ទីក្រុងរ៉ង់ហ្គូន៖ លោកមីនអុងឡាំងដែលជាមេដឹកនាំរបបសឹកភូមានឹងធ្វើដំណើរទៅប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់។ នេះជាលើកដំបូងបំផុតដែលលោកអញ្ជើញទៅប្រទេសចិនចាប់តាំងពីមានអំពើរដ្ឋប្រហារផ្ដួលរំលំលោកស្រីអង់សានស៊ូជីពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ខាងលើនេះជាផ្សាយរបស់ទូរទស្សន៍រដ្ឋភូមាអឹមអ័រធីវី (MRTV)។
សារព័ត៌មានដដែលនេះផ្សាយថាលោកមីនអុងឡាំងនឹងចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ និងកិច្ចប្រជុំមួយចំនួនទៀតសំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃបណ្ដាប្រទេសនៅតាមដងទន្លេអាយេយ៉ាវ៉ាឌី, ទន្លេចៅផាយ៉ា និងទន្លេមេគង្គ។ កិច្ចប្រជុំនេះធ្វើឡើងចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា។ ក្រៅពីកិច្ចប្រជុំជាអន្តរជាតិនេះ លោកមីនអុងឡាំងក៏ត្រៀមជួបគ្នាទ្វេភាគីជាមួយមន្ត្រីថ្នាក់មូលដ្ឋានចិនផងដែរដើម្បីពង្រឹងទំនាក់ទំនងក្នុងវិស័យការទូត សេដ្ឋកិច្ច និងការអភិវឌ្ឍ។
គេសង្កេតឃើញថារបបសឹកភូមាឥឡូវនេះរាងចុះខ្សោយបន្តិចចាប់តាំងពីក្រុមប្រឆាំងបើកយុទ្ធនាការវាយលុកកាលពីចុងខែកញ្ញា ឆ្នាំទៅមិញ ហើយធ្វើឱ្យរបបសឹកបាត់បង់តំបន់មួយចំនួន។ ប្រទេសចិនក៏ភ្ញាក់ផ្អើលមិនតិចដែរចំពោះព្រឹត្តិការណ៍នេះព្រោះវាធ្វើឱ្យចិនខាតបង់ផលប្រយោជន៍។ ចិនមានព្រំប្រទល់ជាប់នឹងប្រទេសភូមា និងមានច្រកពាណិជ្ជកម្មសំខាន់ៗ។
ប្រទេសចិនមានផលប្រយោជន៍សំខាន់ៗជាយុទ្ធសាស្ត្រជាមួយប្រទេសភូមា។ ឧទាហរណ៍ដូចជាបំពង់បង្ហូរប្រេង និងឧស្ម័នធំៗដែលតភ្ជាប់រវាងប្រទេសទាំងពីរ និងគម្រោងសាងសង់កំពង់ផែទឹកជ្រៅនៅឈូងសមុទ្របឹងហ្កាល់ (Bengal)។ ក្រៅពីនេះ ប្រទេសចិនក៏ទិញលោហធាតុកម្រពីប្រទេសភូមាដើម្បីយកទៅផលិតរថយន្ត និងថាមពលអគ្គិសនីពីកម្លាំងខ្យល់បក់។
នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនកាលពីប៉ុន្មានខែមុននេះ លោកបានប្រកាសគាំទ្រទាំងស្រុងចំពោះគម្រោងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅប្រទេសភូមា។ លោកសន្យាផ្ដល់ជំនួយបច្ចេកទេសនៅក្នុងការបោះឆ្នោតដែលគ្រោងរៀបចំនៅឆ្នាំ២០២៥។ លោកដេវីដ មេតធីសុន (David Mathieson) ជាអ្នកវិភាគដែលមាននិន្នាការប្រឆាំងនឹងរបបសឹកភូមាយល់ថាលោកមីនអុងឡាំងទៅប្រទេសចិនលើកនេះទោះបីគាត់ទទួលការគាំទ្រ ឬការដាក់សម្ពាធក៏ដោយ ក៏ប្រជាជននៅតែគ្មានផលចំណេញដដែល។
មិនចំណេញព្រោះប្រទេសចិនប្រកាសគាំទ្ររបបសឹក និងផែនការរៀបចំការបោះឆ្នោតដែលរៀបចំដោយរបបសឹក។ កាលពីខែតុលា អាជ្ញាធរភូមាចាប់ផ្ដើមរៀបចំការធ្វើជំរឿនទូទាំងប្រទេសដើម្បីងាយស្រួលរៀបចំការបោះឆ្នោត។ ប៉ុន្តែតំបន់ខ្លះមិនមែនស្ថិតនៅក្រោមការគ្រប់គ្រង់របស់របស់សឹកទេ។ ដូច្នេះ ការបោះឆ្នោតនេះមិនអាចធ្វើឡើងដោយទូលំទូលាយនោះទេ៕
ចែករំលែកព័តមាននេះ