ខ្ញុំអ្នកមុខមាត់
(បទកាកគតិ)
-ខ្ញុំអ្នកមុខមាត់ ខ្លាំងគ្មានអ្នកឃាត់ ខ្ញុំអាងគោលការណ៍
គ្មានការយោគយល់ រវល់មេត្តា ព្រោះខ្ញុំនេះណា៎
អ្នកប៉ិនឫកហំ ។
-ម៉្យាងជាមេផ្នែក បើហ៊ានប្រកែក ពិតត្រូវដំណំ
ខ្ញុំស្តីឱ្យស្ពឹក ធ្វើឫកឱ្យហំ ស្តីថាចំៗ
គ្មានអធ្យាស្រ័យ ។
-ខ្ញុំគិតតែម៉្យាង ក្រោមគ្មានសំណាង អាចមកតថ្លៃ
ព្រោះរឿងការងារ គឺជាតម្លៃ ប្រឹងសាងស្នាដៃ
មុខមាត់តែខ្ញុំ ។
-នាយថ្កើងដ្បិតពល ខ្ញុំមិនរវល់ យកគិតជាធំ
ទោះយ៉ាប់យ៉ាងណា តវ៉ាដូចឃ្មុំ ស្តីស្តោះសើចយំ
ខ្ញុំមិនខ្វល់ខ្វាយ ។
-នេះហើយឫកខ្ញុំ គោលការណ៍ជាធំ ចិត្តសែនសប្បាយ
ទោះក្រោមវេទនា ទាមទារបកស្រាយ ខ្ញុំមិនដោះស្រាយ
ចង់បានមុខមាត់ ៕
និពន្ធដោយលោក លីម ចំរើន
ចែករំលែកព័តមាននេះ