ទីក្រុងតៃប៉ិ៖ ទាហានស្ម័គ្រចិត្តរបស់តៃវ៉ាន់ដែលមានចិត្តសឿងគ្រាន់បើ ហ៊ានទៅច្បាំងទល់នឹងទាហានរុស្ស៊ីនៅអ៊ុយក្រែនបានស្លាប់ខ្លះៗហើយ។ កាលពីពេលថ្មីៗនេះ គេទទួលដំណឹងថាទាហានស្ម័គ្រចិត្តម្នាក់ទៀតហើយរបស់តៃវ៉ាន់បានស្លាប់នៅក្នុងសមរភូមិ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសតៃវ៉ាន់។ គាត់ជាសមាជិកក្រុមយុទ្ធជនបរទេសនៅអ៊ុយក្រែន។
ក្រសួងបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារសព ប៉ុន្តែមិនបានប្រកាសឈ្មោះរបស់គាត់ជាសាធារណៈទេ។ ក្រសួងថ្លែងបន្តទៀតថាខ្លួនបានទទួលដំណឹងនៃការស្លាប់របស់យុទ្ធជនរូបនេះកាលពីថ្ងៃសៅរ៍។ ក្រោយមក ការិយាល័យតំណាងរបស់តៃវ៉ាន់ប្រចាំប្រទេសប៉ូឡូញបានចុះទៅពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់ថាពិតជាបានស្លាប់មែន។
ក្រសួងចេញសេចក្ដីដោយសង្ខេបៗ និងមិនធ្វើអត្ថាធិប្បាយលម្អិតទេ។ នៅពេលសង្គ្រាមផ្ទុះឡើងថ្មីៗ ប្រមុខដឹកនាំអ៊ុយក្រែនបានអំពាវនាវឱ្យជនជាតិបរទេសដែលមានចំណាប់អារម្មណ៍ចង់ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ពួកគេអាចទៅបាន។ សារព័ត៌មានតៃវ៉ាន់ផ្សាយថាបុរសដែលពលីជីវិតនៅសមរភូមិអ៊ុយក្រែននោះឈ្មោះអ៊ូឆុងតា (Wu Chung-ta)។
គាត់ធ្លាប់ត្រូវរបួសជើងម្ដងហើយ ហើយបានជាសះស្បើយឡើងវិញ។ ក្រោយមក នៅខែកក្កដា ឆ្នាំ២០២៤ គាត់សម្រេចចិត្តវិលត្រឡប់ទៅអ៊ុយក្រែនវិញដើម្បីប្រយុទ្ធទល់នឹងទាហានរុស្ស៊ី។ គាត់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមុនពេលចេញដំណើរថាក្រុមគ្រួសាររបស់គាត់គាំទ្រគាត់យ៉ាងពេញទំហឹងនៅក្នុងការចេញទៅច្បាំងនៅអ៊ុយក្រែន។ អីចឹងហើយបានជាគាត់មានទឹកចិត្តមោះមុត ប្រយុទ្ធមិនខ្លាចស្លាប់។
អ្នកតំណាងរាស្ត្រតៃវ៉ាន់ម្នាក់ឈ្មោះភូម៉ា ស៊ឹន (Puma Shen) ដែលជាសមាជិកគណៈកម្មការការពារជាតិរបស់រដ្ឋសភាប្រាប់ថាសព្វថ្ងៃនេះមានយុទ្ធជនតៃវ៉ាន់ប្រមាណពីប្រាំទៅប្រាំមួយនាក់កំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ តៃវ៉ាន់បានបាត់បង់ទាហានស្ម័គ្រចិត្តជាលើកដំបូងរបស់ខ្លួននៅក្នុងសង្គ្រាមអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ