ទីក្រុងវ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋបានចុះឃោសនានៅរដ្ឋវីសខន់ស៊ីន (Wisconsin)។ ប្រធានបទដែលក្ដៅគឺពាក់ព័ន្ធនឹងការដែលលោកបៃដឹន និងក្រុមអ្នកគាំទ្រលោកត្រាំឆ្លើយឆ្លងគ្នាពាក់ព័ន្ធនឹងពាក្យសម្ដីមួយឃ្លាដែលថា «ក្រុមមនុស្សសំរាម»។ បញ្ហាផ្ដើមចេញពីតារាកំប្លែងម្នាក់ដែលគាំទ្រលោកត្រាំបានឡើងថ្លែងចំណាប់អារម្មណ៍របស់ខ្លួននៅលើវេទិការបស់លោកត្រាំដើម្បីបញ្ចុះបញ្ចូលឱ្យក្រុមអ្នកគាំទ្រខ្លួនបោះឆ្នោតឱ្យលោកត្រាំ។
តារាកំប្លែងរូបនេះរំលឹកអំពីប្រទេសព័រតូរីកូដែលប្រៀបបាននឹងកោះសំរាម។ នៅពេលស្ដាប់ឮដូច្នេះ លោកបៃដិនក៏តបទៅវិញថាអ្នកគាំទ្រលោកត្រាំជាសំរាម។ ករណីដែលគាត់និយាយអំពីមនុស្សសំរាមនោះប្រហែលជាមិនធ្វើឱ្យចំណេញសន្លឹកឆ្នោតសម្រាប់លោកស្រីហារីសទេ។ ហេតុនេះហើយ លោកស្រីប្រញាប់ចេញមកបង្ហាញជំហរមិនគាំទ្រពាក្យសម្ដីនេះទេ។
នៅពេលអ្នកសារព័ត៌មានសួរអំពីរឿងនេះ លោកស្រីសូមទុកលទ្ធភាពនេះឱ្យលោកបៃដិនជាអ្នកបកស្រាយដោយខ្លួនឯងទៅចុះ។ ប៉ុន្តែជាជំហររបស់លោកស្រី លោកស្រីមិនគាំទ្រជាដាច់ខាតចំពោះការប្រើប្រាស់ពាក្យសម្ដីតេះដៀលអ្នកដទៃដោយសារពួកគេបោះឆ្នោតគាំទ្របេក្ខជនរូបនេះ ឬរូបនោះ។
លោកត្រាំឆ្លៀតកេងចំណេញនយោបាយពីពាក្យសម្ដីរបស់លោកបៃដិន។ លោកថាមិនគួរក្រុមអ្នកគាំទ្រលោកត្រូវរងការមាក់ងាយបែបនេះសោះ។ ពួកគេជាអ្នកជួយទ្រទ្រង់ជាតិមាតុភូមិ។ លោកស្លៀកពាក់ឯកសណ្ឋានកម្មករប្រមូលសំរាម និងឡើងជិះឡានដឹកសំរាមនៅរដ្ឋវីសសន់ស៊ីន។ លោកយល់ថាលោកបៃដិននិយាយនេះគឺនិយាយបំបាក់មុខខ្លួនឯងតែម្ដង។
លោកបៃដិនចេញមកបញ្ជាក់ឡើងវិញនូវពាក្យសម្ដីនោះ។ លោកថាលោកមិនមែនសំដៅទៅលើពលរដ្ឋអាមេរិករាប់សិបលាននាក់ដែលគាំទ្រលោកត្រាំទេ។ លោកចង់និយាយសំដៅទៅលើតារាកំប្លែងឈ្មោះថូនី ហ៊ីនគ្លីស (Tony Hinchcliffe) តែម្នាក់ប៉ុណ្ណោះ។ សូមរំលឹកថានៅក្នុងការសន្ទនាគ្នាតាមហ្ស៊ូម (Zoom) ជាមួយក្រុមអ្នកបោះឆ្នោតនៅអាមេរិកឡាទីន លោកបៃដិនថ្លែងថាគាត់គ្មានឃើញសំរាមនៅព័រតូរីកូទេ។ ប៉ុន្តែក្រុមអ្នកគាំទ្រលោកត្រាំទៅវិញទេជាសំរាម។
ក្រោយមក អ្នកនាំពាក្យសេតវិមានចេញមុខបកស្រាយបន្ថែមទៀតត្រង់ចំណុចនេះ។ សេតវិមានយល់ថាលោកបៃដិនគ្រាន់តែចង់សំដៅទៅលើតារាកំប្លែងដែលចាត់ទុកព័រតូរីកូជាកោះសំរាម។ ប៉ុន្តែអ្នកគាំទ្រលោកត្រាំយល់ថានេះមិនមែនជាលើកទី១ទេដែលលោកត្រូវគេនិយាយលាបពណ៌។ កាលពីមុន លោកត្រាំត្រូវគេប្រៀបប្រដូចទៅនឹងស្តាលីន អ៊ីទ្លែ ឬមូសូលីនី៕
ចែករំលែកព័តមាននេះ