ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល៖ ឆ្នាំ​២០២៩​កម្ពុជា​នឹង​ធ្វើ​ជា​​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​យុវ​ជន​​អាស៊ី

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​នៅ​ឆ្នាំ​២០២៩​ខាង​មុខ​ហើយ ការ​សម្រេច​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន គឺ​អាស្រ័យ​លើ​សមត្ថភាព​ពេញលេញ​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​អាស៊ី​ដ៏​ធំ​នេះ​ឱ្យ​បាន​ល្អ…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​នៅ​ឆ្នាំ​២០២៩​ខាង​មុខ​ហើយ ការ​សម្រេច​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន គឺ​អាស្រ័យ​លើ​សមត្ថភាព​ពេញលេញ​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​អាស៊ី​ដ៏​ធំ​នេះ​ឱ្យ​បាន​ល្អ ។

ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ បាន​ប្រព្រឹត្ត​ទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​សហព័ន្ធ​កីឡា​ជាតិ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​២​នេះ​ឡើង ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​កាយ និង​កីឡា តាម​រយៈ​ការ​បន្ត​ការ​ជួសជុល​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ការ​ធ្វើ​ប្រតិភូកម្ម​ការងារ និង​ការ​ផ្តល់​គាំទ្រ​ថវិកា​ដល់​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាញ​កីឡា និង​ការ​កែទម្រង់​ការ​ប្រកួត​កីឡា​ជាដើម ។

សម្ដេច​បវរ​បន្ដ​ថា សមិទ្ធផល​ជាក់ស្តែង​នៅ​ឆ្នាំ​២០២៣​កន្លង​ទៅ ខណៈ​ពេល​ដែល​ព្រះរាជា​ណា
ចក្រកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា ហ្គេ​ម​លើក​ទី​១២​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ព្រមទាំង​ទទួល​បានការ​កោតសរសើរ​ពី​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ទាំង​លើ​ទិដ្ឋភាព​នៃ​ការ​រៀបចំ និង​ការ​ទទួល​បាន​មេដាយ ពី​ការ​ប្រកួត​សរុប​ចំនួន​២៨២​គ្រឿង ដោយ​ឈរ​លេខ​រៀង​ទី​៤​ក្នុង​ចំនួន​១១​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២​កម្ពុជា​ទទួល​បាន​មេដាយ​សរុប​៧៣​គ្រឿង ដោយ​ឈរ​លេខ​រៀង​ទី​៨​ក្នុង​ចំនួន​១១​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​ក៏​បាន​លើក​ឡើង​ថា ការ​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២​នេះ ជា​ឱកាស​ថ្មី​មួយទៀត ដែល​បាន​បង្ហាញ​អំពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍវិស័យ​កីឡា​នៅ​កម្ពុជា និង​ជា​ការ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​រៀប ចំការ​ប្រកួត​កីឡា​យុវជន​អាស៊ី​លើក​ទី ៥ និង​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៦ នៅ​ឆ្នាំ​២០២៩​។

ម្យ៉ាងវិញទៀត ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សង្គម ក៏​ដូច​ជា​នយោបាយ​ការទូត សេដ្ឋកិច្ច​វប្បធម៌ ការ​លើកកម្ពស់​មុខមាត់​ជាតិ ទីផ្សារ​ពាណិជ្ជកម្ម និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាដើម ដែល​នេះ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុ​ជាមួយ​ជំហាន​ទៀត​ក្នុង​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​កម្លាំង​សាមគ្គីភាព​ជាតិ និង​កម្លាំង​សេដ្ឋកិច្ច​កម្ពុជា​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា «​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​នៅ​ឆ្នាំ​២០២៩ ហើយ​ការ​សម្រេច​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន គឺ​អាស្រ័យ​លើ​សមត្ថភាព​ពេញលេញ និង​ការ​កៀរគរ​ធនធាន​ចាំបាច់ និង​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​អាស៊ី​ដ៏​ធំ​នេះ​ឱ្យ​បាន​ល្អ​និង​រលូន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ សម្រាប់​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩ កម្ពុជា​មាន​មហិច្ឆតា​រៀបចំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រកបដោយ​ភាព​កក់ក្តៅ​បដិសណ្ឋារកិច្ច​ល្អ និង​សេវា​ល្អ សម្រាប់​គ្រប់​ប្រតិភូ​កីឡា និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ឱ្យ​ទទួល​បាន​បទ ពិសោធ​ល្អ​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​កីឡា​យុវជន​អា ស៊ី​ឆ្នាំ ២០២៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ