ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ច្បាស់ៗថា «កុំជឿជនឆ្លៀតឱកាសដែលសន្យាអន្តរាគមន៍ឱ្យក្លាយជាមន្ត្រី» ឱ្យសោះ

1 ខែ មុន
  • ភ្នំពេញ

កន្លង​មក មាន​មនុស្ស​មួយ​ចំនួន​ចង់​ដើរ​ផ្លូវ​កាត់ ដោយ​ការ​សូកប៉ាន់ ឬ​ឱ្យ​លុយ​ទៅ​នរណា​ម្នាក់ ដែល​គេ​ជឿ​ថា មាន​ឥទ្ធិ​ល​ពល ដើម្បី​ជួយ​គេ​ឱ្យ​ក្លាយជា​មន្ត្រីរាជការ ឬ​កងកម្លាំង​ក្នុង​ស្ថាប័ន​ណាមួយ ។ កន្លង​មក…

កន្លង​មក មាន​មនុស្ស​មួយ​ចំនួន​ចង់​ដើរ​ផ្លូវ​កាត់ ដោយ​ការ​សូកប៉ាន់ ឬ​ឱ្យ​លុយ​ទៅ​នរណា​ម្នាក់ ដែល​គេ​ជឿ​ថា មាន​ឥទ្ធិ​ល​ពល ដើម្បី​ជួយ​គេ​ឱ្យ​ក្លាយជា​មន្ត្រីរាជការ ឬ​កងកម្លាំង​ក្នុង​ស្ថាប័ន​ណាមួយ ។ កន្លង​មក យើង​ក៏​សង្កេត​ឃើញ​ថា មាន​មន្ត្រី​ខ្លះ​ត្រូវ​បាន​ឃាត់ខ្លួន​រឿង​ទទួល​សំណូក ដើម្បី​រត់ការ​ឱ្យ​គេ​បាន​ជាប់​ចូល​ជា​មន្ត្រី​ជាដើម ។

ជា​ថ្មី​ម្តងទៀត ឯកឧត្តម លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៤ នេះ​បាន​អំពាវនាវ​ដល់​សាធារណជន​កុំឱ្យ​ជឿ​លើ​បុគ្គល​ណា​ដែល​អះអាង​ជួយ​អន្តរាគមន៍​ឱ្យ​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ ខណៈ​លោក ទើប​ទទួល​បាន​ព័ត៌មាន​ថា មាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​បាន​ឆបោក ឬ​ក្លែងបន្លំ ។

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បញ្ជាក់​ច្បាស់​ៗ​ថា ដើម្បី​បាន​ចូល​ជា​មន្ត្រីរាជការ គឺ​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ដ៏​ត្រឹមត្រូវ ពិសេស​ថ្មី​ៗ​នេះ ក្រសួង​មុខងារសាធារណៈ​បាន​ទទួល​ព័ត៌មាន​ថា កន្លង​មក​មាន​ករណី​ដែល​បុគ្គល​មួយ​ចំនួន​កំពុង​ក្លែងបន្លំ អះអាង ឬ​សន្យា​អន្តរាគមន៍​តាម​រូបភាព​ផ្សេង​ៗ​ដើម្បី​ធានា​នូវ​លទ្ធផល​ជូន​ដល់​បេក្ខជន​ដែល​ចូលរួម​ប្រឡងប្រជែង​ក្លាយជា​មន្ត្រីរាជការ​ស៊ី​វិល ។

ករណី​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ សូម​អំពាវនាវ​ដល់​បេក្ខជន អាណាព្យាបាល និង​សាធារណៈជន សូម​ជៀសវាង​ការ​ជឿ​លើ​បុគ្គល​ដែល​ឆ្លៀតឱកាស​បោក​បញ្ឆោត​ដូច​បាន​រៀបរាប់​ខាងលើ​ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ ។

ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃ​ទី​២៦ ខែតុលា​ថា ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ី​វិល គឺ​ឈរ​លើ​គោលការណ៍ គុណ​ធិ​ប​តេ​យ្យ តម្លាភាព យុត្តិធម៌ បរិ​យា​បន្ន និង​ប្រសិទ្ធភាព ។ ការ​ប្រឡង​នេះ គឺ​ក្រសួង​មុខងារសាធារណៈ​ដឹកនាំ​ដោយ​បាន​រៀបចំ​ការ​ប្រឡងប្រជែង និង​បាន​ផ្តល់​ឱកាស​ដល់​បេក្ខជន​ចូលរួម​ស្មើ​ៗ​គ្នា ។

លើស​ពី​នេះ​ការ​ប្រឡង មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចូលរួម​អនុវត្ត និង​ចូលរួម​សង្កេតការណ៍​គ្រប់​ដំណាក់កាល​ទាំងអស់ ។ ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​ជា​កូនប្រុស​មួយ​រូប​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​សង្កត់ធ្ងន់​ដដែល​ថា ៖ «​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ី​វិល ៖ មិន​ចាំបាច់​ត្រូវ​ស្គាល់​អ្នកធំ​មិន​ចាំបាច់​ត្រូវ​មាន​ខ្សែ តែ​ត្រូវ​មាន​សមត្ថភាព​» ។

តាម​រយៈ​យន្តការ​ខាងលើ លោក ហ៊ុន ម៉ា​នី សង្កេត​ឃើញ​បេក្ខជន​អាណាព្យាបាល និង​សាធារណជន​បង្ហាញ​ការ​ពេញចិត្ត សាទរ និង​ទទួលស្គាល់​នូវ​សុក្រឹតភាព ភាព​ត្រឹមត្រូវ​នៃ​គ្រប់​ដំណើរការ​ប្រឡងប្រជែង ។

ជាមួយ​គ្នា​ដែរ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​អំពាវនាវ​ដល់​សាធារណៈជន បង្កើន​ការ​ប្រុង​ប្រយ័ត្ន ហើយ​បន្ត​ជឿជាក់​លើ​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រីរាជការ​ស៊ី​វិល​របស់​រាជរដ្ឋាភិបាល ដោយ​ផ្អែក​លើ​ពាក្យ​ថា ៖ «​ចេះ គឺ​ជាប់ ជាប់​ដោយ​មោ​ទ​នៈ​ធ្លាក់​ដោយ​អស់ចិត្ត​» ។

ជា​សរុប បើ​បងប្អូន​ស្រលាញ់​អាជីព​ការងារ​ជា​មន្ត្រីរាជការ​ត្រូវ​ដុះខាត់​ខ្លួន​ឱ្យ​មានចំណេះ​ដឹង​ពិតប្រាកដ ព្រោះ​ការ​ប្រើ​លុយ​កាស​អាច​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​បង់​ទាំង​ប្រាក់ ស្អុយ​ទាំង​ឈ្មោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ