ផ្សព្វផ្សាយគម្រោងវិនិយោគ ជាអាទិភាពរបស់រដ្ឋបាលខណ្ឌសែនសុខ មានចំនួន៧៣គម្រោង សម្រាប់ឆ្នាំ២០២៥នេះ
រាជធានីភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើអោយមន្ត្រី និងអាជ្ញាធរខណ្ឌ សង្កាត់…
រាជធានីភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើអោយមន្ត្រី និងអាជ្ញាធរខណ្ឌ សង្កាត់…
រាជធានីភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើអោយមន្ត្រី និងអាជ្ញាធរខណ្ឌ សង្កាត់ ចលនាបន្ថែមទៀត ដល់អង្គការសង្គមស៊ីវិល-ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន លើការសុំការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខណៈដែលការចលនាអោយមានការចូលរួមគាំទ្រខាងលើនេះ មានការថយចុះ មិនគ្រប់គ្រាន់ឡើយ ។
ការស្នើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងអង្គសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខណ្ឌសែនសុខ នៅសាលាខណ្ឌសែនសុខ ។
លោក កើត ឆែ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីវិនិយោគ បីឆ្នាំរំកិលនេះ បានឆ្លុះបញ្ចាំងអំពីគម្រោង ឬសេវាជជាអាទិភាព តាមបណ្តាឆ្នាំនីមួយៗ ដោយភ្ជាប់មកជាមួយ នូវចំណាយ ព្រមទាំងអាចធ្វើបច្ចុប្បន្នភាព កម្មវិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។ សម្រាប់ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខណ្ឌសែនសុខ និងរដ្ឋបាលសង្កាត់ចំណុះ នារសៀលនេះ មានគោលបំណងចម្បង ចំនួន០៣ នោះគឺ ៖
១. ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌសែនសុខ សរុបចំនួន៧៣គម្រោង។
២. ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលសង្កាត់ទាំង០៦ សរុបចំនួន២៥៩ គម្រោង។
និង៣. ស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីមន្ទីរ-អង្គភាពជំនាញ, អង្គការសង្គមស៊ីវិល-ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជនលើការអនុវត្តគម្រោងវិនិយោគ ។
លោកបន្តថា ការអនុវត្តគម្រោងនៅមូលដ្ឋាន ពិតជាត្រូវការការចូលរួមដោយខ្វះមិនបាន ពីតួអង្គសង្គមពាក់ព័ន្ធនានា ដែលរួមមាន មន្ទីរជំនាញ សមាគម-អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ វិស័យឯកជន ក៏ដូចជាសប្បុរសជន ផងដែរ ។
លោកបន្តទៀតថា ការចូលរួមអភិវឌ្ឍនៅមូលដ្ឋាន គឺជាកិច្ចការរបស់យើងទាំងអស់គ្នា និងសបញ្ជាក់ឱ្យឃើញអំពីការអនុវត្ត «ភាពជាដៃគូ» រវាងរដ្ឋបាលខណ្ឌ- រដ្ឋបាលសង្កាត់ និងតួអង្គសង្គមទាំងអស់ខាងលើ ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងធានា នូវគុណភាព នៃការរស់នៅ ប្រកបដោយសុខដុមនីយកម្ម ។
លោក កើត ឆែបានបញ្ជាក់ថា គម្រោងរបស់សង្កាត់ និងខណ្ឌ ដែលត្រូវសុំការគាំទ្រពីតំណាងមន្ទីរ-អង្គភាពជំនាញ អង្គការ សង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និងសប្បុរសជន បានជាច្រើនវិស័យ ដែលមានដូចជាវិស័យសេដ្ឋកិច្ច, វិស័យសង្គមកិច្ច, វិស័យគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងវិស័យ សេវាកម្ម រដ្ឋបាល និងសន្តិសុខ ជាដើម ។
ក្នុងឱកាសនោះដែរ លោក កើត ឆែ ក៏បានថ្លែងអំណរគុណចំពោះ មន្ត្រី និងកងកម្លាំងគ្រប់ប្រភេទ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងស្មារតី ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីការពារ ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការពង្រឹងប្រសិទ្ធភាព និង គុណភាព នៃការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ