តើលោកអ្នកបានដឹងអ្វីខ្លះពីកាសែតកោះសន្តិភាព? នៅក្នុងយុគ្គសម័យឌីជីថលនៃសតវត្សរ៍ទី២១ កាសែតជាច្រើននៅប្រទេសកម្ពុជាបានបញ្ឈប់ការបោះពុម្ភផ្សាយជាបន្តបន្ទាប់ ។ យ៉ាងណាមិញ សម្រាប់កាសែតកោះសន្តិភាព ដែលជាកាសែតមួយមានវ័យចំណាស់ជាងគេនៅប្រទេសកម្ពុជានៅឈរជើងយ៉ាងរឹងមាំ ជាកាសែតបោះពុម្ពផ្សាយដ៏មានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ និងទទួលបានការគាំទ្រពីសំណាក់អ្នកអានគ្រប់ទិសទី។
កោះសន្តិភាពដែលបានក្លាយទៅជាកាសែត ដែលមានអ្នកអានច្រើនបំផុតនៅក្នុងប្រទេស ដោយសារតែដំណឹងថ្មីៗរបស់ខ្លួនលើរឿងឧក្រិដ្ឋកម្ម ព្រឹត្តិការណ៍សន្តិសុខសង្គម និងនយោបាយ ក៏បានប្រែមុខមាត់ថ្មីបន្ថែមទៀតទៅលើការផលិតមាតិកាសម្រាប់ការបោះពុម្ពផ្សាយ ។
អ្វីដែលកាន់តែអស្ចារ្យនាពេលបច្ចុប្បន្ននេះ មាតិកាដែលត្រូវបានបោះពុម្ភផ្សាយលើទំព័រកាសែតកោះសន្តិភាពជារឿងរាល់ថ្ងៃ កាន់តែសម្បូរបែប ជាប្រភេទអត្ថបទស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ រួមមានអត្ថបទវិភាគស៊ីជម្រៅអំពីព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិ អត្ថបទបរិយាយអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច និងចំណេះអំពីការគ្រប់គ្រងហិរញ្ញវត្ថុជាដើម ជាមួយនឹងចំនួនបោះពុម្ភផ្សាយប្រមាណជាង៥ពាន់ច្បាប់ក្នុងមួយថ្ងៃ ។
កាសែតកោះសន្តិភាពមានចក្ខុវិស័យច្បាស់លាស់ គឺជាសារព័ត៌មានដែលផ្សព្វផ្សាយដំណឹងគ្រប់ជ្រុងជ្រោយជូនសាធារណជន ។ កាសែតកោះសន្តិភាព មានបេសកម្មជាក់លាក់ គឺជាកាសែតដែលមានកិត្តិនាមល្អបំផុតក្នុងការផ្តល់មាតិកាព័ត៌មាន ដែលមានគុណភាព ដោយបន្ថែមនូវគុណតម្លៃដល់សង្គម ព្រោះជាមាតិកាព័ត៌មានដែលអាចជឿទុកចិត្តបាន មាតិកាដែលមានខ្លឹមសារពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗនិងទាន់ហេតុការណ៍ ។
សូមរំលឹកថា កាសែតប្រចាំថ្ងៃកោះសន្តិភាពត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៧ ។ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម កាសែតកោះសន្តិភាពត្រូវបានគេអនុញ្ញាតឱ្យបោះពុម្ពផ្សាយឡើងវិញ នៅក្នុងឆ្នាំ១៩៩៣ ដោយក្រសួងព័ត៌មាន ។
កោះសន្តិភាព គឺជាកាសែតប្រចាំថ្ងៃដែលពេញនិយមបំផុតនៅកម្ពុជា និងជាកាសែតបោះពុម្ពតែមួយគត់ដែលកំពុងបម្រើទស្សនិកជន ។ តើលោកអ្នកបានដឹងអ្វីខ្លះពីកាសែតកោះសន្តិភាព? ហេតុអ្វីកាសែតកោះសន្តិភាពនៅបន្តឈរជើងយ៉ាងខ្លាំងក្លាជាកាសែតបោះពុម្ពផ្សាយនៅសម័យកាលឌីជីថលនេះ? អ្នកខ្លាំង អានកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ