ទីក្រុងវ៉ាស៊ីនតោន៖ នៅបាំងតែថ្ងៃនេះ និងថ្ងៃស្អែកប៉ុណ្ណោះ ប្រទេសអាមេរិកនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីជាផ្លូវការ។ ដូច្នេះ បេក្ខជនរបស់គណបក្សទាំង២គឺលោកត្រាំ និងលោកស្រីហារីសកំពុងប្រញឹកដៃចុះឃោសនានៅទឹកផ្ដាច់ព្រ័ត្រនៃរដ្ឋសំខាន់ៗដែលកំណត់ភាពចាញ់-ឈ្នះរបស់ពួកគេ។ ថ្ងៃនេះ បេក្ខជនទាំង២ចុះឃោសនានៅរដ្ឋណតខារ៉ូឡាយណា (North Carolina)។
សម្រាប់លោកត្រាំ ការទទួលបានសំឡេងគាំទ្រកម្រិតណានៅរដ្ឋនេះនៅតែជាចំណោទសួរដ៏ធំ១។ នៅពេលអ្នកសារព័ត៌មានសួរថាហេតុអ្វី? អ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំមិនទាន់មានចម្លើយដ៏ប្រាកដប្រជានៅឡើយទេ។ បើសិនមានរដ្ឋណា១ធ្វើឱ្យលោកត្រាំធ្លាក់ទឹកបាននោះគឺរដ្ឋណតខារ៉ូឡាយណានេះតែម្ដង។ នេះជាចម្លើយតបរបស់អ្នករៀបចំយុទ្ធនាការឃោសនារបស់លោកត្រាំ។
ក្រុមអ្នករៀបចំយុទ្ធនាឃោសនារបស់លោកស្រីហារីសកាលពីជិត២សប្ដាហ៍មុនបារម្ភថាលោកស្រីអាចមិនសូវមានសង្ឃឹមឈ្នះនៅរដ្ឋនេះទេ។ ប៉ុន្តែពេលនេះ ពួកគេសម្លឹងឃើញថាកំពុងមានទឹកមាត់លេបវិញហើយ។ ដោយសារមិនសូវសង្ឃឹមឈ្នះឆ្នោតនៅរដ្ឋនេះ លោកត្រាំក៏បង្វែរទៅរដ្ឋ២ទៀតគឺវើជីននៀ (Virginia) និងញូម៉ិកស៊ីកូ (New Mexico) នៅថ្ងៃចុងបញ្ចប់នៃការឃោសនា។
ក៏ប៉ុន្តែលោកនៅតែមិនបោះបង់ចោលរដ្ឋណតខារ៉ូឡាយណាទាំងស្រុងទេ។ ទោះបីចុះទៅរដ្ឋណាផ្សេងក៏ដោយ ក៏លោកឆ្លៀតឆៀងចូលឃោសនានៅរដ្ឋណតខារ៉ូឡាយណាឱ្យបានតិចតួចជារៀងរាល់ថ្ងៃទៅទល់នឹងថ្ងៃបោះឆ្នោតតែម្ដង។ កាលពីថ្ងៃសៅរ៍ លោកចុះឃោសនានៅគ្រីនស្បូរ៉ូ និងហ្កាស់ស្តូនៀ (Greensboro & Gastonia) នៃរដ្ឋខារ៉ូឡាយណា និងឆ្លៀតឆៀងចូលឃោសនានៅរដ្ឋវើជីនៀនៅពេលលោកស្រីហារីសចុះឃោសនានៅទីក្រុងឆាឡូត (Charlotte) រដ្ឋណតខារ៉ូឡាយណា។
ក្រោយមក លោកត្រាំវិលទៅឃោសនានៅទីក្រុងឃីនស្តុន (Kinston) រដ្ឋណតខារ៉ូឡាយណា។ បន្ទាប់ពីនេះ លោកនឹងចុះឃោសនានៅទីក្រុងរ៉ាឡេក (Raleigh) រដ្ឋណតខារ៉ូឡាយណា។ ជំនួយការឃោសនាបោះឆ្នោតរបស់លោកស្រីហារីសរិះគន់លោកត្រាំតាមបណ្ដាញសង្គម។ ប៉ុន្តែលោកនៅតែបន្តចុះឃោសនានៅរដ្ឋណតខារ៉ូឡាយណាដោយមិនចេះនឿយណាយ។
ជោគវាសនា- អនាគតរបស់ប្រទេសជាតិយើងកំពុងស្ថិតនៅក្នុងដៃរបស់អ្នកទាំងអស់គ្នាហើយ។ យើងនឹងមានជ័យជម្នះនៅក្នុងរដ្ឋនេះ។ យើងនឹងមានជ័យជម្នះយ៉ាងធំធេង។ ខាងលើនេះជាអ្វីដែលលោកត្រាំថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅទីក្រុងហ្កាស់ស្តូនៀ (Gastonia) កាលពីថ្ងៃសៅរ៍។ មិនខុសពីរដ្ឋសំខាន់ៗដទៃទៀតនោះទេ លទ្ធផលស្ទង់មតិជាទូទៅនៅរដ្ឋណតខារ៉ូឡាយណាក៏អាចនឹងមានចំណុចខុសឆ្គងខ្លះដែរ ដែលជាហេតុធ្វើឱ្យលោកត្រាំមានប្រៀបជាងលោកស្រីហារីសបន្តិចបន្តួច។
ចរន្តនយោបាយចាប់ផ្ដើមផ្លាស់ប្ដូរទិសដៅយ៉ាងលឿននៅរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតបន្ទាប់ពីមានព្រឹត្តិការណ៍ខ្យល់ព្យុះហេឡេន (Helene) វាយសង្គ្រប់រដ្ឋណតខារ៉ូឡាយណាខាងលិច និងបានបំផ្លិចបំផ្លាញទីក្រុងនេះទាំងស្រុង។ មិនតែប៉ុណ្ណោះបានបង្ខំឱ្យប្រជាជនចាកចោលផ្ទះសម្បែងរបស់ខ្លួន ជាពិសេសអ្នករស់នៅតំបន់ជនបទរងគ្រោះខ្លាំងជាងគេ។ ក្រោយមក មានការផ្សព្វផ្សាយព័ត៌មានប្រឌិតយ៉ាងផុលផុសដោយលោកត្រាំ និងក្រុមលោកត្រាំ។ ការផ្សព្វផ្សានោះមានឥទ្ធិពលខ្លាំងពេកទៅលើផ្នត់គំនិតរបស់មនុស្សដល់ថ្នាក់គណបក្សប្រជាធិបតេយ្យយល់ថាខ្លួនពិបាកនឹងឈ្នះឆ្នោតនៅរដ្ឋនេះ។
ប៉ុន្តែនៅដំណាក់កាលចុងក្រោយនេះ លោកស្រីហារីសនៅតែមិនទាន់បោះបង់ក្ដីសង្ឃឹមមុនពេលប្រកួតនោះឡើយ។ បើទុកជាលោកស្រីចាញ់ឆ្នោតនៅណតខារ៉ូឡាយណា ក៏លោកត្រាំមិនប្រាកដជាឈ្នះដាច់នោះដែរ។ មានន័យថាឈ្នះលក្ខណៈប្រដំប្រសងគ្នា។ ប៉ុន្តែបើលោកស្រីអាចឈ្នះឆ្នោតនៅរដ្ឋនេះ មានន័យថាលោកស្រីអាចនឹងទប់ស្កាត់លោកត្រាំមិនឱ្យឈោងចាប់ជ័យជម្នះនៅទូទាំងប្រទេស។ ប៉ុន្តែមុននឹងទប់ស្កាត់បានលុះត្រាតែលោកស្រីឈ្នះឆ្នោតនៅរដ្ឋផឹនស៊ីលវេនៀផងដែរ។
ផឹនស៊ីលវេនៀជារដ្ឋសំខាន់ខ្លាំងដល់ថ្នាក់បេក្ខជនប្រធានាធិបតីទាំង២ចុះឃោសនាច្រើនជាងកន្លែងដទៃទៀត។ បើលោកស្រីចាញ់ឆ្នោតនៅរដ្ឋផឹនស៊ីលវេនៀគឺចប់ហើយ។ បើទុកជាលោកស្រីឈ្នះនៅរដ្ឋវីសខន់ស៊ីន, មីស៊ីហ្គែន (Wisconsin, Michigan) ឬណតខារ៉ូឡាយណាក៏ជាការឥតប្រយោជន៍ដែរព្រោះមិនទទួលបានអង្គបោះឆ្នោតគ្រប់២៧០ដើម្បីក្លាយជាប្រធានាធិបតី។
ភាពចាញ់-ឈ្នះរវាងលោកត្រាំ និងលោកស្រីហារីសនៅតែមិនទាន់ដាច់ស្រេចនៅឡើយទេ។ លទ្ធផលស្ទង់មតិនៅផឹនស៊ីលវេនៀបង្ហាញថាអ្នកទាំង២ទទួលបានសំឡេងប្រហាក់ប្រហែលគ្នា។ ការបោះឆ្នោតមាន២ផ្នែក។ ទី១-សំឡេងឆ្នោតប្រជាប្រិយ(popular vote) ដែលគេចាត់ទុកជាសន្លឹកឆ្នោតមិនសំខាន់ទេ ទី២-ចំនួនអង្គបោះឆ្នោត (electoral vote) នៅតាមរដ្ឋនីមួយៗ។
អង្គបោះឆ្នោតនេះទើបជាកត្តាសំខាន់ដែលកំណត់ភាពចាញ់-ឈ្នះរបស់បេក្ខជននីមួយៗ។ កាលពីពេលបោះឆ្នោតឆ្នាំ២០១៦ លោកស្រីហ៊ីឡារីទទួលបានសំឡេងឆ្នោតប្រជាប្រិយ៦៥,៨លានសន្លឹក ចំណែកលោកត្រាំទទួលបាន៦២,៩លានសន្លឹក។ មានន័យថាលោកស្រីហ៊ីឡារីឈ្នះឆ្នោតប្រជាប្រិយទូទាំងប្រទេស។ ប៉ុន្តែលោកត្រាំទទួលបាន៣០៦អង្គបោះឆ្នោត ខណៈដែលលោកស្រីហ៊ីឡារីទទួលបាន២៣២អង្គបោះឆ្នោត។ ដូច្នេះ អ្នកដែលត្រូវធ្វើប្រធានាធិបតីគឺលោកត្រាំ៕
ចែករំលែកព័តមាននេះ