ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងកម្មករយកកូនឆ្កែធ្វើជាថ្នូរដោះដូរប្រាក់ខែ ត្រូវចៅក្រមស៊ើបសួរឃុំខ្លួនមួយដង្ហើមចង្រិត ផ្ទុះ​ផ្អើលបណ្តាញសង្គម បានដោះលែងវិញហើយ​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបណ្តាញសង្គមបានបង្ហោះរិះគន់ព្រោង ព្រាត ពាក់ពន្ធរឿងកម្មករម្នាក់ចាប់កូនឆ្កែរបស់ថៅកែ យកទៅធ្វើ ជាថ្នូរដើម្បីដោះប្រាក់ខែ ដែលថៅកែព្រមមិនបើកឲ្យ ហើយរហូតថៅកែនោះប្តឹងទៅសមត្តកិច្ចឲ្យចាប់ខ្លួនកម្មករ ដោយចោទប្រកាន់ពីបទ.លួច…

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបណ្តាញសង្គមបានបង្ហោះរិះគន់ព្រោង ព្រាត ពាក់ពន្ធរឿងកម្មករម្នាក់ចាប់កូនឆ្កែរបស់ថៅកែ យកទៅធ្វើ ជាថ្នូរដើម្បីដោះប្រាក់ខែ ដែលថៅកែព្រមមិនបើកឲ្យ ហើយរហូតថៅកែនោះប្តឹងទៅសមត្តកិច្ចឲ្យចាប់ខ្លួនកម្មករ ដោយចោទប្រកាន់ពីបទ.លួច (លួចកូនឆ្កែ) ឈានដល់ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ប៉ុន្តែការឃុំខ្លួនមិនបានមួយដង្ហើមចង្រិតក៏ត្រូវបានដោះលែងវិញ ។

លោកស្រី ទិត ដាលីន ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឲ្យដោះលែង កម្មករម្នាក់ពីពន្ធនាគារព្រៃសវិញ ក្រោយចាប់និងឃុំ ខ្លួនតាមពាក្យបណ្ដឹងរបស់ថៅកែស្រីម្នាក់ ដោយចោទប្រកាន់ថាកម្មករនោះលួចកូនឆ្កែចិញ្ចឹមមួយក្បាល ។

តាមដីកាបង្គាប់ឲ្យដោះលែង បានបញ្ជាក់ថា បង្គាប់ឲ្យប្រធានពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែទី១​«ម១» នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ ណន សុខហេង ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ កម្មករ ទីលំនៅមុនឃាត់ខ្លួននៅភូមិបារើម ស្រុកចិតបុរី ក្រុងក្រចេះ ខេត្តក្រចេះ ។

សូមជម្រាបថា ដើមចមឈានដល់ការចាប់ និងឃុំខ្លួនកម្មករខាងលើនេះ ដើមបណ្ដឹងជាថៅកែ ហើយចុងចម្លើយជាកូនចៅធ្វើការដើម្បីយកប្រាកខែចិញ្ចឹមប្រពន្ធកូន ហើយរឿងរ៉ាវដែលកើតឡើងឲ្យមានភាពចម្រូងចម្រះនេះ ដំបូងថៅកែមិនបានបើក ប្រាក់ថ្លៃឈ្នួល ជាអ្នកបើកបររថយន្ដចំនួន៦០ ម៉ឺនរៀល ឲ្យកម្មករនោះទេ ដោយសន្យាថ្ងៃនេះថ្ងៃនោះជាបន្ដបន្ទាប់ ។ ដោយសារមានចិត្តខឹងមិនបើកប្រាក់ខែឲ្យ កម្មកររូបនោះបានចាប់កូនឆ្កែចិញ្ចឹមរបស់ថៅកែមួយក្បាល នាំយកទៅស្រុកកំណើត ។ បន្ទាប់មកភាគីទាំងពីរក៏កើតមានជម្លោះនិងគ្នា ដោយខាងថៅកែបានចោទប្រកាន់កម្មករថា លួចកូនឆ្កែគាត់មួយក្បាលចេញពីផ្ទះ ចំណែកកម្មករថា មូលហេតុរូបយកកូនឆ្កែទៅស្រុក ដោយសារ តែថៅកែមិនព្រមបើកប្រាក់ខែឲ្យ ។

ជម្លោះបានឈានដល់ការមិនត្រូវគ្នានោះ ថៅកែស្រីជាម្ចាស់ឆ្កែបានទៅដាក់ពាក្យបណ្តឹងនៅសមត្តកិច្ចនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចោទ ប្រកាន់លើឈ្មោះ ណន សុខហេង ពីបទ.លួច ។ នៅពេលទទួលពាក្យបណ្តឹងសមត្តកិច្ចនគរបាលខណ្ឌសែនសុខ មានភាពសកម្មបើកការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យឈ្មោះ ណន សុខហេង ដល់ស្រុកកំណើតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ និងនាំខ្លួនមករាជធានីភ្នំពេញ រួចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ចំណែកកូនឆ្កែមួយក្បាលត្រូវបានប្រគ ល់ឲ្យទៅម្ចាស់ជាដើមបណ្តឹងវិញដែរ ។

បន្ទាប់មកទៀតជនសង្ស័យត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទ.លួច រួចចាត់បញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី ។ ចៅក្រមស៊ើបសួរបានសម្រេចដាក់ជនត្រូវចោទឈ្មោះ ណន សុខហេង ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.លួច ប្រព្រឹត្តនៅចំណុចបរិវេណក្រុមហ៊ុន ស៊ាង ឡុង មីងស៊ូ ផ្លូវភ្នំពេញ ហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បទល្មើសមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ រួចសម្រេចឲ្យឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

ប៉ុន្តែក្រោយពេលចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យពីបទលួច កូនឆ្កែ នោះមក ធ្វើឲ្យអ្នកលេងបណ្តាញសង្គមបង្ហោះរិះគន់ព្រោងព្រាត រហូតដឹងដល់ថ្នាំដឹកនាំប្រទេស មានប្រតិកម្មយ៉ាងខ្លាំង ទើបតុលាការប្រញ៉ាប់ប្រញ៉ាល់ ចេញដីកាបង្គាប់ឲ្យដោះលែងកម្មករ ឈ្មោះ ណន សុខហេង ពីពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ