ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារភាគហ៊ុនកើនឡើង តែតម្លៃមាស និងប្រេងឆៅធ្លាក់ចុះ នៅថ្ងៃបោះឆ្នោតអាមេរិក

3 អាទិត្យ មុន

អន្តរជាតិ ៖ ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកកើនឡើង ស្របពេលតម្លៃប្រាក់ដុល្លារអាមេរិកក៏កើនឡើងក្នុងតំបន់អាស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា។ ទោះយ៉ាងណាក៏ដោយ តម្លៃមាស និងប្រេងឆៅបានធ្លាក់ចុះ ចំពេលដែលបណ្តាអ្នកវិនិយោគជុំវិញពិភពលោកកំពុងតាមដានយ៉ាងដិតដល់បំផុត…

អន្តរជាតិ ៖ ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកកើនឡើង ស្របពេលតម្លៃប្រាក់ដុល្លារអាមេរិកក៏កើនឡើងក្នុងតំបន់អាស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា។ ទោះយ៉ាងណាក៏ដោយ តម្លៃមាស និងប្រេងឆៅបានធ្លាក់ចុះ ចំពេលដែលបណ្តាអ្នកវិនិយោគជុំវិញពិភពលោកកំពុងតាមដានយ៉ាងដិតដល់បំផុត ចំពោះការបោះឆ្នោតប្រធានាធិបតីអាមេរិក។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា។

សន្ទស្សន៍ភាគហ៊ុនអាមេរិក S&P 500 និង Nasdaq បានកើនឡើង ១.២% ខណៈទីផ្សារហិរញ្ញវត្ថុ Wall Street ដ៏ល្បីល្បាញរបស់អាមេរិក កំពុងរង់ចាំការសន្យារបស់អ្នកឈ្នះឆ្នោត ចំពោះកាត់បន្ថយពន្ធក្នុងស្រុក និងបទប្បញ្ញត្តិសាជីវកម្មតិចជាង។ ភាគហ៊ុនអឺរ៉ុបពុំសូវចាប់អារម្មណ៍ខ្លាំងទេ ដោយសារ​តែ​គោលនយោបាយពន្ធដ៏តឹងរឹងរបស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រសិនបើត្រូវបានអនុម័ត អាចបញ្ឆេះសង្គ្រាមពាណិជ្ជកម្មពិភពលោក និងគំរាមកំហែងដល់ការនាំចេញរបស់សហភាពអឺរ៉ុប។ ភាគហ៊ុនអឺរ៉ុប EUROSTOXX 50 បានធ្លាក់ចុះ ០.៦១% ខណៈភាគហ៊ុន DAX ធ្លាក់ចុះ ០.៥៥%។

ដោយឡែកនៅអាស៊ី សន្ទស្សន៍ភាគហ៊ុនគោលមួយចំនួនបាននឹងកំពុងកើនឡើងខ្ពស់ក្នុងការជួញដូរនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា។ ភាគហ៊ុន Nikkei 225 នៅទីក្រុងតូក្យូកើនខ្ពស់ជាង ១.៤% ខណៈដែលភាគហ៊ុន Kospi នៅទីក្រុងសេអ៊ូលកើនឡើង ០.៥% ។ ភាគហ៊ុន S&P/ASX 200 របស់អូស្ត្រាលីកើន ០.៨%។ ចំណែកផ្សារភាគហ៊ុន Hang Seng នៅហុងកុងធ្លាក់ចុះជាង ១%។ ចំណែកភាគហ៊ុន Shanghai Composite របស់ចិនដីគោក បានកើនឡើងប្រហែល ០.៥%។

យ៉ាងណាមិញ តម្លៃមាសបានធ្លាក់ចុះនៅថ្ងៃទី៦ ខែវិច្ឆិកា ព្រោះបណ្តាអ្នកវិនិយោគកំពុងរង់ចាំយ៉ាងអន្ទះសារនូវលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក។ តម្លៃមាសសកល ឬ Spot Gold បានធ្លាក់ចុះ ០.១% នៅត្រឹមតម្លៃ ២,៧៤០.២៨ដុល្លារក្នុងមួយអោន។ តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងតម្លៃ ២,៧៩០.១៥ដុល្លារក្នុងមួយអោន។ ចំណែកឯតម្លៃមាសរបស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរតិចតួចនៅ ២,៧៤៩.០០ដុល្លារក្នុងមួយអោន។

ក្រឡេកទៅតម្លៃប្រេងឆៅបានធ្លាក់ចុះជាង ១% នៅថ្ងៃទី៦ ខែវិច្ឆិកា ដោយសារតែស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងច្រើនជាងការព្យាករណ៍។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៩០ សេន ឬ ១.២% នៅត្រឹមតម្លៃ ៧៤.៦៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៨២ សេន ឬ ១.១% នៅត្រឹម ៧១.១៧ដុល្លារក្នុងមួយបារ៉ែល។

អ្នកជំនាញមើលឃើញថា សម្រាប់រយៈពេលវែងជាងនេះ តម្លៃប្រេងឆៅអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត ដោយសារគោលនយោបាយលោក ត្រាំ គាំទ្រសម្រាប់ឧស្សាហកម្មប្រេង និងឧស្ម័នរបស់អាមេរិក ខណៈកិច្ចការពារពាណិជ្ជកម្មអាចបណ្តាលឱ្យតម្រូវការធ្លាក់ចុះ។

ទិន្នន័យពីវិទ្យាស្ថានប្រេងអាមេរិកបានបង្ហាញថា ស្តុកប្រេងឆៅរបស់អាមេរិកបានកើនឡើងច្រើនជាងការព្យាករណ៍ពោល ៣.១៣លានបារ៉ែលក្នុងមួយសប្តាហ៍ ដែលបានបញ្ចប់កាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ ពោលខ្ពស់ជាងការកើនឡើងចំនួន ១.១លានបារ៉ែល ដែលត្រូវបានព្យាករណ៍ដោយ​ទីភ្នាក់សារព័ត៌មាន Reuters ៕ (ប្រភព ៖ Reuters, AP និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ