត្តន៍ព​ណ៌ ​ដែល​មាន​បំ​ណ​ង​ផ្តួលរំលំ​រដ្ឋាភិបាល​ក្រៅ​ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ និង​ក្រោម​ប្រព័ន្ធ​ប្រជាធិបតេយ្យ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បន្ត​ប្តេជ្ញា​កម្ចាត់ចោល​ក្រុម​បដិវត្តន៍​ព​ណ៌ ​ដែល​មាន​បំ​ណ​ង​ផ្តួលរំលំ​រដ្ឋាភិបាល ​ក្រៅ​ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ និង​ក្រោម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បន្ត​ប្តេជ្ញា​កម្ចាត់ចោល​ក្រុម​បដិវត្តន៍​ព​ណ៌ ​ដែល​មាន​បំ​ណ​ង​ផ្តួលរំលំ​រដ្ឋាភិបាល ​ក្រៅ​ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ និង​ក្រោម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ។

ការ​ប្តេជ្ញា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ ខណៈ​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសា​បាយ​សាមគ្គី ​ជាមួយ​សមាជិក​គណបក្ស​ថ្មី អតីតមន្ត្រី​ថ្នាក់ដឹកនាំ ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃ​គណបក្ស​នយោបាយ​នានា ជាង​២​ពាន់​នាក់ ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​កំពូល​ៗ ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ថ្នាក់ ខេត្ត ក្រុង​ស្រុក ឃុំ សង្កាត់ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​ដ៏​ធំ វិមាន ៧មក​រា នៃ​ស្នាក់​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ ។

យោង​តាម​របាយការណ៍​ស្វាគមន៍​របស់ឯកឧត្តម យូ សិរី​វុ​ឌ្ឍ បេសកជន​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​ក្រុមការងារ​កសាង​ចលនា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ​មូលដ្ឋាន​រាជធានី​-​ខេត្ត បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត បាន​បង្កើត​ឡើង នា​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ២០២៤ មក ក្រុមការងារ​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​បក្ស​រាជធានី​-​ខេត្ត និង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​តាម​បណ្តា​រាជធានី​-​ខេត្ត គឺ​ចលនា​កសាង​អតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង និង​បក្សនយោបាយ​ផ្សេង​ៗ បាន​ចំនួន​១៤,៥៣៩​នាក់ ក្នុង​នោះ​មាន​ថ្នាក់​រាជធានី និង​ថ្នាក់​ខេត្ត ចំនួន ៧៧៤នាក់ ថ្នាក់​ក្រុង​-​ស្រុក​-​ខណ្ឌ​ចំនួន ១,៥៩១ នាក់​ថ្នាក់​ឃុំ​-​សង្កាត់ ចំនួន ១២,១៧៤នាក់​ ។

ឯកឧត្តម​ បាន​បន្ត​ទៀត​ថា ដោយ​ផ្អែក​លើ​ការ​ការពារ ​នូវ​ផលប្រយោជន៍​ដ៏​ឧត្តុ​ង​ឧត្តម ​នៃ​ប្រទេស​ជាតិ ការ​ការពារ​នូវ​សុខ​សន្តិភាព ស្ថេ​រ​ភាព​ន​យោ​យ​នៅ​ក្នុង​សង្គម​ជាតិ ការពារ​នូវ​សេចក្តីសុខ​សាន្ត និង​សុភមង្គល​របស់​ប្រជាជន​កម្ពុជា ដើម្បី​ធានា​ដល់​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ជា​យូរអង្វែង សម្តេច​តេ​ជោ​ បាន​ប្រកាស​ទទួល​ស្វាគមន៍​យក​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​បងប្អូន​ ដែល​ធ្លាប់​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​ក្រុម​បក្សនយោបាយ ដែល​មាន​និន្នាការ​ជ្រុលនិយម​ ក្នុង​រយៈពេល​កន្លង​មក ដើម្បី​យកចំណេះ​វិជ្ជា និង​មនសិការ​ស្នេហា​ជាតិ​របស់​បងប្អូន​មក​បម្រើ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា​ជាមួយនឹង​គណបក្សប្រជាជន​កម្ពុជា​ ។

តាម​រយៈ​គោលនយោបាយ​ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ក្តី​ស​ណ្តោះ​ប្រណី​របស់ សម្តេច​តេ​ជោ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស នា​ពេល​បច្ចុប្បន្ន​នេះ គឺ​បងប្អូន​ដែល​ជា​អតីត​ថ្នាក់ដឹកនាំ​ប្រឆាំង​តាម​បណ្តា​មូលដ្ឋាន​រាជធានី ខេត្ត ក្រុង​ស្រុក ឃុំ សង្កាត់ គឺ​បងប្អូន​ជនរួមជាតិ​របស់​យើង​ បាន​មើលឃើញ​យ៉ាង​ច្បាស់​ថា សម្តេច​តេ​ជោ ពិតជា​អ្នក​ស្នេហា​ជាតិ​យ៉ាង​ពិតប្រាកដ តាម​រយៈ​សកម្មភាព​ពិត​ដែល សម្តេច​តេ​ជោ​បាន​ផ្តល់​ជូន​ចំពោះ​បងប្អូន​ក្នុង រយៈពេល​កន្លង​មក ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​កំហុស​ខុសឆ្គង​របស់​បងប្អូន​ជនរួមជាតិ​នោះ​ទេ សម្តេច​តេ​ជោ តែងតែ​ផ្តល់​ នូវ​ក្តី​ស្រលាញ់​ប្រកបដោយ​មនោសញ្ចេតនា​ជួយ​បងប្អូន​តាម​គ្រប់​មធ្យោបាយ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​សម្រាល​ទៅ​ដល់​ការ​លំបាក​នានា​របស់​បងប្អូន​យើង​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​សំណេះសំណាល​នេះ​ផង​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍ អបអរសាទរ និង​ស្វាគមន៍​ចំពោះ​សមាជិក​ថ្មី ដែល​ជា​អតីតមន្ត្រី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នានា​ ដែល​បាន​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ចូល​មក​រួមរស់​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ ​។

នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ សម្ដេច​តេ​ជោ​ប្រធាន​គណបក្ស បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​កិត្តិ​សង្ហ​បណ្ឌិត ម៉ែ​ន សំ​អន ដែល​រៀបចំ​ការ​ដង្ហែ​អង្គ​កឋិនទាន ​ទៅ​វត្ត​ខ្មែរក្រោម កាលពី​ថ្ងៃ​ទី ៣-៥ វិច្ឆិកា ២០២៤ ដែល​ដំណើរការ​ នៃ​ការ​ដង្ហែ​អង្គ​កឋិនទាន​នេះ ទទួល​បាន​នូវ​ភាព​ជោគជ័យ និង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​បងប្អូន​ខ្មែរក្រោម​ ។

​សម្ដេច​តេ​ជោ ​ប្រធាន​គណបក្ស ក៏​បាន​ថ្លែងអំណរគុណ​ដល់​បណ្ដា​ថ្នាក់ដឹកនាំ​ទាំងអស់​ ដែល​បាន​ចូលរួម​នៅ​ក្នុង​អង្គ​កឋិនទាន ដែល​ធ្វើ​ឲ្យ​កឋិនទាន​ដង្ហែ​ទៅ​កាន់​វត្ត​ខ្មែរក្រោម​ ទទួល​បាន ​នូវ​ភាព​ជោគជ័យ ​។

សម្ដេច​តេ​ជោ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ និង​សមិទ្ធផល​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​មានការ​អភិវឌ្ឍន៍ និង​រីក​ចម្រើន​ជា​បន្តបន្ទាប់​។ នៅ​ក្នុង​ពិធី​សំណេះសំណាល​នេះ​ផង​ដែរ សម្តេច​តេ​ជោ​ បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់​ៗ ​ដែល​ជា​គោលដៅ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ក្នុង​នោះ ចំពោះ​គោលដៅ​ រយៈពេល​វែង​ ៖

ទី​១-​គឺ​យើង​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​កត្តា​សន្តិភាព ពីព្រោះ​ថា​ កត្តា​សន្តិភាព ​គឺជា​កត្តា​សំខាន់ មិន​ថា​ ប្រទេស​ណា​នោះ​ទេ​ តែងតែ​ត្រូវការ​សន្តិភាព បើ​គ្មាន​សន្តិភាព​គឺ​មិន​មានការ​អភិវឌ្ឍ​អ្វី​ឡើយ ​។
ទី​២-​ត្រូវ​ខិតខំ​ដើម្បី​នាំ​ប្រទេស​មួយ​នេះ ឲ្យ​ចាក​ចេញពី​ប្រទេស​ ដែល​មានការ​អភិវឌ្ឍន៍​តិចតួច ​នៅ​ត្រឹម​ឆ្នាំ​២០២៩ ​។
ទី​៣-​ត្រូវ​ខិតខំ​ជំរុញ​ប្រទេស​មួយ​នេះ ឱ្យ​ក្លាយទៅជា​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ជា​គោលដៅ ​ដែល​យើង​បាន​កំណត់​តាំងពី​ដំបូង​នោះ​ ។
ទី​៤- ខិតខំ​សម្រេច​អោយ​បានជា​ប្រ​ទស ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ ។

ចំពោះ​គោលដៅ​រយៈពេល​ខ្លី និង​មធ្យម​វិញ​នោះ សម្ដេច​តេ​ជោ​បាន​ផ្តល់​អនុសាសន៍ និង​កំណត់​គោលដៅ​អ​ទិ​ភាព​សំខាន់​ៗ ​ដូច​ជា​៖
ទី​១-​ត្រូវ​រួម​គ្នា​រក្សា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ​ឲ្យ​បាន​ល្អ​ប្រសើរ​ ។
ទី​២-​រក្សា​នូវ​ស្ថេ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់​អតិផរណា ​។
ទី​៣-​ខិតខំ​រួម​គ្នា​វិល​ទៅ​រក​កំណើនសេដ្ឋកិច្ច​ដូច​មុន​កូ​វី​ដ​១៩ ក្នុង​រង្វង់​៧% ។
ទី​៤-ប្តេជ្ញា​កម្ចាត់​ចោល​ក្រុម​បដិវត្តន៍​ព​ណ៌ដែល​មាន​បំ​ណ​ង​ផ្តួលរំលំ​រដ្ឋាភិបាល​ក្រៅ​ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ និង​ក្រោម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ។

ជា​ថ្មី​ម្ដងទៀត សម្ដេច​តេ​ជោ ប្រធាន​គណបក្ស បាន​ថ្លែង​អរគុណ​ចំពោះ​បងប្អូន​សមាជិក​ថ្មី​ទាំងអស់ ​ដែល​បាន​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុង​ការ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​រួម​គ្នា​បន្តការងារ​ជាតិ​មាតុភូមិ​របស់​យើង ជា​ពិសេស​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​តទៅ​មុខ​ទៀត ​។ បន្ទាប់​មក សម្ដេច​តេ​ជោ​ក៏​បាន​អញ្ជើញពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​សមាជិក​សមាជិកា​ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​យ៉ាង​ក្រៃ​លែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ