រាជធានីភ្នំពេញ ៖ និយាយដល់កសិកម្ម ពិសេសបន្លែបង្ការ ដូចជាស្ពៃ ត្រសក់ និងបន្លែផ្សេង គឺកសិករមួយភាគតែងត្អូញត្អែរថា «ដល់ពេលប្រមូលផល» តម្លៃកសិផលខ្មែរ «គឺធ្លាក់ថ្លៃ ឬចុះថោក» សឹងតែរកចំនេញគ្មាន ឬខាតតែម្តង ។
យ៉ាងណាមិញ កន្លងមកថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តែងតែព្យាយាមរកដំណោះស្រាយទីផ្សារជូនកសិករខ្មែរ និងជួយឱ្យតម្លៃកសិផលដាំដុះដោយកសិករខ្មែរលក់បានថ្លៃផងដែរ។
តែយ៉ាងណាមិញ ដើម្បីឱ្យតម្លៃកសិផលរបស់ខ្មែរ មានទីផ្សារ និងរក្សាបានតម្លៃល្អ ជារឿងពិបាក ដោយសារតែទាមទារឱ្យមានការចងក្រងសហគមន៍ ជាជាងការដាំដុះមិនសមស្របតាមទីតាំងភូមិសាស្ត្រ ឬដាំដុះដាច់ដោយឡែកពីគ្នាឆ្ងាយៗពីគ្នាជាដើម ។ ជាមួយគ្នានោះផងដែរ ក្រសួងកសិកម្មក៏បានលើកទឹកចិត្តឱ្យកសិករចងក្រងជាសហគមន៍ ដើម្បីងាយស្រួលប្រកបអាជីវកម្ម និងការលក់ដូរ ។
ជាក់ស្តែងថ្មីៗនេះ បើតាមការឱ្យដឹងរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺសហគមន៍កសិកម្មទំនើបមួយកន្លែងចាប់ផ្តើមទទួលបាននូវផលចំណេញពីការចងក្រងសហគមន៍ និងឈានដល់ការចែករំលែកនូវភាគលាភដែលបានមកពីការលក់ផលិតផលកសិកម្មតាមទម្រង់ការចងក្រងសហគមន៍ផងដែរ។
បើតាមលោក ឃឹម ហ្វីណង់ ដែលបានចែករំលែកព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានអមនូវរូបថតជាច្រើនសន្លឹករបស់កសិករ និងរូបលោកផ្ទាល់កំពុងគណនាលេខលើចំណូល និងការគិតអំពីចំណេញ និងការចែកភាគលាភនោះ ឃើញថា កសិករដែលបានចងក្រងសហគមន៍ពិតជាទទួលបានផលចំណេញពិតប្រាកដមែន ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានសរសេរសារថា «ទីបំផុត សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» អាចបែងចែកភាគលាភជូនដល់សមាជិករបស់ខ្លួនជាលើកដំបូងបានហើយ បន្ទាប់ពីបានដាក់ឱ្យដំណើរការអស់រយៈពេល៣ខែរួចមក»។ អ្នកនាំពាក្យក្រសួងកសិកម្មបានបន្តថា «ទោះបីជាខែទី១មិនមានប្រាក់ចំណូល ហើយខែទី២ប្រាក់ចំណេញនៅទាបជាងការរំពឹងទុក តែប្រតិបត្តិការក្នុងខែទី៣បានបង្ហាញឱ្យឃើញថា សហគមន៍កំពុងឈានទៅចាប់យកប្រាក់ចំណេញទៅតាមផែនការអាជីវកម្មរបស់ខ្លួនជាបណ្តើរៗហើយ»។
លោក ឃឹម ហ្វីណង់ក៏បានបង្ហាញសុទិដ្ឋនិយមថា «លោក សង្ឃឹមថា សម្រាប់ការបែងចែកប្រាក់ភាគលាភជាលើកទី២នាចុងខែធ្នូខាងមុខនេះ សហគមន៍នឹងអាចសម្រេចបានតាមគោលដៅប្រាក់ចំណេញគ្រោងទុក ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សមាជិកនីមួយៗបានច្រើនជាងពេលដាំបន្លែរៀងៗខ្លួនជាលក្ខណៈគ្រួសារ»។ ក្រោយឃើញការបង្ហោះរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម អំពីការបែងចែកភាគលាភនៃ សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» នោះ ក៏មានកសិករខ្មែរផ្សេងទៀតបានចូលទៅសំណូមពរឱ្យខាងក្រសួងចុះទៅជួយបង្កើតសហគមន៍ទំនើបបែបនេះនៅខេត្តកំពង់ឆ្នាំងផងដែរ។
ជាការឆ្លើយតប លោក ឃឹម ហ្វីណង់ បានជម្រាបជូនកសិករថា «ការបង្កើតសហគមន៍កសិកម្មទំនើបទាមទារឱ្យមានតម្រូវការពីកសិករ ការស្ម័គ្រធ្វើការរួមគ្នា និងភាពសមស្របនៃទំហំ ទីតាំង និងប្រភេទដំណាំ។ គួរសិក្សាស្វែងយល់ជាមុនសិន»។
ងាកទៅអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនធំបានសាទរនូវអ្វីដែលផ្លែផ្ការបស់ សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ដោយបងប្អូនខ្លះបានពោលថា «នេះជាសញ្ញាណមួយយ៉ាងល្អ ដែលមន្ត្រីបានចុះផ្ទាល់ជាមួយប្រជាជន ហើយក៏សុំអោយក្រសួងផ្សេងៗ ចាប់ផ្តើមចុះជាមួយប្រជាជនអោយបានច្រើនកុំសំងំតែក្នុងការិយាល័យ ម៉ាស៊ីនត្រជាក់ ឬមកដើម្បីតែស្កេនមេដៃ ។ ដល់ពេលដែលយើងត្រូវកែប្រែ និងបោះចោលទម្លាប់ស្ពឹកស្រពន់របស់មន្ត្រីហើយ»។ ចុះប្រិយមិត្តអ្នកស្តាប់ យល់ថា ទឹកដីខេត្ត-ក្រុងរបស់អ្នកសមប្រកបនឹងការបង្កើតសហគមន៍ទំនើបកសិកម្មលើផលិតផលកសិកម្មអ្វីដែរ?
ចែករំលែកព័តមាននេះ