ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហែកឋិនទាន​ចូល​«វត្តជ្រោយថ្ម​»ដែលកសាង​អំឡុង​​ឆ្នាំ​១៩៤១​​ ដើម្បីបានបច្ច័យសាង​សង់ព្រះ​វិហារថ្មី

1 ខែ មុន
  • កំពង់ចាម

​​ខេត្តកំពង់ចាម​ ៖ ដោយសារ​តែ​ព្រះ​វិហារ​សាងសង់​​ពី​បេតុង​ប្រក់​ក្បឿង​ មាន​សភាព​ចាស់​ទ្រុឌទ្រោម​នៅ​ក្នុង​បរិវេណ​វត្ត​ជ្រោយ​ថ្ម នៅ​ប្រប​តាម​ដង​ទន្លេមេគង្គ ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម  មាន​អាយុកាល​ជាង​៨០​ឆ្នាំ​មក​ហើយ​ ។ ​ក្រោម​ការ​ផ្ដួចផ្ដើម​ពី​សំណាក់​ឯកឧត្តម​…

​​ខេត្តកំពង់ចាម​ ៖ ដោយសារ​តែ​ព្រះ​វិហារ​សាងសង់​​ពី​បេតុង​ប្រក់​ក្បឿង​ មាន​សភាព​ចាស់​ទ្រុឌទ្រោម​នៅ​ក្នុង​បរិវេណ​វត្ត​ជ្រោយ​ថ្ម នៅ​ប្រប​តាម​ដង​ទន្លេមេគង្គ ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម  មាន​អាយុកាល​ជាង​៨០​ឆ្នាំ​មក​ហើយ​ ។ ​ក្រោម​ការ​ផ្ដួចផ្ដើម​ពី​សំណាក់​ឯកឧត្តម​ ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​និង​លោក​ជំទាវ បាន​រៀបចំ​បុណ្យ​កឋិនទាន​សាមគ្គី​មួយ ដើម្បី​បាន​បច្ច័យ​សម្រាប់​សាងសង់​ព្រះ​វិហារ​ថ្មី​ ។

ព្រះ​គ្រូលេខ ឧត្តម​បញ្ញា ព្រះ​ចៅអធិការ​វត្ត​ជ្រោយ​ថ្ម​មាន​ថា​រៈ​ដី​កា​​ឲ្យ​ដឹង​ ​កាលពីល្ងាច​ថ្ងៃ​ទី​៣​ វិច្ឆិកា ឆ្នាំ​២០២៤​ថា តាម​រយៈ​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ខេត្ត ​គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​កំពង់ចាម​មន្ត្រីរាជការ​នៅ​តាម​អង្គភាព​នានា ​ព្រមទាំង​អ្នក​នៅ​ក្រៅ​ខេត្ត​បាន​ចូលរួម​យ៉ាង​ផុលផុស​ ក្នុង​ពិធីបុណ្យ​អង្គ​កឋិនទាន​សាមគ្គី​ក្រោម​ការ​លួច​ផ្ដើម​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ ។​ ក្នុង​នោះ​ មាន​ពុទ្ធបរិស័ទ​នៅ​គ្រប់​ទិស​ទី​រួម​ទាំង​ក្រៅប្រទេស​ដែល​មិន​បាន​អញ្ជើញ​មក ក៏​បាន​ផ្ញើ​បច្ច័យ​ចូល​បុណ្យ​តាម​សទ្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន បាន​ដង្ហែ​ចូល​នា​ព្រឹក​ថ្ងៃ​ទី​២ ​វិច្ឆិកា​ ២០២៤ ។

ព្រះ​ចៅអធិការ​វត្ត​ជ្រោយ​ថ្ម​មាន​ថេរដីកា​រំលឹក​ថា ទី​អារាម​នេះ​ ត្រូវ​បាន​កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៤១ ក្នុង​សម័យ​អាណានិគមនិយម​បារាំង ដោយ​ឆ្លងកាត់​ពី​សម័យមួយ​ទៅ​សម័យមួយ​ គឺ​មានការ​ប្រែប្រួល​ ។ ជាក់ស្ដែង ​ក្នុង​របប​ប្រល័យពូជសាសន៍​ប​៣​ឆ្នាំ​៨​ខែ​ និង​២០​ថ្ងៃ ព្រះ​វិហារ​កសាង​អំពី​បេតុង​ប្រក់​ក្បឿង​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ឃ្លាំង​ដាក់​សម្ភារ ​និង​អំបិល កត្តា​បែប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គ្រឹះ​ផ្នែក​ខាងក្រោម​ព្រះ​វិហារ​ត្រូវ​បាន​ពុក​ផុយ​ នឹង​បង្ក​ហានិភ័យ​ខ្លាច​គ្រោះថ្នាក់​ដល់​ពុទ្ធបរិស័ទ​ ទើប​សម្រេចចិត្ត​បិទទ្វារ​ចោល​ រង់​ចាំតែ​ថ្ងៃ​វាយ​ចោល​ប៉ុណ្ណោះ ដើម្បី​កសាង​ថ្មី​ជំនួស ​។

​ដោយ​បង្ការចៀសវាង​កុំ​ឲ្យ​គ្រោះថ្នាក់​ណាមួយ​កើតឡើង​នោះ គណៈកម្មការ​វត្ត​បាន​ធ្វើការ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ជំនាញ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត ធ្វើការ​វាយតម្លៃ​ដោយ​ទទួលស្គាល់​ថា ​ព្រះ​វិហារ​ចាស់​នេះ​ពិតជា​មាន​សភាព​ទ្រុឌទ្រោម​មែន​ ​ដែល​តម្រូវ​ឲ្យ​មានការ​កសាង​ព្រះ​វិហារ​ថ្មី​មាន​ទទឹង​១៨​ម៉ែត្រ​ និង​បណ្ដោយ​៤៤​ម៉ែត្រ កំពស់​ពីរ​ជាន់​ប្រក់​ក្បឿង​គ្រោង​ចំណាយ​បច្ច័យ​អស់​ចំនួន​១​លាន​ដុល្លារ​ និង​១៨​ម៉ឺន​ដុល្លារ​ ។  

ព្រះ​គ្រូ​ឧត្តម​បញ្ញា ចៅអធិការ​វត្ត​ជ្រោយ​ថ្ម​មាន​ថា​រដីកា​បញ្ជាក់​ថា សម្រាប់​អង្គ​កឋិនទាន​សាមគ្គី​ក្រោម​ការ​ផ្ដួចផ្ដើម​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​គឺ​ប្រមូល​បច្ច័យ​បាន​សរុប​ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ហើយ​នៅ​ខែមីនា​ឆ្នាំ​២០២៥​ខាង​មុខ និង​រៀបចំ​បុណ្យផ្កា​សាមគ្គី​មួយទៀត ពេល​នោះ​ ដែល​មាន​បច្ច័យ​សម​ល្មម​អាច​លៃលក វាយ​ព្រះ​វិហារ​ចាស់​ចោល ដើម្បី​កសាង​ព្រះ​វិហារ​ថ្មី ​។ ​ហើយ​ការ​កសាង​នេះ​ នឹង​ធ្វើ​ឡើង​តាម​ដំណាក់កាល គឺ​បច្ច័យ​ដែល​មាននៅ​ក្នុង​ដៃ ព្រោះថា​សព្វថ្ងៃ​នេះ​វិបត្តិ​សេដ្ឋកិច្ច​សកល​បាន​កើតឡើង មិន​អាច​ស្រូត​ការ​ស្ថាបនា​ឲ្យ​រួចរាល់​ឆាប់រហ័ស​បាន​នោះ​ទេ គឺ​ធ្វើ​ឡើង​តាម​ដំណាក់កាល​នីមួយ​ៗ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ