ទីក្រុងប្រ៊ុចសែល៖ ថ្ងៃនេះ អគ្គលេខាធិការអង្គការណាតូ លោកម៉ាករ៉ាត់ បញ្ជាក់ថាទាហានកូរ៉េខាងជើងបានបញ្ជូនទៅដល់ប្រទេសរុស្ស៊ីពិតមែន ហើយបានបញ្ជូនបន្តទៅដល់តំបន់ខឺស។ លោកថ្លែងប្រាប់អ្នកសារព័ត៌មាន និងក្រុមអ្នកការទូតថា «ការពង្រឹងទំនាក់ទំនងយោធារវាងរុស្ស៊ី និងកូរ៉េខាងជើងដល់កម្រិតនេះគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអឺរ៉ុប-អាត្លង់ទិច (អាមេរិក និងអឺរ៉ុប)»។

នៅតំបន់ខឺសនេះ អ៊ុយក្រែនបានបញ្ជាកងទ័ពរបស់ខ្លួនវាយឆ្មក់កាលពីខែសីហា ហើយបន្តស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ លោកម៉ាករ៉ាត់ថ្លែងថាការដែលទាហានកូរ៉េខាងជើងចុះទៅដល់តំបន់នេះជាសញ្ញាបង្ហាញកាន់តែច្បាស់ថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចូលខ្លួនពាក់ព័ន្ធកាន់តែជ្រៅនៅក្នុងសង្គ្រាមអ៊ុយក្រែនដែលលោកចាត់ទុកថាជាសង្គ្រាមខុសច្បាប់។

ទង្វើរបស់កូរ៉េខាងជើង បើយោងតាមលោកអគ្គលេខាធិការណាតូរូបនេះ ជាការរំលោភទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាការពង្រីកសង្គ្រាមឱ្យកាន់តែឆាបឆេះយ៉ាងគ្រោះថ្នាក់។ លោកយល់ថាការដាក់ពង្រាយកងទ័ពទាំងនេះជាសញ្ញាបង្ហាញថាលោកពូទីនកំពុងអន្ទះសារចង់វាយយកតំបន់នេះមកគ្រប់គ្រងឡើងវិញ។

លោកថ្លែងថាសង្គ្រាមរយៈពេលជាង២ឆ្នាំនៅអ៊ុយក្រែនបានធ្វើឱ្យរុស្ស៊ីបាត់បង់កម្លាំងប្រយុទ្ធច្រើនណាស់រហូតដល់ជាង៦សែននាក់ឯណោះគិតទាំងយោធិនដែលពលីនៅក្នុងសមរភូមិ, របួស និងបាត់ខ្លួននៅពេលបំពេញបេសកកម្ម។ លោកពូទីនមិនអាចរកកងទ័ពថ្មីៗមកជំនួសកម្លាំងដែលបានបាត់បង់។ ដូច្នេះ លោកត្រូវតែរត់ទៅពឹងកម្លាំងទ័ពបរទេសដើម្បីជួយ។

កាលពីមុននេះ អ្នកនាំពាក្យវិមានក្រឹមឡាំងបានបដិសេធព័ត៌មានដែលផ្សាយថាទាហានកូរ៉េខាងជើងដាក់ពង្រាយនៅលើទឹកដីរុស្ស៊ី។ អ្នកនាំពាក្យរូបនេះចាត់ទុកថានោះជាព័ត៌មានក្លែងក្លាយ។ ទោះជាយ៉ាងណាក្ដី លោកពូទីននៅថ្ងៃបិទបញ្ចប់កិច្ចប្រជុំកំពូលប្រ៊ីកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកមិនបដិសេធថាមាន ឬគ្មានទ័ពកូរ៉េខាងជើងនៅលើទឹកដីរុស្ស៊ីទេ។

លោកពូទីននិយាយនៅក្នុងន័យទូទៅថាទោះបីរុស្ស៊ី និងកូរ៉េខាងជើងពង្រឹងកិច្ចសហប្រតិបត្តិការយោធាដល់កម្រិតណាក្ដី វាជាសិទ្ធិរបស់រុស្ស៊ីដែលធ្វើឡើងស្របទៅតាមកិច្ចព្រមព្រៀងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២។ ក្រោយពេលលោកពូទីនបញ្ចេញសារនយោបាយបែបនេះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនិយាយរបៀបបង្ការខ្លួនទុកជាមុនថាបើទុកជារដ្ឋាភិបាលរបស់ខ្លួនបញ្ជូនទ័ពទៅរុស្ស៊ីក៏ដោយ ក៏ការបញ្ជូននោះធ្វើឡើងស្របទៅតាមច្បាប់អន្តរជាតិ។

ប្រឈមនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ុយក្រែនម្នាក់ថ្លែងថាតាមមើលទៅ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសកូរ៉េខាងជើងតែមួយមុខប្រហែលជាមិនគ្រប់គ្រាន់ទេ។ ចង់មានន័យថាទណ្ឌកម្មដែលដាក់កន្លងមកគ្មានធ្វើអ្វីកូរ៉េខាងជើងបានឡើយ។ ដូច្នេះ ត្រូវតែមានវិធានការក្ដៅជាងនេះ។ មន្ត្រីរូបនេះក៏សូមអំពាវនាវឱ្យក្រុមមហាអំណាចបស្ចិមប្រទេសបន្តផ្ដល់អាវុធទៅឱ្យអ៊ុយក្រែនឱ្យបានច្រើន និងទាន់ពេលវេលាដើម្បីចាត់ការជាមួយកងទ័ពរុស្ស៊ី និងកូរ៉េខាងជើង៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ