ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះថា កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានជួយអន្ដរាគមន៍សម្រួលចរាចរណ៍នៅចំណុចទីតាំងទឹកលិច « ទឹកភ្លៀងជន់លិច បណ្ដាលអោយកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៥៣-៥៤» នៅថៃ្ងទី០៤ វិច្ឆិកា ២០២៤។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបន្តថា ស្ថានភាពនៃជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថៃ្ងនេះបានបង្កឲ្យមានការជន់លិច ដល់កំណាត់ផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី និងព្រំប្រទល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបណ្ដាលឲ្យលិចផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែត្រលេខ ៥៣-៥៤ ជាប់ព្រំប្រទល់ជាមួយស្រុកសំរោង ខេត្តតាកែវ ។

បច្ចុប្បន្នកងកម្លាំងនគរបាល គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះអន្ដរាគមន៍ ចំពោះការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចទឹកលិចខាងលើបានមួយផ្នែក មួយចំហៀងផ្លូវជាតិលេខ៣ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងផ្អាកការបើកបររថយន្ដធន់ធ្ងន់ឆ្លងកាត់មួយរយៈ រង់ចាំទឹកបានស្រក ដូចស្ថានភាពដើម ។ ចំណែកបញ្ហាផ្សេងៗមិនទាន់បង្កបញ្ហាគ្រោះថ្នាក់ខូចខាតដល់អាយុជីវិតសត្វ ឬទ្រព្យសម្បត្តិ នោះទេ ៕




ចែករំលែកព័តមាននេះ