រាជធានីភ្នំពេញ ៖ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែតុលានេះ មានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនាយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធ ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើក ឡើងថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចាត់តាំងអនុវត្ត យ៉ាងម៉ឹងម៉ាត់ នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ទប់ស្កាត់បានទាំងស្រុងនូវបដិវត្តពណ៌ ធានាប្រក្រតីភាពសង្គម ជីវភាពសង្គមលើគ្រប់វិស័យ រក្សាប្រក្រតីភាពមីក្រូសេដ្ឋកិច្ច បង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគគិន ពាណិជ្ជករ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋរស់នៅ ដោយភាពសុខដុមរមនា ។
លោក ឃួង ស្រេង បានបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរក្សា នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសបានកើតមាន ចំនួន ២៤៩លើក លើ ២៦៤ករណី គឺថយចុះ ១៥ករណី ។ ក្នុងនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសបានសរុប ២៣១ករណី ពិសេសថែមទៀតនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចូលរួមទប់ស្កាត់ ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ ដោយក្រុមជ្រុលនិយមមួយក្តាប់តូច បានព្យាយាម និងប៉ុនប៉ង បង្វែរពីការធ្វើបាតុកម្ម នៅរាជធានីភ្នំពេញ ទៅជាការបំផុសចលនា ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ។
លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងដែរថា ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ ២០២៤-២០២៨ ធ្វើឡើង ខណៈដែលការងារនេះ រដ្ឋបាលស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងអនុវត្តការងារនេះបានយ៉ាងល្អ១០០% នៅភ្នំពេញ ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បញ្ជាក់ថា សន្តិសុខសំខាន់ណាស់ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាំថា “ប្រហែសបាត់ ប្រយ័ត្នគង់” ។ សម្រាប់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោគ ឃួង ស្រេង តែងក្រើនរំលឹកជានិច្ចដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យយកចិត្តក្នុងដាក់ ក្នុងការធ្វើយ៉ាងណាឱ្យភូមិ សង្កាត់នៅរាជធានីភ្នំពេញ មានសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ