ខ្លាំងអីតែឯង
(បទពាក្យប្រាំបី)
-ក្អែកយន្តសៀមហើររំលងដែនខ្មែរ    ញុះញង់ហោះឆ្វែលមកឈ្លបយកការណ៍
រំលោភដែនអាកាសច្បាស់ចេតនា    រឹតសភាពការណ៍បង្កសង្គ្រាម ។
-វីរយុទ្ធជនខ្មែរអត់ធ្មត់ខ្ពស់    ជៀសវាងជម្លោះឈ្លោះបង្ហូរឈាម
ស្រឡាញ់សន្តិភាពស្អប់ខ្ពើមសង្គ្រាម    រក្សាទំនៀមមិនឈ្លានពានគេ ។
-តែមិនបណ្តោយឱ្យគេទន្ទ្រាន    ហ៊ានចូលព្រមានឱ្យស្គាល់ដៃខ្មែរ
មួយមីល្លីម៉ែត្រក៏មិនបាត់ដែរ    ការពារដីខ្មែរស៊ូប្តូរជីវិត ។
-សៀមមានអំនួតឆ្កួតលែងដឹងអី    អួតស៊ីវិល័យជាងអ្នកខាងជិត
ល្អតែរូបក្រៅចិត្តខ្មៅងងឹត    ល្អមើលល្អហិតតែមិនល្អឆី ។
-ឈាមស្រែកស្បែកហៅសៀមខ្មៅចាំទៅ    កុំនៅល្ងង់ខ្លៅវង្វេងស្មារតី
អាណិតរាស្ត្រខ្លួនគ្នាមិនដឹងអី    រងគ្រោះភិតភ័យដោយដៃក្រុមខ្លួន ។
-ឈប់យកឈាមរាស្ត្រជាឈ្នាន់អំណាច    នយោបាយបិសាចឈ្នានីសរុកកួន
ទាំងអ្នកជិតខាងនិងពលរដ្ឋខ្លួន    ឈប់ខឹងគុំកួននឹងជាតិដទៃ ។
-អាសូរឈាមរាស្ត្រមនុស្សជាតិដូចគ្នា    ហេតុអ្វីចងពៀរឥតត្រាប្រណី
កាត់ទោសផ្តន្ទាសម្លាប់បំភ័យ    អំពើព្រៃផ្សៃសេរីថ្ពឹនភ្នែក ៕    
                                                          និពន្ធដោយលោក កុយ ពិសិដ្ឋ
                        			         
				
ចែករំលែកព័តមាននេះ