ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះវិហារបេតិកភណ្ឌពិភពលោក (បទពាក្យប្រាំបី)

12 ឆ្នាំ មុន

-ប្រាំពីរកក្កដាប្រវត្តិភក្តី ពីរពាន់ប្រាំបីថ្ងៃជ័យលាភី
សម័យប្រជុំលើកសាមសិបពីរ ប្រាសាទរមណីយនាដែនលោកា ។
-នៅកាណាដាកេបិចឈ្មោះខេត្ត កិត្តិយសត្រដែតដោយសារអង្គការ
យូណេស្កូយល់ព្រមកំណត់ត្រា ជាទ្រព្យលោកាថ្លៃថ្កើងលើសលប់ ។
-សាលក្រមឡាអេប្រទេសហូឡង់ ខ្មែរជាតិស្មោះត្រង់គ្មានចិត្តស៊ុបទ្រុប
ដប់ប្រាំមិថុនាល្បីសាកលភព ហុកពីរមិនឈប់ទប់រឿងអាស្រូវ ។

ព្រះវិហារបេតិកភណ្ឌពិភពលោក
(បទពាក្យប្រាំបី)

-ប្រាំពីរកក្កដាប្រវត្តិភក្តី    ពីរពាន់ប្រាំបីថ្ងៃជ័យលាភី
សម័យប្រជុំលើកសាមសិបពីរ    ប្រាសាទរមណីយនាដែនលោកា ។
-នៅកាណាដាកេបិចឈ្មោះខេត្ត    កិត្តិយសត្រដែតដោយសារអង្គការ
យូណេស្កូយល់ព្រមកំណត់ត្រា    ជាទ្រព្យលោកាថ្លៃថ្កើងលើសលប់ ។
-សាលក្រមឡាអេប្រទេសហូឡង់    ខ្មែរជាតិស្មោះត្រង់គ្មានចិត្តស៊ុបទ្រុប
ដប់ប្រាំមិថុនាល្បីសាកលភព    ហុកពីរមិនឈប់ទប់រឿងអាស្រូវ ។
-ប្រាសាទអស្ចារ្យអធិបតេយ្យខ្មែរ    កេរបុព្វខ្សែបន្សល់ទុកនៅ
ឱ្យជំនាន់ក្រោយមិនមានហ្មងសៅ    ពួកចោរកំឡៅរំលោភភ្នែកស្រស់ ។
-នេះដោយស្នាដៃយើងរួមសាមគ្គី    នៅគ្រប់ទិសទីទឹកមុខស្រស់បស់
កោតតែប្រវ័ញ្ចរបស់គេសោះ    ជាយដែនកៀនកោះដីសម្បត្តិជាតិ ។
-សមិទ្ធផលរបស់ដូនតា    មិនប្រើហិង្សាតស៊ូខ្មីឃ្មាត
យើងលើកហេតុផលគេមិនចង្អៀត    តែគ្មានយល់ញាតិត្រូវធ្វើតាមច្បាប់ ។
-អរគុណដល់ខ្មែរបងប្អូនសន្តាន    ក្នុងក្រៅភូមិឋានសូមទានសណ្តាប់
យើងបានឈ្នះហើយរន្ទឺសូរស័ព្ទ    គ្រប់គ្នាក្រោកឆាប់ការពារបន្ត ៕
    និពន្ធដោយលោក វ៉ា ប៊ុណ្ណនី នាយកសាលាវេស្ទើនអន្តរជាតិសាខាប៉ុស្តិ៍លេខ៩