ខេត្តបន្ទាយមានជ័យ ៖ មានការចុះឃាត់ខ្លួនខ្មែរនិងជនបរទេសប្រមាណ១០០នាក់ ក្នុងនោះ មានភ្ញៀវនិងអ្នកបម្រើនៅក្នុងក្លិបកម្សាន្តស្តាស៊ីធី កាលពីព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០២៤ នេះ ស្ថិតនៅក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ការចុះបង្ក្រាបខាងលើ គឺមានវត្តមានលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត មានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅជាច្រើននាក់ ។
ប្រតិត្តិការបង្ក្រាបក្លឹបកំសាន្តស្តាស៊ីធីក្រុងប៉ោយប៉ែត ត្រូវបានឃាត់ខ្លួនភ្ញៀវដែលទៅកម្សាន្ត និងអ្នកបម្រើក្នុងក្លិបកម្សាន្តស្តាស៊ីធីមានជាង១០០នាក់មានប្រុស-ស្រី ។
ក្រោយឃាត់ខ្លួន លុះព្រឹកឡើងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតយករថយន្ត១៦កៅអីរបស់សាលាក្រុងប៉ោយប៉ែត ដឹកជញ្ជូនទៅទុកនៅទីបញ្ជាការដ្ឋាននគរបាលវរការពារព្រំដែនគោកលេខ៨៩១។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា ការចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តយីហោស្តាស៊ីធីក្រុងប៉ោយប៉ែត គឺដឹកបញ្ជូនចេញទៅដាក់នៅទីបញ្ជាការដ្ឋាននគរបាលវរការពារព្រំដែនគោកលេខ៨៩១ និងរង់ចាំបទបញ្ជាថ្នាក់លើ ដើម្បីធ្វើតេស្តរកសារធាតុញៀន ។
ប្រសិនជាមានប្រើប្រាស់គ្រឿងញៀននឹងបន្តអនុវត្តតាមទៅតាមផ្លូវច្បាប់ រីឯអ្នកមិនប្រើប្រាស់គ្រឿងញៀននឹងត្រូវដោះលែងត្រឡប់ទៅផ្ទះវិញ។
ចែករំលែកព័តមាននេះ