ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​កំពុង​ដេក​បន់​ព្រះ​សំពះ​ទេវតា​ឱ្យ​លោក​ត្រាំ​ចាញ់​ឆ្នោត​នៅ​អាណត្តិ​ថ្មី

21 ម៉ោង មុន

ទី​ក្រុង​តេអេរ៉ង់៖ ​ថ្នាក់​ដឹក​នាំ​អ៊ីរ៉ង់​តាម​ដឹង​មក​ថា​កំពុង​​បន់​ព្រះ​សំពះ​ទេវតា​ដើម្បី​​​កុំ​ឱ្យ​លោក​ត្រាំ​មាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​​ឱ្យ​សោះ​។ មិន​ត្រឹម​តែ​អ៊ីរ៉ង់​ទេ ​សូម្បី​តែ​សម្ព័ន្ធ​មិត្ត​របស់​អ៊ីរ៉ង់​ក៏​ប្រាថ្នា​ឱ្យ​លោក​ត្រាំ​ចាញ់​​ឆ្នោត​ដែរ​​ព្រោះ​​ពួក​គេ​បារម្ភ​ថា​បើ​លោក​​​ត្រឡប់​មក​សេត​វិមាន​សា​ជា​ថ្មី​ លោក​នឹង​កាន់​ជើង​អ៊ី​ស្រា​អែល​យ៉ាង​ពេញ​ទំហឹង​។ បើ​ដូច្នេះ​មែន អ៊ីស្រាអែល​នឹង​​​វាយ​ប្រហារ​​តំបន់​ហ្កាហ្សា​, ​លីបង់​ និង​​​កន្លែង​ដទៃ​ទៀត​​កាន់​តែ​ខ្លាំង​។…

ទី​ក្រុង​តេអេរ៉ង់៖ ​ថ្នាក់​ដឹក​នាំ​អ៊ីរ៉ង់​តាម​ដឹង​មក​ថា​កំពុង​​បន់​ព្រះ​សំពះ​ទេវតា​ដើម្បី​​​កុំ​ឱ្យ​លោក​ត្រាំ​មាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​​ឱ្យ​សោះ​។ មិន​ត្រឹម​តែ​អ៊ីរ៉ង់​ទេ ​សូម្បី​តែ​សម្ព័ន្ធ​មិត្ត​របស់​អ៊ីរ៉ង់​ក៏​ប្រាថ្នា​ឱ្យ​លោក​ត្រាំ​ចាញ់​​ឆ្នោត​ដែរ​​ព្រោះ​​ពួក​គេ​បារម្ភ​ថា​បើ​លោក​​​ត្រឡប់​មក​សេត​វិមាន​សា​ជា​ថ្មី​ លោក​នឹង​កាន់​ជើង​អ៊ី​ស្រា​អែល​យ៉ាង​ពេញ​ទំហឹង​។

បើ​ដូច្នេះ​មែន អ៊ីស្រាអែល​នឹង​​​វាយ​ប្រហារ​​តំបន់​ហ្កាហ្សា​, ​លីបង់​ និង​​​កន្លែង​ដទៃ​ទៀត​​កាន់​តែ​ខ្លាំង​។ ​លទ្ធ​ផល​ស្ទង់​មតិ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​លោក​ត្រាំ និ​ងលោក​ស្រី​ហារីស​ទទួល​បាន​សំឡេង​ប្រហាក់​ប្រហែល​គ្នា​។ មាន​ន័យ​ថា​ពិបាក​នឹង​ព្យាករ​ដឹង​ថា​តើ​នរណា​នឹង​មាន​ជ័យ​ជម្នះ​នៅ​ក្នុងការ​បោះ​ឆ្នោ​តលើក​នេះ​។ ពេល​ខ្លះ​​លោក​ត្រាំ​ទទួល​បាន​សំឡេង​តិច​ជាង​លោក​ស្រី​ហារីស​​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ថ្នាក់​ដឹក​នាំ​អ៊ីរ៉ង់​ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំក្រុម​ប្រទេស​នៅ​​តំបន់​មជ្ឈិម​បូព៌ា​ដូច​ជា​លីបង់​, អ៊ីរ៉ាក់ និង​យេម៉ែន​ជា​ដើម​នៅ​តែ​មិន​ទាន់​ស្ងប់​ចិត្ត​ និង​ជឿ​ជាក់​ត្រឹម​តែ​លទ្ធ​ផល​ស្ទង់​មតិ​ទេ​។ ពួកគេ​រង់​ចាំ​អ៊ុត​លទ្ធ​ផល​បោះ​ឆ្នោត​ជាក់​ស្ដែង​តែ​ម្ដង​ទើបដឹង​​ច្បាស់​ជាង​។ ពួក​គេ​នៅ​តែ​បារម្ភ​ថា​លោក​ត្រាំ​អាច​នឹង​ឈ្នះ​ឆ្នោត​ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ឈឺ​ក្បាល​សា​ជា​ថ្មី​។​

​កង្វល់​ដ៏​ធំ​បំផុត​របស់​អ៊ីរ៉ង់​នៅ​ត្រង់​ថា​បើ​​លោក​ត្រាំ​ឡើង​មក​កាន់​អំណាចវិញ​ ​គាត់​នឹង​កាន់​ជើង​លោក​ណឺតាន់​យ៉ាហ៊ូ​យ៉ាង​ប្ដូរ​ផ្ដាច់​​​។ ហេតុ​នេះ​ លោក​ណឺតាន់​យ៉ាហ៊ូ​កាន់​តែ​​បាន​ចិត្ត​ ហើយ​កាន់​តែ​ជិះ​សេះ​លែង​ដៃ​។ គាត់​អាច​នឹង​​វាយ​ប្រហារ​ទី​តាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​, អាច​នឹង​ដាក់​ផែន​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​ចលនា​ប្រឆាំង​នឹង​អ៊ីស្រាអែល​ ហើយ​អាច​នឹង​ដាក់​សម្ពាធ​ខ្លាំង​បំផុត​​​ទៅ​លើ​ផលិត​កម្ម​ប្រេង​ឆៅ​។ ​​នេះ​ជា​ការ​អះ​អាង​របស់​មន្ត្រី​អ៊ីរ៉ង់​ អារ៉ាប់ និង​លោក​ខាង​លិច​។ ពួក​គេ​សុទ្ធ​តែ​និយាយ​ដូច​ៗ​គ្នា​។

ពួក​គេ​ទស្សន៍​ទាយ​ថា​លោក​ត្រាំ​នឹង​គាប​សង្កត់​អគ្គ​មគ្គុទ្ទេស​ក៍​អ៊ីរ៉ង់ ​​លោក​អាចារ្យ​អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ត្រូវ​តែ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​តាម​ការ​ចង់​បាន​របស់​លោក​ត្រាំ និង​អ៊ីស្រាអែល​។​ ​​បើ​នយោបាយ​ជាតិ​របស់​អាមេរិក​​ប្រែ​ប្រួល​​​​​ ​សភាព​ការណ៍​​នៅ​មជ្ឈិម​បូព៌ា​ក៏​​​ប្រែ​ប្រួល​ ដូច្នេះ​​ធ្វើ​ឱ្យ​បាត់​បង់​តុល្យ​ភាព​អំណាច​ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​អ៊ីរ៉ង់​​កែ​សម្រួល​នយោ​បាយ​ការ​បរទេស​របស់​ខ្លួន​ឡើង​វិញ។ សូម្បី​តែ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​អ៊ីរ៉ង់​ក៏​ត្រូវ​ប្រែ​ប្រួល​ផង​ដែរ​​។​

​ក្រុម​អ្នក​វិភាគ​យល់​ថា​ទោះ​បី​លោក​ស្រី​ហារីស​ ឬ​លោក​ត្រាំ​ឡើង​មក​កាន់​អំណាច​នៅ​អាណត្តិ​ថ្មី​មិន​សំខាន់​ទេ​។ អ្វី​ដែល​សំខាន់​គឺ​ថា​អ៊ីរ៉ង់​គ្មាន​គីឡូ​សម្រាប់​ហក់​នៅ​លើ​ឆាក​អន្តរ​ជាតិ​ត​ទៅ​ទៀត​​ទេ​ព្រោះ​​​អ៊ីស្រាអែលបាន​​វាយ​បំបាក់​ធ្មុង​ក្រុម​ចលនា​ប្រដាប់​អាវុធ​ដែល​ជា​កូន​ចៅ​របស់​អ៊ីរ៉ង់​ឡើង​ទ្រម​ខ្លួន​គ្រប់​គ្នា​ទៅ​ហើយ​នោះ​។ ឧទាហរណ៍ ក្រុម​​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា និងក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​។ នៅ​ពេល​ខ្លះ​ អ៊ីស្រាអែល​តាម​វាយ​កូន​ចៅ​អ៊ីរ៉ង់​ដល់​ប្រទេស​អ៊ីរ៉ាក់ ឬ​ស៊ីរី​ថែម​ទៀត​។​

​មេ​ដឹក​នាំ​អាមេរិក​រូប​ណា​ក៏​មិន​ល្អ​ដែរ​នៅ​ក្នុង​ក្រសែ​ភ្នែក​អ៊ីរ៉ង់ ប៉ុន្តែ​ហោច​ណាស់​​អ៊ីរ៉ង់​ចង់​ឃើញ​​​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​កាន់​អំណាច​នៅ​អាមេរិក​​​​ព្រោះ​បក្ស​នេះ​​មាន​នយោបាយ​ស្រទន់ ហើយ​មិន​ចង់​​ប្រើ​ដៃ​ធ្ងន់​ដាក់​បច្ចា​មិត្ត​របស់​ខ្លួន​ទេ​។ អ្នក​វិភាគ​យល់​ថា​ចំណុច​ដែល​អ៊ីរ៉ង់​មិន​ចង់​ឃើញ​លោក​ត្រាំ​ឡើង​កាន់​អំណាច​ដោយ​សារ​លោក​គាំទ្រ​​អ៊ីស្រាអែល​ខ្លាំង​ពេក​។

អ្នក​វិភាគ​ម្នាក់​ឈ្មោះ​អាប់​ដេ​ឡាស៊ីស អាល់​សាហ្គើ (Abdelaziz al-Sagher) ជា​ប្រធាន​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​នៅ​តំបន់​ឈូង​សមុទ្រ​យល់​ថា​លោក​ត្រាំ​នឹង​ប្រើ​កណ្ដាប់​ដៃ​ដែក​គាប​សង្កត់​អ៊ីរ៉ង់​ឱ្យ​ធ្វើ​តាម​លក្ខ​ខណ្ឌ​របស់​គាត់​។ បើ​មិន​ដូច្នោះ​ទេ​ គាត់​​នឹង​បើក​ដៃ​ឱ្យ​អ៊ីស្រាអែល​វាយ​ប្រហារ​ទី​តាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ ចាំ​តែ​មើល​ចុះ គាត់​ (លោក​ត្រាំ) នឹង​បើក​ដៃ​ឱ្យ​អ៊ីស្រា​អែល​វាយ​ប្រហារ​អ៊ីរ៉ង់​តាម​អំពើ​ចិត្ត​ជា​មិន​ខាន​ឡើយ​។ តាម​ពិត​ លោក​ណឺតាន់​យ៉ាហ៊ូ​សព្វ​ថ្ងៃ​នេះ​ក៏​ចង់​ឃើញ​លោក​ត្រាំ​វិល​ទៅ​សេត​វិមាន​​​ផង​ដែរ​​។ ផ្ទុយ​ទៅ​វិញ លោក​ហ្សេឡិនស្គី ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន បែរ​ជា​ដេក​ភ័យ​ទៅ​វិញ​បើ​​​លោក​ត្រាំ​ឈ្នះ​ឆ្នោត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ