រាជធានីភ្នំពេញ ៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២១ មិថុនា លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាផងដែរ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាមួយលោកជំទាវហាវ លីនណា អនុប្រធានសមាគមជាតិកាកបាទក្រហមចិន ។
ក្នុងកិច្ចពិភាក្សា លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានរំលឹកអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនដែលមានតាំងពីយូរលង់ណាស់មកហើយ ទាំងរដ្ឋាភិបាលចិន និងកាកបាទក្រហមចិន សុទ្ធតែធ្លាប់បានជួយដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
លោកជំទាវ ហាវ លីនណា ក៏បានថ្លែងអំណរគុណចំពោះការទទួលរាក់ទាក់អស់ពីចិត្តពីថ្លើមរបស់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដែលបានរៀបចំពិធីជប់លៀងជូនគណៈប្រតិភូកាកបាទក្រហមចិនផងដែរ។ ទាំងនេះជាទង្វើដ៏ល្អប្រពៃដែលធ្លាប់មានតាំងពីថ្នាក់ដឹកនាំជំនាន់មុនមកម៉្លេះ ហើយពិធីចុះហត្ថលេខាពេលនេះ គឺផ្តោតជាសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្លាស់ប្តូរព័ត៌មាន ផ្លាស់ប្តូរទស្សនកិច្ចរបស់បុគ្គលិកកាកបាទក្រហមរវាងប្រទេសទាំងពីរ ។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះគណៈប្រតិភូកាកបាទក្រហមចិន និងកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជា ហើយនេះជាគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានឡើយ ។ នេះគឺជាលើកទី៣ហើយដែលគណៈប្រតិភូកាកបាទក្រហមចិនបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយអ្វីដែលកាកបាទក្រហមកម្ពុជាជួយទៅកាកបាទក្រហមចិនវិញនោះ គឺមិនមានទំហំធំដូចកាកបាទក្រហមចិនជួយកាកបាទក្រហមកម្ពុជានោះឡើយ ។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលបានយកចិត្តទុកដាក់ជួយថែរក្សាព្រះរាជសុខភាពរបស់សម្តេចឪ ហើយថែមទាំងបានផ្តល់ព្រះរាជដំណាក់សម្រាប់សម្តេចឪ និងសម្តេចម៉ែ គង់នៅទីនោះផងដែរ ។ ចំណងមិត្តភាពកម្ពុជា-ចិន គឺជាចំណងមិត្តភាពអមតៈដែលមិនអាចកាត់ថ្លៃបាន ហើយលោកជំទាវក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមចិនដែលបានជួយផ្តល់ជាម៉ាស៊ីនបូមទឹកមានតម្លៃសរុបចំនួន២០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ហើយម៉ាស៊ីនបូមទឹកនោះ នឹងដឹកជញ្ជូនមកកម្ពុជានៅពេលក្រោយ៕
ចែករំលែកព័តមាននេះ