ទីក្រុងកៀវ៖ បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់ជាច្រើនថ្ងៃក្រោយពេលសារព័ត៌មានចុះផ្សាយព្រោងព្រាតពាក់ព័ន្ធនឹងទាហានកូរ៉េខាងជើងនៅរុស្ស៊ី ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្មីៗនេះបានចេញមកនិយាយពន្លះក្រុមសម្ព័ន្ធមិត្តមួយរយៗ។ លោកយល់ថាពួកគេមិនបានចាត់វិធានការឆ្លើយតបទាល់តែសោះ យ៉ាងខ្លាំងបានត្រឹមតែរអ៊ូរទាំ ឬសម្ដែងការព្រួយបារម្ភ។
មេដឹកនាំអ៊ុយក្រែនរូបនេះយល់ថាបើបណ្ដោយបែបនេះតទៅទៀតមិនកើតទេ។ ធ្វើអីចឹងដូចឱ្យលោកពូទីនកាន់តែបានដៃ និងឡើងចាងកាន់តែខ្លាំង។ នៅក្នុងបទសម្ភាស១ លោកហ្សេឡិនស្គីជឿជាក់ថារដ្ឋាភិបាលទីក្រុងម៉ូស្គូទំនងជាបានទទួលយកក្រុមវិស្វករយោធាកូរ៉េខាងជើង រួមជាមួយជនស៊ីវិលដើម្បីបម្រើការនៅក្នុងរោងចក្រផលិតគ្រឿងបរិក្ខារយោធារបស់រុស្ស៊ី។
លោកថ្លែងថាឥឡូវនេះ លោកពូទីនកំពុងសង្កេតមើលជំហររបស់ក្រុមបស្ចិមប្រទេស។ លោកជឿជាក់ថានៅពេលមើលការបញ្ចេញប្រតិកម្មនេះរួចហើយ បើបញ្ចេញប្រតិកម្មខ្សោយៗ ធម្មតាៗទេ លោកពូទីននឹងចាប់ផ្ដើមធ្វើខ្លាំងជាមិនខាន។ យ៉ាងហោចណាស់គួរបញ្ចេញប្រតិកម្មខ្លះទោះបីតិច ឬច្រើនក៏អស់ចិត្តដែរ។ ប៉ុន្តែជាក់ស្ដែងគឺស្ងាត់ឈឹងរហូតដល់ចំណុចសូន្យ។
តាំងពីថ្ងៃទី១៣ ខែតុលា លោកហ្សេឡិនស្គីចាប់ផ្ដើមព្រមានអំពីករណីដែលរបបក្រុងព្យុងយ៉ាងបញ្ជូនកងទ័ពទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមបស្ចិមប្រទេសបានត្រឹមតែប្រកាសជូនដំណឹងថាទង្វើរបស់កូរ៉េខាងជើងនេះអាចនឹងធ្វើឱ្យសង្គ្រាមផ្ទុះឡើងកាន់តែខ្លាំង។ ប៉ុន្តែសម្រេចសម្រួចនៅទីបញ្ចប់ ពួកគេ (បស្ចិមប្រទេស) គ្មានបានប្រកាសដាក់ចេញវិធានការឆ្លើយតបប្រកបដោយជំហានហ្មត់ចត់ ឬក៏ប្រកាសឱ្យពិភពលោកដឹងថាពួកគេនឹងធ្វើបែបណានោះទេ។
នៅក្នុងបញ្ហាកូរ៉េខាងជើងបញ្ជូនទ័ពទៅរុស្ស៊ីនេះ កូរ៉េខាងត្បូងខ្នះខ្នែងខ្លាំងជាងគេ។ ពួកគេចែករំលែកព័ត៌មានសម្ងាត់ និងពង្រីកកិច្ចសហការជាមួយប្រទេសជាដៃគូ ឬសម្ព័ន្ធមិត្ត។ ទីក្រុងសេអ៊ូលថែមទាំងពិចារណាថានឹងបញ្ជូនក្រុមអ្នកសង្កេតការណ៍យោធាទៅអ៊ុយក្រែនដើម្បីបញ្ជាក់ឱ្យបានច្បាស់។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង។
នៅក្នុងអត្ថបទដែលថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ៊ុយក្រែនបានដៅឈ្មោះឧត្ដមសេនីយ៍យោធាកូរ៉េខាងជើងបីនាក់ដែលដឹកនាំកម្លាំងរាប់ពាន់នាក់ចុះទៅតំបន់ខឺស និងអ៊ុយក្រែនខាងកើត។ រហូតមកដល់ពេលនេះ រុស្ស៊ីមិនប្រកែកទេករណីទាហានកូរ៉េខាងជើងទៅដល់ទឹកដីរុស្ស៊ី។ ចំណែកកូរ៉េខាងជើងមុនដំបូងខំនិយាយដោះសារថាគ្មានទេ។ ប៉ុន្តែក្រោយមកនិយាយបែបន័យផ្សេងថាបើទុកជាខ្លួនបញ្ជូនទ័ពទៅរុស្ស៊ីក៏ធ្វើឡើងស្របតាមច្បាប់អន្តរជាតិ។
ឯកអគ្គរដ្ឋទូតរងរបស់អាមេរិកប្រចាំអង្គការសហប្រជាជាតិ លោករ៉ូបឺត វូត (Robert Wood) ថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខរបស់ UN ថារដ្ឋាភិបាលរបស់លោកទទួលបានព័ត៌មានថាទាហានកូរ៉េខាងជើង៨ពាន់នាក់បានបញ្ជូនទៅដល់តំបន់ខឺសភាគខាងត្បូងរួចហើយ។ ទីនេះត្រូវអ៊ុយក្រែនវាយឆ្មក់កាលពីខែសីហា និងបន្តកាន់កាប់ទឹកដី១ចំណែករហូតដល់សព្វថ្ងៃ។
ងាកមកលោកហ្សេឡិនស្គីវិញម្ដង លោកសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញប្រទេសចិនរក្សាភាពស្ងៀមស្ងាត់ទាំងស្រុងក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក។ លោកហ្សេឡិនស្គីថ្លែងថាលោកមានព័ត៌មានច្បាស់ការណ៍ដែលថារុស្ស៊ីពិតជាបានអនុញ្ញាតឱ្យបញ្ជូនទាហានកូរ៉េខាងជើងឡើងសមរភូមិផ្ទាល់នៅភាគខាងលិច។
ការបំផ្លោងវោហារសាស្ត្ររបស់លោកហ្សេឡិនស្គីជាសញ្ញាបង្ហាញថាអ៊ុយក្រែនកំពុងមួរម៉ៅចំពោះជំហររបស់បស្ចិមប្រទេសដែលប្រៀបបាននឹងភ្លៀងរលឹម។ ពួកគេជួយអ៊ុយក្រែនមិនទាន់សភាពការណ៍នៅពេលរុស្ស៊ីកំពុងតែមានប្រៀប និងមានកងទ័ពបរទេសជួយច្បាំងថែមទៀត។ លោកកំពុងរង់ចាំអ៊ុតលទ្ធផលបោះឆ្នោតនៅអាមេរិកយ៉ាងអន្ទះសា។ បើលោកស្រីហារីសឈ្នះឆ្នោតអាចមានទឹកមាត់លេបបន្តិច។ ប៉ុន្តែបើជ័យជម្នះធ្លាក់ទៅក្នុងដៃរបស់លោកត្រាំវិញគឺអ្វីៗនឹងប្រែប្រួលផ្សេងពីនេះ៕
ចែករំលែកព័តមាននេះ