ខេត្តកណ្តាល ៖ ក្រុមកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសសាទខុសច្បាប់ ស្ថិតនៅភូមិសាស្ត្រ ក្នុងឃុំព្រែកអំបិល និងឃុំកោះខែលបានច្រើនករណី នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ។
លោក អេង វណ្ណឌី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុកស្អាង និងលោក ស៊ុន ផល្លី នាយសង្កាត់រដ្ឋបាលជលផលស្អាង បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចភូមិសាស្ត្រឃុំព្រែកអំបិល និងឃុំកោះខែល ដោយប្រើប្រាស់ទូកចំនួនពីរគ្រឿង និងមានការចូលរួមសហការពីអាជ្ញាធរភូមិ-ឃុំ ចំនួន ២១នាក់ ក្នុងនោះរួមមាន លោកមេឃុំជំនួយការឃុំ និងតំណាងអង្គការ NRCD ។
ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបានមានដូចជា ៖ របាំងព្រួល ចំនួន០២ករណី នៅចំណុចព្រែកគ្រួស ឃុំព្រែកអំបិល, របាំងព្រួលចំនួន ០១ករណី នៅចំណុចចុងព្រែកចិន ឃុំកោះខែល, បង្ក្រាបសៃយឺន ៣២មាត់, ព្រួលស្បៃប្រវែង ៣,១០០ម៉ែត្រ, បង្គោលឫស្សី ១,២០០ដើម និងប្រលែងត្រី ចូលបឹង ៣០០ គីឡូក្រាម ។ ដោយឡែកចំពោះសម្ភារៈ ដែលបង្ក្រាបបានត្រូវកាប់ និងដុតបំផ្លាញចោល ។
ចំពោះចំណាត់ការនេះ ត្រូវបានប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រខាងលើ បាននាំគ្នាសាទរ ព្រោះថា ការដាក់បែបនេះ ធ្វើ បាត់បង់ធនធានមច្ឆាជាតិ ដែលកំពុងស្ថិតក្នុងរដូវហាមឃាត់ ។ លើសពីនេះ ពលរដ្ឋក៏បាននាំគ្នាលើកឡើងទៀតថា ជារៀងរាល់ឆ្នាំពួកគាត់ឃើញមានបទល្មើសនេះ តែងតែដាក់ដើមយកកូនត្រីតូចៗ ទៅធ្វើជានុយត្រីធំ ទោះបីជាមានការហាមឃាត់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្តី ៕
ចែករំលែកព័តមាននេះ