រាជធានីភ្នំពេញ ៖ អគ្នស្នងការនគបាលជាតិ បានបញ្ជាក់ឲ្យដឹងថា យុវជនជនជាតិកូរ៉េខាងត្បូង មួយរូប មានឈ្មោះ CHOI TAEWON នឹងត្រូវធ្វើលិខិតបណ្តេញចេញពីប្រទេសកម្ពុជា និងហាមមិនឲ្យចូលសារជាថ្មីម្តងទៀតឡើយ ។
ការបញ្ជាក់របស់អគ្គស្នងកានគបាលជាតិនេះ បន្ទាប់ពីក្រុមគ្រួសារយុវជនខាងលើនេះ បានប្រកាស និងអះអាងថា ត្រូវបានបង្ខាំង នៅទីតាំងមួយកន្លែង នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ប៉ុន្តែនៅពេលសមត្ថកិច្ចស្រាវជ្រាវរកឃើញ មិនដូចជាការលើកឡើងរបស់ក្រុមគ្រួសារនោះទេ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគបាលជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋានគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន ជ្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រចាំបញ្ជា អគ្គស្នងការដ្ឋាននគរបាលជាតិ ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉េខាងត្បូង មួយរូប ឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវបានបង្ខាំង នៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរកបុគ្គលខាងលើ តាមព័ត៌មាន ដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញ កំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះ ដោយអំពើបង្ខាំង ឬរង នូវទារុណកម្មណាមួយនោះឡើយ ។
តាមការបំភ្លឺ CHOI TAEWON មានគោលបំណងមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដែលទទួលបានប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារ នៅទីតាំងខាងលើ រួមជាមួយកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាព ដើរហើរពេញលេញជាធម្មតា។ ចំពោះមូលហេតុ ដែលនាំឲ្យគ្រួសារ ស្នើសុំអន្តរាគមន៍មកមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមកពីរូបគេ មិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការម្យ៉ាងករណីស្នើសុំអន្តរាគមន៍ ពីសំណាក់គ្រួសារនេះ រូបគេ ក៏មិនបានដឹង ផងដែរ ។
អគ្គស្នងការនគបាលជាតិ បានបញ្ជាក់ថា ៖ «ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មាន ដែលទទួលបាន ករណីនេះ ពុំមានសញ្ញាណ នៃការបង្ខាំងមនុស្សដោយខុសច្បាប់ ឬធ្វើទារុ.ណកម្មដូចអ្វី ដែលម្តាយរបស់សាមីខ្លួន បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីស្នើសុំជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញសាមីខ្លួន ក៏នៅមានការលាក់បាំង មិនសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានលម្អិតអំពីដំណើរមកដល់កម្ពុជា ការស្វែងរកការងារធ្វើ និងមូលហេតុ នៃការផ្តល់ព័ត៌មានអំពីទីកន្លែង ដែលខ្លួនធ្វើការទៅក្រុមគ្រួសារ រហូតឈានដល់បង្កើតឲ្យមានសំណើសុំអន្តរាគមន៍ពីសំណាក់គ្រួសារដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិត បង្កឲ្យមានការភ័ន្តច្រឡំពីមតិសាធារណជនជាតិ និងអន្តរជាតិ» ។
អគ្គស្នងការបានលើកឡើងថា ករណីនេះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទ បណ្តេញពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនឲ្យចូលសារជាថ្មីម្តងទៀតនោះទេ ៕
ចែករំលែកព័តមាននេះ