រាជធានីភ្នំពេញ ៖ ស្របគ្នាដែលគ្រឹះស្ថានសិក្សាសាធារណៈនានា នៅព្រឹកថ្ងៃទី១ វិច្ឆិកា ២០២៤ អបអរសាទរថ្ងៃបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ សាលាបឋមសិក្សាជ័យជំនះ ដែលមានទីតាំងស្ថិតក្នុងភូមិ៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ក្រោមវត្តមានចូលរួមជាអធិបតីពីសំណាក់លោក ហួត លាតពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង និងមានការអញ្ជើញចូលរួមពីអាជ្ញាធរសង្កាត់ ភូមិ មាតាបិតាសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សរាប់រយនាក់ ។
តាមរបាយការណ៍របស់លោកស្រី ទឹម សុខា នាយិកាសាលាបានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលាមានបុគ្គលិកសិក្សាចំនួន ៤០នាក់ ស្ត្រី៣១នាក់ និងមានសិស្សសរុប ៦៤៤នាក់ ស្រី៣៤២នាក់ ក្នុងនោះសាលាមានការងារមនុស្សធម៌មួយផ្គត់ផ្គង់សិស្សក្រីក្រជួបការលំបាកចំនួន១៤៨នាក់ ស្រី៦៦នាក់ ដែលក្នុងនោះសិស្ស១០០នាក់ ស្រី៤២នាក់ បានទទួលអាហារូបករណ៍១០០% ពីអង្គការផ្ទះបាយកុមារនូវអង្ករ១០គីឡូក្រាម ក្នុង១ខែ គ្រឿងទេស សម្ភារៈសិក្សា សម្លៀកបំពាក់ និងមានការឧបត្ថម្ភផ្សេងៗទៀតពីសប្បុរសជន ។
លោកស្រីនាយិកាបានបន្តថា សម្រាប់ទិសដៅឆ្នាំសិក្សាថ្មី លោកគ្រូ អ្នកគ្រូទាំងអស់បន្តការអនុវត្តន៍ កម្មវិធីសិក្សាទៅតាមផែនការដែលមន្ទីរនិងការិយាល័យអប់រំយុវជន និងកីឡាបានប្រគល់ឱ្យ និងបន្តយកចិត្តទុកដាក់ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនក្នុងសាលាក៏ដូចជាបញ្ហាអសកម្មផ្សេងៗទៀត រួមទាំងបរិស្ថានផងដែរ ។
បន្ទាប់ពីលោក ង៉ូវ ឈីវ ក្នុងនាមគណៈកម្មការគ្រប់គ្រងសាលា លោក ហួត លាតពិសិដ្ឋ អភិបាលរងខណ្ឌ ជាគណៈអធិបតីក៏បានឡើងអានសារលិខិតសម្តេចបវរធិបតី នាយករដ្ឋមន្ត្រីក្នុងទិវាបើកបវេសនកាលឆ្នាំថ្មីនេះ និងបានថ្លែងមតិណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រនិងចៀសវាងពីគ្រឿងញៀន ។ ជាទីបញ្ចប់នៃពិធីនេះក៏មានការចែករង្វាន់ដល់សិស្សពូកែ ពីលេខ១ ដល់លេខ៣ ជានិមិត្តរូប១០នាក់ ។
ជាមួយគ្នានេះ សាលាក៏បានទទួល នូវការជួយឧបត្ថម្ភជាថវិកាសម្រាប់កម្មវិធីពីលោកអភិបាលរងខណ្ឌចំនួន ២០ម៉ឺនរៀល និងសប្បុរសជននានាក៏បានជួយឧបត្ថម្ភសៀវភៅ ប៊ិក កាតាប និងសម្ភារៈសិក្សាមួយចំនួទៀតផងដែរ ៕
ចែករំលែកព័តមាននេះ