អ្នកសេដ្ឋកិច្ច ក៏ដូចជា មន្ត្រីជំនាញបច្ចេកទេសដែលស្និទ្ធនឹងរដ្ឋាភិបាលថៃចង់ជំរុញផែនការទាញយកប្រយោជន៍ពីគម្រោងធ្វើអាជីវកម្មថាមពលនៅតំបន់ឈូងសមុទ្រថៃរួមគ្នា ជាមួយនឹងកម្ពុជាឲ្យបានឆាប់ តែថ្មីៗនេះស្រាប់តែគណបក្សប្រឆាំងថៃចង់លុបចោល ។
រឿងនេះបានកំពុងតែក្លាយជារឿងក្តៅដែលអ្នកនយោបាយថៃយកមកបង្កាត់ភ្លើង និងបង្កើនរលកកម្តៅនយោបាយបែបជាតិនិយមជាថ្មី នៅក្នុងរាជាណាចក្រនេះ ខណៈដែលកម្ពុជាបានរក្សាគោលជំហរយ៉ាងនឹងធឹង ហើយប្រុងប្រយ័ត្នច្បាស់លាស់ ។
ពាក់ព័ន្ធនឹងរឿងនេះ ថៃជាអ្នកផ្តួចផ្តើម ស្របពេលដែលកម្ពុជាមិនប្រឆាំងហើយក៏មិនបង្ហាញនូវការត្រេតត្រអាលអោយណាស់ណានៅឡើយ ទាក់ទងគម្រោងនេះ ។ បញ្ហានៃការធ្វើអាជីវកម្មរួមគ្នា នៅតំបន់ឈូងសមុទ្រថៃ ជាពិសេសនៅតំបន់ត្រួតស៊ីគ្នារវាងប្រទេសទាំងពីរបានស្ងប់ស្ងាត់តាំងពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបណ្តេញចេញពីអំណាចនៅក្នុងឆ្នាំ២០០៦ មកម្ល៉េះ ។ នៅពេលកាន់អំណាច លោក ថាក់ស៊ីន និងសម្តេចតេជោ ហ៊ុន សែន បានចុះអនុស្សារណៈយោគយល់គ្នាពីការអភិវឌ្ឍរួមគ្នានៃធនធានប្រេង និងឧស្ម័ននៅក្នុងតំបន់ជម្លោះនៃឈូងសមុទ្រថៃ ។
ក្រោយពេលដែលស្ងាត់បាត់ដំណឹងឈឹងលែងត្រូវគេនឹកនាអស់រាប់ឆ្នាំ ពេល លោក ស្រ៊ីថា ថាវេស៊ីន ឡើងកាន់អំណាចក្រោមស្រមោលលោក ថាក់ស៊ីន រឿងនេះក៏បានលើកឡើងម្តងទៀត ហើយចាប់តាំងពីពេលនោះមកក៏មានអ្នកសេដ្ឋកិច្ច និងមន្ត្រីជំនាញរដ្ឋាភិបាលថៃលើកឡើងជាបន្តបន្ទាប់ ដោយភាគីថៃចង់ពន្លឿនគម្រោងនេះឲ្យចេញរូបរាងឲ្យបានឆាប់ ។
តាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ នៅពេលដែលរឿងនេះកញ្ជ្រោកឡើង ស្រាប់តែលេចចេញរឿងថ្មីមួយទៀត ដោយគណបក្សនយោបាយមួយរបស់ថៃដែលពេលនេះជាគណបក្សប្រឆាំង គឺគណបក្ស ប៉ាឡាង ប្រាឆារ៉ាត់ (Palang Pratcharat) មកបង្ហាញចំណាប់អារម្មណ៍ថា ថៃគួរបញ្ចប់គម្រោងនេះដោយសារតែវាអាចធ្វើឲ្យថៃបាត់បង់អធិបតេយ្យភាព ។ គណបក្សប្រឆាំងនេះ ចង់ឲ្យលោកស្រី នាយករដ្ឋមន្ត្រី ផៃថងថាន ស៊ីណាវ៉ាត្រា លុបចោលអនុស្សរណៈនៃការយោគយល់គ្នាចុះឆ្នាំ ២០០១ រវាងប្រទេសថៃ និងកម្ពុជា ស្តីពីការអភិវឌ្ឍរួមគ្នានៃធនធានប្រេង និងឧស្ម័ននៅក្នុងតំបន់ជម្លោះនៃឈូងសមុទ្រថៃ ។
លោក ភីរ៉ាឆៃ ភូវ៉ាណាថាណារ៉ានូបាឡា (Thirachai Phuvanatnaranubala ) សមាជិកសភា និងជាប្រធានគណៈកម្មាធិការសិក្សារបស់គណបក្សនេះបាននិយាយក្នុងសន្និសីទកាសែតនៅសភា កាលពីថ្ងៃពុធថា អនុស្សារណៈឆ្នាំ ២០០១ បង្ហាញថា ប្រទេសថៃ និងកម្ពុជាបានទទួលស្គាល់តំបន់មួយនៅឈូងសមុទ្រថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា ។
លោកបានបន្តថា ឯកសារនេះក៏បានទទួលយកការទាមទារទឹកដីរបស់កម្ពុជាដែលបានធ្វើក្នុងឆ្នាំ១៩៧២ ទៅពាក់កណ្តាលនៃកោះគុតដែលស្ថិតក្នុងខេត្តត្រាត ។ ទាំងអស់នេះ គឺជារឿងផ្ទៃក្នុងរបស់ថៃ ប៉ុន្តែដោយសារតែវាពាក់ព័ន្ធនឹងកម្ពុជា ដូច្នេះអ្នកដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាគួរតែដឹងរឿងនេះ ហើយប្រុងប្រៀបត្រៀមខ្លួនទុកជាមុនទាំងច្បាប់ទាំងអំណះអំណាង ព្រមទាំងសក្ខីកម្មផ្សេងៗ ដើម្បីការពារភាពស្របច្បាប់ក៏ដូចជា ផលប្រយោជន៍ជូនជាតិកម្ពុជា ។
ក្រុមមន្ត្រី និងអ្នកជំនាញពាក់ព័ន្ធ គួរតែត្រៀមខ្លួនជាស្រេច ប្រសិនបើមានការចរចារឬទាមទារណាមួយកើតមានឡើងដោយតម្កល់ផលប្រយោជន៍ជាតិ ប្រជាជាតិឲ្យបានហ្មត់ចត់ ។ កម្ពុជាមានគោលការណ៍មិនលោភលន់ តែឈរលើភាពត្រឹមត្រូវ ហើយរក្សាផលប្រយោជន៍ដោយស្មើភាពគ្រប់ទិដ្ឋភាព ៕
ចែករំលែកព័តមាននេះ