រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំំងអំពើពុករលួយ បានបញ្ជាក់ឲ្យថា នៅក្នុងខែតុលា មានមន្ត្រីចំនួន ៤២២រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៣១២រូប ដោយឡែកមន្ដ្រី ១១០រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយ ដោយមូលហេតុ បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំ លើកទី៤០ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
តាមរបាយការណ៍របស់ ឯកឧត្តម យន់ ស៊ីណាត អនុប្រធាន អ.ប.ព. បានឱ្យដឹងថា ការងារពាក្យប្ដឹង ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹង ដែលមានក្នុងខែតុលា សរុបចំនួន ២៩ពាក្យប្ដឹង ។ ចំណែកឯ ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយអង្គភាពបានចូលរួមសង្កេតការណ៍ប្រឡង ចំនួន០៤ លើក ៖
១. ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ទាំងបីដំណាក់កាល សំណេរ កំណែ បូកស្រង់និងប្រកាសលទ្ធផល ។
២. ការប្រឡងបញ្ចប់ថ្នាក់ជាតិ របស់និស្សិតតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិ បាលសម្រាប់ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងសុខាភិបាល។ បំពេញការងារ ចុះសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ២៦គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ១៥អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវរបាយការណ៍របស់ ឯកឧត្តមអនុប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំនួរ និងបានផ្ដល់អនុសាស ន៍ល្អៗជាច្រើន ចំពោះការរាយការណ៍ទាំង ការងារពាក្យប្ដឹង ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រមទាំងកិច្ចការផ្សេងៗទៀត ដែលអង្គភាព កំពុងចាប់អារម្មណ៍ និងកំពុង អនុវត្តនៅពេលនេះ និងនៅពេលខាងមុខ ៕
ចែករំលែកព័តមាននេះ