ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​ឆ្នោត​នៅ​អាមេរិក​អា​ច​ដឹង​ត្រឹម​យប់​ថ្ងៃ​អង្គារបើ​គ្មាន​អ្វី​ប្រែ​ប្រួល

5 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​សល់​​ជាង​ដប់​ម៉ោង​ទៀត​ប៉ុណ្ណោះ ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​នៅ​អា​មេ​រិក​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ហើយ​។ លទ្ធ​ផល​ឆ្នោត​​លើក​នេះ​ពិបាក​ប៉ាន់​ស្មាន​ថា​តើ​​​បេក្ខ​រូប​ណា​នឹង​ទទួល​បាន​ជ័យជម្នះ​​។ មូល​ហេតុ​​ដោយ​សារ​នៅ​តាម​រដ្ឋ​ធំ​ៗទាំង​៧​​ដែល​កំណត់​ភាព​ចាញ់​-​ឈ្នះ​របស់​បេក្ខ​ជន​ទាំង​ពីរ​រូប​បង្ហាញ​ថា​ពួក​គេ​​ទទួ​ល​បាន​សំឡេង​ប្រហាក់​ប្រហែល​គ្នា​។ រហូត​មក​ដល់​ពេល​នេះ ពល​រដ្ឋ​អាមេរិក​​ជាង​៧៨​លាននាក់​បាន​បោះ​ឆ្នោត​មុន​កាល​កំណត់​។ មុន​ដំបូង​ គេ​គិត​ថា​​​លទ្ធ​ផល​ឆ្នោត​​អាច​នឹង​ដឹង​ត្រឹម​យប់​ថ្ងៃ​អង្គារ​​។ ប៉ុន្តែ​ជាក់​ស្ដែង​ប្រហែល​ជា​មិន​ដូច្នោះ​ទេ​​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​សល់​​ជាង​ដប់​ម៉ោង​ទៀត​ប៉ុណ្ណោះ ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​នៅ​អា​មេ​រិក​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ហើយ​។ លទ្ធ​ផល​ឆ្នោត​​លើក​នេះ​ពិបាក​ប៉ាន់​ស្មាន​ថា​តើ​​​បេក្ខ​រូប​ណា​នឹង​ទទួល​បាន​ជ័យជម្នះ​​។ មូល​ហេតុ​​ដោយ​សារ​នៅ​តាម​រដ្ឋ​ធំ​ៗទាំង​៧​​ដែល​កំណត់​ភាព​ចាញ់​-​ឈ្នះ​របស់​បេក្ខ​ជន​ទាំង​ពីរ​រូប​បង្ហាញ​ថា​ពួក​គេ​​ទទួ​ល​បាន​សំឡេង​ប្រហាក់​ប្រហែល​គ្នា​។

រហូត​មក​ដល់​ពេល​នេះ ពល​រដ្ឋ​អាមេរិក​​ជាង​៧៨​លាននាក់​បាន​បោះ​ឆ្នោត​មុន​កាល​កំណត់​។ មុន​ដំបូង​ គេ​គិត​ថា​​​លទ្ធ​ផល​ឆ្នោត​​អាច​នឹង​ដឹង​ត្រឹម​យប់​ថ្ងៃ​អង្គារ​​។ ប៉ុន្តែ​ជាក់​ស្ដែង​ប្រហែល​ជា​មិន​ដូច្នោះ​ទេ​​។ ចេញ​លទ្ធ​ផល​ឆ្នោត​​​​យឺត​ ឬ​លឿន​អា​ស្រ័យ​ទៅ​លើ​ការ​ដណ្ដើម​បាន​អង្គ​បោះ​ឆ្នោត​ច្រើន​កម្រិត​ណា​នៅ​តាម​រដ្ឋ​នី​មួយ​ៗ​។ ជា​ពិសេស​ រដ្ឋ​ធំ​ៗដែល​កំណត់​ភាព​ចាញ់​-​ឈ្នះ​របស់​បេក្ខ​ជន​ទាំង​២​។ សម្រាប់​ការ​បោះ​ឆ្នោ​តលើក​នេះ គេ​គិត​ថា​រដ្ឋ​ផឹន​ស៊ីល​វេនៀ​សំខាន់​បំផុត​សម្រាប់​លោក​ស្រី​ហារីស​​។

បើ​​​បេក្ខ​ជន​ទាំង​២​រូប​ទទួល​បាន​អង្គ​បោះ​ឆ្នោត​ប្រហាក់​ប្រហែល​គ្នា​ ហើយ​បើ​សិន​លោក​ត្រាំ​មាន​ប្រៀប​ជាង​លោក​ស្រី​ហារីស​ត្រឹម​តែ​០,៤%​ ​គេ​ត្រូវ​ការ​ពេល​ច្រើន​ថ្ងៃ​ ឬ​រាប់​សប្ដាហ៍​ទៅ​មុខ​ទៀត​ដើម្បី​ប្រកាស​លទ្ធ​​ផល​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ នៅ​ពេល​នោះ គេ​ត្រូវ​តែ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ទាំង​អស់​ដើម្បី​ធានា​សុក្រឹត​ភាព​ និង​​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ដែល​អាច​នឹង​កើត​មាន​។

ជា​ទម្លាប់​​​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាមេរិក ​​បេក្ខ​ជន​​ដែល​ដឹង​ច្បាស់​ថា​ខ្លួន​​ចាញ់​ឆ្នោត​ហើយ​​​ខ្ជិល​សំកុក​យូរ​​ត​ទៅ​ទៀត​ សុខ​ចិត្ត​ប្រកាស​ចុះ​ចាញ់ និង​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​​​​តែ​ម្ដង​​។ នៅ​ពេល​បេក្ខ​ជន​រូប​ណា​ទទួល​បាន​សំឡេង​គាំទ្រ​ពី​អង្គ​បោះ​ឆ្នោត​គ្រប់​២៧០​ទៅ​តាម​ការ​កំណត់​ គេ​នឹង​ប្រកាស​ថា​បេក្ខ​ជន​រូប​នោះ​ឈ្នះ​ឆ្នោត​ក្លាយ​ជា​​អនាគត​ប្រធានា​ធិបតី​​ (president-elect)។​

ប៉ុន្តែ​ចម្លែក​អ្វី​តែ​លោក​ត្រាំ​ទោះ​បី​លទ្ធ​ផល​ឆ្នោត​បង្ហាញ​ថា​លោក​ចាញ់​ក៏​ដោយ ក៏​លោក​មិន​​ព្រម​​ទទួល​ស្គាល់​​​​ជា​ដាច់​ខាត​។ តាំង​ពី​ចុង​ឆ្នាំ​២០២០​រហូត​មក​ដល់​ពេល​នេះ​បួន​ឆ្នាំ​ហើយ​​ដែល​លោក​​មិន​ព្រម​ទទួលស្គាល់​លទ្ធ​ផល​នោះ​ទាល់​តែ​សោះ​​។ លោក​ថែម​ទាំង​និយាយ​ពី​ការ​សោក​ស្ដាយ​ថា​លោក​គួរ​តែ​កុំ​ចាក​ចេញ​ពី​សេត​វិមាន​ល្អ​ជាង​ (កាល​ពី​ដើម​ឆ្នាំ​២០២១)។​

ឥឡូវ​នេះ អ្នក​វិភាគ​ព្យា​ករ​ទុក​ជា​មុន​ថា​បើ​លោក​ត្រាំ​ឈ្នះ​ឆ្នោត​មិន​អី​ទេ លោក​ស្រី​ហារីស​អាច​នឹង​មិន​រួញរា​នៅ​ក្នុង​ការ​ទទួ​ល​ស្គាល់​លទ្ធ​ផល​ឆ្នោត​ទេ​។ ផ្ទុយ​ទៅ​វិញ​បើ​លោក​ត្រាំ​ចាញ់​ឆ្នោត​ ច្បាស់​ណាស់​ថា​លោក​នឹង​មិន​ទទួលស្គាល់​លទ្ធ​ផល​ឆ្នោត​ទេ​។ លោក​នឹង​តវ៉ា​ទៅ​តាម​ផ្លូវ​ច្បាប់​។ ប៉ុន្តែ​អ្នក​វិភាគ​ខ្លះ​ទៀត​ព្យាករ​ថា​បើ​​លោក​ស្រី​ក៏​ត្រៀម​​ដាក់​ពាក្យ​ប្ដឹង​តវ៉ា​ទៅ​តាម​ផ្លូវ​ច្បាប់​ដែរ​បើ​លោក​ស្រី​ចាញ់​ឆ្នោត​​។ មូល​ហេតុ​ដោយ​សារ​សំឡេង​គាំទ្រ​ចំពោះ​បេក្ខ​ជន​ទាំង​២​មាន​ភាព​ប្រដំ​ប្រសង​គ្នា​ខ្លាំង​បំផុត​។

កត្តា​ដែល​ស្មុគ​ស្មាញ​នៅ​ត្រង់​ថា​បេក្ខ​ជន​ដែល​អាច​ឡើង​មក​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ជា​អ្នក​ដែល​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​អង្គ​បោះ​ឆ្នោត​សរុប​៥៣៨​រូប​ដែល​តំណាង​ឱ្យ​រដ្ឋ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​អាមេរិក​។ គេ​ហៅ​ថា​សំឡេង​ឆ្នោត​របស់​អ្នក​តំណាង​ (electoral vote)។ រីឯ​​សំឡេង​ឆ្នោត​ប្រជា​ប្រិយ​ (popular vote) មិន​មែន​ជា​កត្តា​កំណត់​​ភាព​ចាញ់​-ឈ្នះ​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទេ​។ ឆ្នោត​ប្រជា​ប្រិយ​គ្រាន់​តែ​បង្ហាញ​ថា​តើ​បេក្ខ​ជន​​ម្នាក់​ៗ​​​ទទួល​បាន​ប្រជា​ប្រិយ​ភាព​​កម្រិត​ណា​តែ​ប៉ុណ្ណោះ​​។​

​នៅ​ក្នុង​ន័យ​នេះ បើ​បេក្ខ​ជន​ម្នាក់​ទទួ​លបាន​សំឡេង​ឆ្នោត​ប្រជា​ប្រិយ​​ខ្ពស់​ជាង​​បេក្ខ​ជន​ម្នាក់​ទៀត​ក៏​មិន​ប្រាកដ​ថា​ឈ្នះ​ឆ្នោត​ដែរ​​បើ​បេក្ខ​ជន​​នោះ​ចាញ់​ប្រៀប​ខាង​ការ​ទទួល​បាន​អង្គ​បោះ​ឆ្នោត​​នៅ​តាម​រដ្ឋ​នី​មួយ​ៗ​ (electoral vote)។ ជាក់​ស្ដែង​ លោក​ស្រី​ហ៊ីឡារី​កាល​ពី​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ទទួ​ល​បាន​សំឡេង​ឆ្នោត​ប្រជា​ប្រិយ​​ច្រើន​ជាង​លោក​ត្រាំ​។

ប៉ុន្តែ​លោក​ស្រី​ទទួល​បាន​អង្គ​បោះ​ឆ្នោ​ត២២៧ បើ​ប្រៀប​ធៀប​ជា​មួយ​​លោក​ត្រាំ​​​ទទួល​បាន​៣០៦​អង្គ​បោះ​ឆ្នោត។ មាន​ន័យ​ថា​លើស​ពី​​ចំនួន​កំណត់​​ត្រឹម​២៧០​អង្គ​បោះ​ឆ្នោត​ដើម្បី​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី​​។​ ​អ្នក​កាត់​សេចក្ដី​​នៃ​ភាព​ចាញ់​-​ឈ្នះ​របស់​បេក្ខ​ជន​ទាំង​២​រូប​​គឺ​អង្គ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ធំ​ៗ​ចំនួន​៧​។ រហូត​មក​ដល់​ពេល​នេះ​លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​បេក្ខ​​ជន​ទាំង២​រូប​ទទួល​បាន​សំឡេង​គាំទ្រ​​ប្រកៀក​ប្រកើយ​គ្នា​បំផុត​ មាន​ន័យ​ថា​គ្មាន​បេក្ខ​ជន​រូប​ណា​មាន​ប្រៀប​លើ​អ្នក​ណា​ទេ​។

ចំណុច​ស្មុគ​ស្មាញ១​​ទៀត​ដែល​អាច​នឹង​ពន្យារ​ពេល​​ប្រកាស​លទ្ធ​ផល​ឆ្នោតនៅ​​ត្រង់​ថា​ «គណៈ​កម្ម​ការ​បោះ​ឆ្នោត​សហ​ព័ន្ធ​» មិន​មែន​ជា​អ្នក​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ ​​ប៉ុន្តែ​ជា​អ្នក​ដោះ​ស្រាយ​​​ផ្លូវ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ហិរញ្ញ​វត្ថុ​។​ ​នៅ​ពេល​គ្មាន​​ស្ថាប័ន​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​ដំណើរ​ការ​បោះ​ឆ្នោត​ ឬ​នីតិ​វិធី​ក្នុង​ការ​បោះ​ឆ្នោតដូច្នេះ​ រដ្ឋ​នី​មួយ​ៗ​អាច​បើក​មណ្ឌល​បោះ​ឆ្នោត​នៅ​ពេល​ណា និង​បិទទ្វារ​នៅ​ពេល​ណា​​ដើម្បី​រាប់​សន្លឹក​ឆ្នោត​ជា​សិទ្ធិ​របស់​រដ្ឋ​នី​មួយ​ៗ​ ជា​ហេតុ​ធ្វើ​ឱ្យ​ពេល​វេលា​មុន​ក្រោយ​មិន​ស្មើ​គ្នា​​​​។

បើ​បេក្ខ​ជន​ម្នាក់​​ៗ​ទទួ​លបាន​​លទ្ធ​ផល​ឆ្នោត​ប្រហាក់​ប្រហែល​គ្នា​ខ្លាំង​ពេក​ គណ​បក្ស​នយោ​បាយ​នីមួយ​ៗ​អាច​មាន​សិទ្ធិ​ស្នើ​សុំ​ឱ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​។ ដូច្នេះ លទ្ធ​ផល​ឆ្នោត​ត្រូវ​ពន្យារ​ពេល​។ ​អ្វី​ៗ​ដែល​រៀប​រាប់​ខាង​លើ​នេះ​សំដៅ​ទៅ​លើសេណា​រីយោ​ដែល​អាច​កើត​មាន​ដោយ​សារ​ការ​បោះ​ឆ្នោត​មិន​ប្រក្រតី​។ ផ្ទុយ​ទៅ​វិញ ​​បើ​​ការ​បោះ​ឆ្នោត​​​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ហើយ​លទ្ធ​ផល​​ឆ្នោត​​បង្ហាញ​​ភាព​ចាញ់​ដាច់​ និង​ឈ្នះ​ដាច់​នៅ​ក្នុង​រដ្ឋ​ធំៗ​​ទាំង​៧​​​ (មាន​ន័យ​ថា​សន្លឹក​ឆ្នោត​លើស​លស់​គ្នា​ខ្លាំង​ មិន​​ចាំ​បាច់​​​តវ៉ា​ឱ្យ​រាប់​ឡើង​វិញ)​​ ពេល​នោះ​លទ្ធ​ផល​ឆ្នោត​បឋម​​​ទូទាំង​ប្រទេស​អាមេរិក​អាច​នឹង​ដឹង​ត្រឹម​យប់​​ថ្ងៃ​អង្គារ​​នៅ​​ញូយ៉ក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ