ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​រថយន្ត​ជប៉ុន​បណ្តាក់ទុន​រួម​គ្នា ផ្តោត​លើ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ និង​អា​គុយ​ឡាន​អគ្គិ​សនី

1 ខែ មុន

ប្រទេសជប៉ុន ៖ តាមប្រភពពីសារព័ត៌មានជប៉ុន The Japan News និងទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែវិច្ឆិកា…

ប្រទេសជប៉ុន ៖ តាមប្រភពពីសារព័ត៌មានជប៉ុន The Japan News និងទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែវិច្ឆិកា បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត Nissan Motor Co. និង Mitsubishi Corp. បានសម្រេចចិត្តបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅចុងឆ្នាំនេះ ផ្តោតយ៉ាងសំខាន់លើការផ្តល់សេវាកម្មពាក់ព័ន្ធប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Self-Driving និងការផលិតអាគុយរថយន្តអគ្គិសនីទំនើប។

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សទាំងពីររបស់ប្រទេសជប៉ុននេះ មានគោលបំណងផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ ដោយប្រើបច្ចេកវិជ្ជាបើកបរស្វ័យភាពកម្រិតទី៤ ដោយរថយន្តក្រោមលក្ខខណ្ឌមួយចំនួនមិនតម្រូវឱ្យមនុស្សបើកបរនោះទេ និងផ្តោតយ៉ាងសំខាន់មួយទៀតលើការផលិតអាគុយរថយន្តអគ្គិសនីសម្រាប់ការសាកថាមពលនៅផ្ទះ ដែលស្ថិតក្នុងចំណោមសេវាកម្មផ្សេងៗទៀត។

ការបណ្តាក់ទុនរួមគ្នានេះ នឹងត្រូវបានផ្តល់មូលនិធិចំនួនស្មើៗគ្នា ដោយក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនពាណិជ្ជកម្ម។ ចំណែកការធ្វើតេស្តផ្ទៀងផ្ទាត់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៥។ ទាក់ទងនឹងប្រព័ន្ធការបើកបរដោយស្វ័យប្រវត្តិ ក្រុមហ៊ុន Nissan បច្ចុប្បន្នកំពុងអភិវឌ្ឍប្រព័ន្ធនេះលើរថយន្តរបស់ខ្លួន ខណៈដែលក្រុមហ៊ុន Mitsubishi កំពុងដុតដៃដុតជើងធ្វើពាណិជ្ជកម្មនូវប្រព័ន្ធប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីគ្រប់គ្រងផែនទីស្វែងរកផ្លូវដ៏ល្អប្រសើរ។ ផ្អែកលើលទ្ធផលនៃការអភិវឌ្ឍន៍ ក្រុមហ៊ុនប្រកាសបណ្តាក់ទុនរួមគ្នានឹងដំណើរការតាក់ស៊ីគ្មានមនុស្សបើក និងសេវាកម្មផ្សេងទៀត ស្របទៅតាមវិធានការណ៍របស់រដ្ឋាភិបាលជប៉ុន។

ជាមួយគ្នានោះផងដែរ សេវាកម្មនេះនឹងត្រូវបានណែនាំលើកដំបូងនៅក្នុងខេត្តយូកូហាម៉ា (Yokohama) ខេត្តកាណាហ្គាវ៉ា (Kanagawa) និងទីក្រុងណាមី (Namie) នៃខេត្តហ្វូគូស៊ីម៉ា (Fukushima) ។ ក្រុមហ៊ុន Nissan កំពុងធ្វើការពិសោធន៍បង្ហាញលើការបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងទៀតនៅក្នុងទីតាំងដូចបានរៀបរាប់។

ទាក់ទងនឹងអាគុយរថយន្តអគ្គិសនី ក្រុមហ៊ុនទាំងពីរកំពុងស្វែងរកសេវាកម្ម ដែលនឹងភ្ជាប់ការសាករថយន្តអគ្គិសនីក្នុងផ្ទះទៅនឹងបណ្តាញអគ្គិសនីកាន់តែទូលំទូលាយ និងងាយស្រួល។ ក្រុមហ៊ុនក៏កំពុងតែសម្លឹងមើលគម្រោងលើកកម្ពស់ការប្រមូលអាគុយរថយន្តអគ្គិសនីប្រើរួច សម្រាប់ការប្រើប្រាស់បន្ទាប់បន្សំ និងការកែច្នៃឡើងវិញ។

ក្រុមហ៊ុន Nissan គ្រោងនឹងបង្កើនតួលេខលក់សម្រាប់អាជីវកម្មរបស់ខ្លួន ទាក់ទងនឹងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ និងរថយន្តអគ្គសនីរហូតដល់ ២.៥ទី្រលានយ៉េន ដែលស្មើនឹង ១៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបានជួបប្រទះការលំបាកក្នុងការបង្កើតគំនិតអាជីវកម្ម។

ដោយឡែក ក្រុមហ៊ុន Mitsubishi កំពុងពន្លឿនការផ្លាស់ប្តូររបស់ខ្លួនក្នុងការវិនិយោគលើការចាប់ផ្ដើមអាជីវកម្ម និងក្រុមហ៊ុនផ្សេងទៀត ដែលបង្កើតកម្មវិធីក្នុងការបើកបរដោយស្វ័យប្រវត្តិ ដោយរំពឹងថានឹងមានការរីកចម្រើននាពេលអនាគត នៅក្នុងទីផ្សារសម្រាប់ការបើកបរដោយស្វយ័តប្រឆាំងនឹងការថយចុះអត្រាកំណើត ប្រជាជនវ័យចំណាស់ និងកង្វះកម្លាំងពលកម្ម។ ក្រុមហ៊ុនក៏កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀត នៅក្នុងវិស័យអាគុយរថយន្តអគ្គិសនីផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ