រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារបានគូសបញ្ជាក់ថា ករណីអ្នកទោសជនជាតិវៀតណាម រត់ចេញពីពន្ធនាគារនៅខេត្តស្វាយរៀងមកពីមន្ត្រីយាមកាមមានការធ្វេសប្រហែសមិនបានចាក់សោរសុវត្ថិភាព នៅពេលអ្នកទោសនោះជួបជាមួយគ្រួសារ ។
យោងតាមលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ផ្អែកលើការផ្សាយរបស់សារព័ត៌មាន ពាក់ព័ន្ធករណីអ្នកទោសជនជាតិវៀតណាមម្នាក់ដែលជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង បានរត់គេចចេញពីពន្ធនាគារ កាលពីវេលាម៉ោង១៦:៤០នាទី រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។
ទាក់ទិននឹងករណីខាងលើ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់តាំងក្រុមការងារជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ។ អគ្គនាយកដ្ឋានពន្ធនាគារ បានពិនិត្យឃើញថា ខ្លឹមសារមួយចំនួនដែ លបានចុះផ្សាយលើបណ្តាញសារព័ត៌មានមិនបានឆ្លុះបញ្ចាំងនូវការពិតទាំងស្រុងអំពីហេតុការណ៍ជាក់ស្តែង ក្នុងអំឡុងពេលកើតហេតុ នោះឡើយ ។
ប្រភពបានលើកឡើងថា ដើម្បីចៀសវាងការភ័ន្តច្រឡំពីសំណាក់សាធារណៈជន និងមជ្ឈដ្ឋានទូទៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺថា អគ្គនាយកដ្ឋានពន្ធនាគារទទួលស្គាល់ថា ពិតជាមានហេតុការណ៍ជនជាប់ឃុំជនជាតិ វៀតណាម ម្នាក់ ឈ្មោះ ង្វៀង តុងហ្នឹង (NGUYEN TRONG NGUYEN) ភេទប្រុស បានរត់គេចចេញពី ពន្ធនាគារខេត្តស្វាយរៀង កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ពិតប្រាកដមែន ។
អគ្គនាយកដ្ឋានពន្ធនាគារបានអះអាងថា ការរត់គេចខ្លួនរបស់ជនជាប់ឃុំជនជាតិវៀតណាមខាងលើ មិនមែនជាសកម្មភាពចូលរំដោះ អ្នកទោសចេញពីក្នុងពន្ធនាគារ ឬសកម្មភាពប្រដាប់អាវុធរំដោះអ្នកទោសនោះទេ ។
ជនជាប់ឃុំជនជាតិវៀតណាម ឈ្មោះ ង្វៀង តុងហ្នឹង (NGUYEN TRONG NGUYEN) បានធ្វើសកម្មភាពរត់គេចខ្លួនក្នុងអំឡុងពេលទទួលបានការអនុញ្ញាតឱ្យជួបគ្រួសារមកសួរសុខទុក្ខ ហើយឆ្លៀតពេលដែលមន្ត្រី យាមកាមមានការធ្វេសប្រហែសមិនបានចាក់សោសុវត្ថិភាព ជនជាប់ឃុំរូបនេះក៏រត់ចេញពីបន្ទប់សំដៅទៅគូកនដែលបានរង់ចាំជាស្រេច និងបានយកអាវុ.ធខ្លីពីគូកនតម្រង់គំរា.មទៅមន្ត្រី ដែលដេញតាមពី ក្រោយ រួចហើយឡើងជិះម៉ូតូដែលត្រៀមរង់ចាំនៅរបងកំផែងខាងក្រៅជិះគេចខ្លួនបាត់ទៅ ។
អគ្គនាយកដ្ឋានពន្ធនាគារបានលើកឡើងថា តាមរយៈការបំភ្លឺនេះ សង្ឃឹមជឿជាក់ថា សាធារណៈជនគ្រប់មជ្ឈដ្ឋានបានជ្រាបច្បាស់នូវការពិតទាក់ទិននឹងហេតុការណ៍ខាងលើស្រាយបាននូវការមន្ទិល ។ ជាមួយគ្នានេះ ក៏សូមអំពាវនាវដល់សារព័ត៌មានធ្វើការផ្សព្វផ្សាយដោ យផ្អែកលើមូលដ្ឋាន ប្រភពច្បាស់លាស់ និងដោយសុភវិនិច្ឆ័យ ចៀសវាងការធ្វើអត្ថាធិប្បាយខុសពីការពិតនាំឱ្យមានការភ័ន្តច្រឡំប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាព ។
អគ្គនាយកដ្ឋានពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងតាមស្វែងរកចាប់ជនជាប់ឃុំ ឈ្មោះ ង្វៀង តុងហ្នឹង(NGUYEN TRONG NGUYEN) មកវិញ រួមទាំងគូកន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ