ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងតម្លៃខ្លួនអ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខនៅកម្ពុជានាពេលបច្ចុប្បន្ន

1 ខែ មុន

រាជធានីភ្នំពេញ ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខនៅ​កម្ពុជា ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ឬលេចមុខជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៤​នេះ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​ដឹង​ខ្លាំង​នោះ​គឺថា តើ​អ្នក​ប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​ ឬ​ហៅ​កាត់​ថា Grade A ទាំងនោះ…

រាជធានីភ្នំពេញ ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខនៅ​កម្ពុជា ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ឬលេចមុខជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៤​នេះ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​ដឹង​ខ្លាំង​នោះ​គឺថា តើ​អ្នក​ប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​ ឬ​ហៅ​កាត់​ថា Grade A ទាំងនោះ ទាំង​ស៊េរី​ចាស់ និង​ស៊េរី​ថ្មី ពេល​ឡើង​សង្វៀន​ម្តង​ៗ ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ប៉ុន្មាន?

ខាងក្រោមនេះជាតម្លៃខ្លួនក្រៅផ្លូវការរបស់អ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខនៅកម្ពុជាមួយចំនួនដែលកោះសន្តិភាពទទួលបានពីប្រភពនានាដែលសុំមិនឱ្យបញ្ចេញឈ្មោះ។

១-​ធឿ​ន ធា​រ៉ា ៖ កូនសិស្ស​របស់​លោក អេ ភូ​ថង រូប​នេះ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​មក​ថា តម្លៃ​ខ្លួន​កីឡាករ​លំដាប់​ជួរ​មុខ​ម្នាក់​នេះ​បាន​ហក់​ឡើង​ដល់​ចំនួន៣-៤ពាន់ដុល្លារ​ក្នុង​មួយ​ប្រកួត​ទៅ​ហើយ ។ ប៉ុន្តែ​តម្លៃ​ខ្លួន​នេះ​ក៏​អាច​ប្រែប្រួល​តិចតួច​ទៅ​តាម​ស្ថានីយ​ទូរ​ស្សន៍​សុំ​ការ​យោគយល់​បញ្ចុះតម្លៃ​ខ្លះ ព្រោះ​អាច​មក​ពី​កង្វះ​ថវិកា ឬ​កង្វះ​អ្នកចូលរួម​ជួយ​ឧបត្ថម្ភ​ជាដើម​។

២-​ពេជ្រ សម្បត្តិ ៖ សិស្សសំណព្វរបស់​លោកគ្រូពេជ្រ សុផាន់ រូប​នេះ​ ទទួលបានតម្លៃ​ខ្លួន​២-៣ពាន់ដុល្លារ​ក្នុង​មួយ​ប្រកួត​ ។ ប៉ុន្តែ​តម្លៃ​ខ្លួន​នេះ​ក៏​អាច​ប្រែប្រួល​តិចតួច​ទៅ​តាម​ស្ថានីយ​ទូរ​ស្សន៍​នីមួយៗពោលគឺមិនដូចគ្នាទេ​។

៣-​រឿង សោ​ភ័​ណ្ឌ ៖ តម្លៃ​ខ្លួន​កីឡាករ​ជំនាញ​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​រូប​នេះ ក៏​មានការ​ប្រែប្រួល​ខ្លះ​ដែរ ពោល​កាលពីមុន​ត្រូវ​បាន​គេ​ទម្លាយ​មក​ថា ក្នុង​មួយ​ប្រកួត រឿង សោ​ភ័​ណ្ឌទទួល​បាន​ពី ៥០០ ទៅ ៦០០ ដុល្លារ ។

ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​តម្លៃ​ខ្លួន​បាន​ហក់​ឡើង​ដល់​ជាង១ពាន់ដុល្លារ​ក្នុង​មួយ​ប្រកួត ហើយ​ពេល​ខ្លះ​ក៏​អាច​ឈាន​ដល់​២ពាន់​ដុល្លារ​ផង​ដែរ ដែល​តម្លៃ​២ពាន់​ដុល្លារ​នេះ​ជា​ការ​ទាមទារ​ពី​រូបគេ​ផ្ទាល់ ប៉ុន្តែ​តម្លៃ​ចុង​ក្រោយ​អាស្រ័យ​លើ​ការ​ចរចា​។

៤-​ផល សោ​ភ័​ណ្ឌ ៖ កីឡាករ​របស់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​រូប​នេះ ក៏​មាន​តម្លៃ​ខ្លួន​មិន​អន់​នោះ​ដែរ​នា​ពេល​បច្ចុប្បន្ន ពោល​គឺ​ស្ថិត​នៅ​ចន្លោះ​ពី ១ពាន់ ទៅ ២ពាន់ដុល្លារ​ផង​ដែរ​ក្នុង​មួយ​ប្រកួត​។

៥-​ឡៅ ច​ន្ទ្រា ៖ ប្អូនប្រុស​បង្កើត​របស់ ឡៅ ស៊ី​ណាត រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា តម្លៃ​ខ្លួន​នា​ពេល​បច្ចុប្បន្ន​បាន​ហក់​ឡើង​ខ្លាំង ដោយ​រូបគេ​បាន​ទាមទារ​តម្លៃ​ខ្លួន​ចំនួន​២​ពាន់​ដុល្លារ​ពី​អ្នក​រៀបចំកម្មវិធី​ប្រដាល់ ។ ខណៈ​កាលពី​២​ឬ​៣​ឆ្នាំ​មុន​កីឡាករ​រូប​នេះ​ទទួល​បាន​ត្រឹម​៤០០ ទៅ​៥០០​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​តម្លៃ​២​ពាន់​ដុល្លារ​នេះ​កម្រ​មាន​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ហ៊ាន​ចាយ​លុយ​យក​រូបគេមក​វាយ​ណាស់ បើ​ហ៊ាន​ត្រឹមតែ​ជាង១ពាន់​ដុល្លារ​ប៉ុណ្ណោះ​។

៦-​ឡៅ ចិ​ត្រា ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​ក្លិប​ឆ័​ត្រ​យោង ៩១១ រូប​នេះ​ក៏​មិន​ខុស​គ្នា​ឆ្ងាយ​ពី​បងប្រុស ឡៅ ច​ន្ទ្រា ប៉ុន្មាន​ដែរ ពោល​គឺ​តម្លៃ​ខ្លួន​ល្បាក់​ខ្ទង់ជាង១ពាន់ដុល្លារ​នា​ពេល​បច្ចុប្បន្ន​។

៧-ឃីម ឌីម៉ា ៖ ម្ចាស់មេដាយមាសសុីហ្គេមឆ្នាំ២០១៧រូបនេះបាន​បង្ហើប​​ថា លោក​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ជាង១ពាន់ដុល្លារ​ក្នុង១ប្រកួតនាពេលបច្ចុប្បន្ន។

៨-​ឃី​ម បូ​រ៉ា ៖ ម្ចាស់​មេដាយមាស​ថ្នាក់​ជាតិ​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ឃី​ម បូ​រ៉ា ត្រូវ​បាន​គេ​ដឹង​ថា តម្លៃ​ខ្លួន​របស់​គេ​ក្នុង​មួយ​ប្រកួត​លើ​សង្វៀន​ក្នុងស្រុក គឺ​ទទួល​បាន​ចាប់ពី ១ពាន់ ទៅ ២ពាន់ដុល្លារក្នុង​មួយ​ប្រកួត​។

៩-​ឈុត សេរី​វណ្ណ​ថង ៖ ម្ចាស់​ខ្សែក្រវាត់​មាស​របស់​ស្ថានីយទូរទស្សន៍ PNN ត្រូវ​បាន​ប្រភព​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​បង្ហើប​ប្រាប់​ថា កីឡាករ​រូប​នេះ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ចាប់ពី ១ពាន់ទៅ២ពាន់ដុល្លារ​។

១០-​អេ​លី​ត សាន់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​ក្លិប​នាយកដ្ឋាន​អង្គរក្ស​រូប​នេះ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ពី ៥០០ ទៅ ១០០០ ដុល្លារ​។

ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរថ្មីៗនេះបានទម្លាយថា តម្លៃខ្លួនកីឡាករប្រដាល់គុនខ្មែរនាពេលបច្ចុប្បន្នមានការឡើងខ្ពស់ណាស់ ។ ជាក់ស្ដែង កីឡាករមុឺន មេឃា កាលពីឆ្នាំកន្លងទៅទទួលបានតម្លៃខ្លួនត្រឹមតែ២០០-៣០០ដុល្លារប៉ុណ្ណោះ តែឆ្នាំនេះទទួលបានរាប់ពាន់ដុល្លារក្នុងមួយប្រកួត ។ ឯកឧត្តមថា កីឡាករល្អៗមានទីផ្សារប្រកួតច្រើនដោយសារស្ថានីយទូរទស្សន៍ និងអ្នកឧបត្ថម្ភកម្មវិធីមានតម្រូវការខ្លាំង ធ្វើឱ្យប្រធានក្លិបប្រដាល់ឬគ្រូបង្វឹកពិបាកបំពេញតាមសំណូមពរ។

ឯកឧត្តមបានលើកឧទាហរណ៍ដូចជាលោកអេ ភូថង ថា គាត់កំពុងពិបាកចិត្តដោយសារពេល
លើកទូរសព្ទ ម្ដងៗ ទទួលតែការស្នើសុំកីឡាករល្អៗពីអ្នករៀបចំកម្មវិធីប្រដាល់ស្ទើរគ្រប់ស្ថានីយ
ទូរទស្សន៍ ។ បើមិនឱ្យកីឡាករល្អទៅទេ ពួកគេនឹងខឹង ឬអន់ចិត្ត តែគាត់មិនអាចបំពេញ
តាមសំណូមពរពួកគេទាំងស្រុងទេ ព្រោះកីឡាករមិនអាចឡើងវាយពីរឬច្រើនកម្មវិធីក្នុងពេលតែ
មួយបានឡើយ។

ឯកឧត្តមខូវ ឆាយ បញ្ជាក់ថា សព្វថ្ងៃ​យើង​ឃើញ​ហើយការ​រីក​ចម្រើន​របស់​គុន​ខ្មែរ​កំពុង​មានការ​គាំទ្រ​ច្រើន ដូច្នេះ​ពេល​យើង​រីក​ចម្រើន​គឺ​ភាគី​ពាក់ព័ន្ធ​ទទួល​បាន​ផលប្រយោជន៍​។ កីឡាករ
កីឡាការិនី​យើង​តម្លៃ​ខ្លួន​កើនឡើង​ច្រើន​ជាង​មុន​។

យើង​ឃើញ​ហើយ កីឡាករ កីឡាការិនី​ខ្លះ​កាលពី​ឆ្នាំ​មុន​បាន​តម្លៃ​​ខ្លួន​២០០​ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​ប្រកួត តែ​ឥឡូវ​កើន​រហូត​ដល់​១០០០​ដុល្លារ ១២០០​ដុល្លារ ឬ​១៥០០​ដុល្លារ​ក៏​មាន​។ បើ​បូក​បន្ថែម​នឹង​ប្រាក់​រង្វាន់​២០០០​ទៅ​៣០០០​ដុល្លារ​ទៀត អាច​មួយ​ប្រកួត​បាន​៤០០០​ទៅ​៥០០០​ដុល្លារ​​​។ ការ​បង្កើន​តម្លៃ​ខ្លួន និង​ប្រាក់​រង្វាន់ ស្រប​ពេល​មានកម្ម​វិធី​ប្រកួត​ច្រើន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​ដែលនេះជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់​មួយ​​ជំរុញ​ឲ្យ​វិស័យ​កីឡា​គុន​ខ្មែរ​រីក​ចម្រើន​។

ឯកឧត្តម បាន​រៀបរាប់​ថា បើអាជីព​ប្រដាល់​របស់​ពួក​គាត់​(កីឡាករ-កីឡាការិនី)កាន់តែ​មាន​
តម្លៃ​ ពួក​គាត់​យកចិត្តទុកដាក់ពង្រឹង​ការ​ហ្វឹកហាត់​ដើម្បី​មាន​ទីផ្សារ​ប្រកួត ដោយសារ​តម្លៃ​
ខ្លួន​ចេះ​តែ​កើនឡើង ​។ ទោះបីយ៉ាងណាក៏នៅ​តែ​មាន​អ្នក​បោះបង់​អាជីព​ខ្លះ​ដែរ តែ​អ្នក​ចូល​ហ្វឹកហាត់​ប្រដាល់​ច្រើន ហើយ​អ្នក​បោះបង់​តិច​តូច​គឺជា​អ្នក​ស៊ូ​អត់​រួច​​ ។ ​ការ​ប្រកួតយើង​ឃើញ​ហើយនៅ​លើ​សង្វៀនមាន​ភាពស្វិតស្វាញ​ជាង​មុន មានការ​ប្រកួតប្រជែង​ខ្ពស់​ជាង​មុនដោយ
សារ​កីឡាករ កីឡាការិនី​របស់​យើង​បញ្ចេញ​អស់ពី​សមត្ថភាព​ ។ នៅ​ពេល​តម្លៃ​ខ្លួន​ខ្ពស់​គឺ​
ពួក​គាត់​វ៉ៃ​អស់ពី​សមត្ថភាព គុណភាព​កាន់តែ​ល្អ​​។

យ៉ាងណាក៏ដោយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​រូបនេះមិន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​តើ​កីឡាករ​រូប​ណាខ្លះ និង​កម្រិត​ណា​ដែល​កើនឡើង​តម្លៃ​ខ្លួន​ប្រកួត​​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​មួយ​យ៉ាង​ខ្លី​ ។ ខណៈបច្ចុប្បន្ន​មាន​ម្ចាស់​កម្មវិធី​ប្រកួត​ច្រើន​ កីឡាករ​ល្បី​ៗ​លំដាប់​ជួរ​មុខ​ទទួល​បាន​ឱកាស​ប្រកួត​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ដូច្នេះ​តម្លៃ​ខ្លួន​របស់​ពួក​គេ​កាន់​មានការ​ប្រកួតប្រជែង​ឡើង​ខ្ពស់​ទៅ​តាម​សមត្ថភាព និង​ប្រជាប្រិយភាព​របស់​ពួក​គេ។

គួរ​ឱ្យដឹងផង​ដែរ​ថា តម្លៃ​ខ្លួនកីឡាករ​គុនខ្មែរលំដាប់ជួរមុខនា​ពេល​បច្ចុប្បន្ន​ពិតជាឡើងខ្ពស់មែន ធ្វើឱ្យជីវភាពអ្នកចាប់អាជីពឈឺខ្លួនមួយនេះមានការប្រែប្រួលជាវិជ្ជមានគួរឱ្យចាប់អារម្មណ៍ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ។ ការឡើងតម្លៃខ្លួនខ្ពស់របស់អ្នកប្រដាល់លំដាប់ជួរមុខនាពេលបច្ចុប្បន្នមិនត្រឹមតែទទួលបានការសាទរខ្លាំងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអតីតអ្នកប្រដាល់ល្បីឈ្មោះមួយចំនួនដែលខ្លះប្រកាសចូលនិវត្តន៍ឬឈប់ទៅហើយសុំចូលសង្វៀនវិញដូចជា ឡោ សំណាង, កែវ រំចង់និងវង្ស ណយ…ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ