កម្ពុជាស្ថិតនៅជួរមុខ នៃការអភិរក្សប្រភេទសត្វត្រយង ក្នុងពិភពលោក
រាជធានីភ្នំពេញ ៖ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា…
រាជធានីភ្នំពេញ ៖ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា…
រាជធានីភ្នំពេញ ៖ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា កម្ពុជាបានស្ថិតនៅជួរមុខ នៃការអភិរក្សប្រភេទសត្វត្រយង បើធៀបនឹងប្រទេសក្នុងពិភពលោក ។
របាយការណ៍ចេញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni) ។
របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗ ដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្ស ប្រភេទសត្វ ដែលជានិមិត្តរូបទាំងពីរនេះ ក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។
នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាន នូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យ ជាលើកដំបូង សម្រាប់កម្ពុជា ក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើន ជាង៤០សំបុក ។
របាយការណ៍បានលើកឡើងថា ចំនួនសំបុកសត្វត្រយងយក្ស ដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ ។
ការធ្វើជំរឿនថ្នាក់ជាតិ បានបញ្ជាក់បន្ថែមពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង៨៧ ទៅ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះ បញ្ចាក់អំពីសមិទ្ធផលសម្រេចដ៏ធំ នៃការងារអភិរក្ស នាពេលកន្លងមក ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ៖ «ប្រទេសកម្ពុជា ស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើន នៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុត នៅក្នុងពិភពលោក។ នេះជាភាពជោគជ័យ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់ នៅក្នុងតំបន់ការពារធម្មជាតិ» ។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ និងអង្គការដៃគូអភិរក្សចាំបាច់ណាស់ បន្តការចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេសធានាថា សត្វស្លាបដែលជានិមិត្តរូបទាំងនេះ ត្រូវបានការពារពីការវិនាសផុតពូជ។
នៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាន នៃប្រទេសកម្ពុជា រួមមាន៖ ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំង ដែលកំពុងមានសកម្មភាពអង្កេតតាមដាន សង្គ្រោះ និងការពារនៅក្នុងធម្មជាតិ ។
ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា បានបញ្ជាក់ថា ៖ «កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជាក្នុងឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្កាត់ពូជសត្វត្រយងចង្កំកស ដោយជោគជ័យ ដែលនេះជាប្រវត្តិសាស្ត្រនៃការសម្រេចបាននឹងកំពុងដំណើរការបន្តយ៉ាងល្អ ។
ភាពជោគជ័យនេះ បង្ហាញពីតួនាទីដ៏សំខាន់ នៃកម្មភាពអភិរក្សនៅក្រៅទីជម្រកធម្មជាតិក្នុងការលើកកម្ពស់ការរស់រានមានជីវិតនៃប្រភេទសត្វជិតផុតពូជទាំងនេះ និងបញ្ជាក់អំពីតម្រូវការអភិរក្សរបៀបនេះបន្តទៀត។ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាត្រូវបានបង្កើតឡើង ដើម្បីប្រមូលធនធាន និងបង្កើនកិច្ចសហការណ៍លើការងារអភិរក្សសត្វត្រយងជិតផុតពូជទាំងពីរប្រភេទនេះ ក្រុមការងារយើងពឹងផ្អែកលើរបាយការណ៍ នៃការអភិរក្សសត្វត្រយងថ្នាក់ជាតិប្រចាំឆ្នាំនេះដើម្បីតាមដានវឌ្ឍនភាព នៃការអភិរក្សឆ្លើយតបទៅនឹងផែនការសកម្មភាពអភិរក្សសត្វត្រយងដែលបានដាក់ចេញ។ លទ្ធផលដែលបានបង្ហាញក្នុងរបាយការណ៍ដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្លែផ្កា នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមការងារយើង ក្នុងការអភិរក្ស និងការពារទីជម្រករបស់ពួកវាបន្តទៀតដើម្បីធានាវត្តមានរបស់ពួកវានៅក្នុងប្រទេសកម្ពុជា»។
សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។ សត្វត្រយងយក្សដែលមានចំនួនតិចជាង ២០០ក្បាល នៅទូទាំងពិភពលោកត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ខណៈសត្វត្រយងចង្កំកស បាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត ៕
ចែករំលែកព័តមាននេះ