ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កឋិនទានមានដើមកំណើតមកពីណា?

1 ខែ មុន

កឋិន​មាន​តែ​ក្នុង​ព្រះពុទ្ធ​សាសនា​តែ​មួយ​គត់ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​នូវ​កឋិន​ត្ថា​រ​កិច្ច​នេះ ក្នុង​រវាង​មជ្ឈិមពោធិកាល ប្រារព្ធ​ចំពោះ​ភ​ទ្ទិ​យ​ភិក្ខុ​ទាំង​៣០​រូប​ដូច​មានដំណើរ​រឿង​បង្ហាញ​ថា​ ៖ កាលនោះ​មាន​ភ​ទ្ទិ​យ​ភិក្ខុ​ទាំង​៣០​រូប​ប្រព្រឹត្ត​អរញ្ញិក​ធុតង្គ​វត្ត​គឺ​ការ​ចម្រើន​វិបស្សនា​កម្មដ្ឋាន​នៅ​ក្នុង​ព្រៃ លុះ​កៀក​នឹង​ថ្ងៃ​ចូល​ព្រះ​វស្សា​ទៅ​ហើយ ក៏​បាន​នាំ​គ្នា​មក​គាល់​ព្រះ​អង្គ ប៉ុន្តែ​ដោយ​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​ផ្លូវ​ឆ្ងាយ​និមន្ត​មក​មិន​ទាន់​ដល់​អាវាស​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​ផង ក៏​ដល់​ថ្ងៃ​ចូល​វស្សា…

កឋិន​មាន​តែ​ក្នុង​ព្រះពុទ្ធ​សាសនា​តែ​មួយ​គត់ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​នូវ​កឋិន​ត្ថា​រ​កិច្ច​នេះ ក្នុង​រវាង​មជ្ឈិមពោធិកាល ប្រារព្ធ​ចំពោះ​ភ​ទ្ទិ​យ​ភិក្ខុ​ទាំង​៣០​រូប​ដូច​មានដំណើរ​រឿង​បង្ហាញ​ថា​ ៖

កាលនោះ​មាន​ភ​ទ្ទិ​យ​ភិក្ខុ​ទាំង​៣០​រូប​ប្រព្រឹត្ត​អរញ្ញិក​ធុតង្គ​វត្ត​គឺ​ការ​ចម្រើន​វិបស្សនា​កម្មដ្ឋាន​នៅ​ក្នុង​ព្រៃ លុះ​កៀក​នឹង​ថ្ងៃ​ចូល​ព្រះ​វស្សា​ទៅ​ហើយ ក៏​បាន​នាំ​គ្នា​មក​គាល់​ព្រះ​អង្គ ប៉ុន្តែ​ដោយ​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​ផ្លូវ​ឆ្ងាយ​និមន្ត​មក​មិន​ទាន់​ដល់​អាវាស​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​ផង ក៏​ដល់​ថ្ងៃ​ចូល​វស្សា ហើយ​ភិក្ខុ​ទាំង​៣០​រូប​នោះ​បាន​ព្រមព្រៀង​គ្នា នៅ​ចាំ​វស្សា​ក្នុង​ដែន​បា​ថេ​យ្យៈ នា​ក្រុង​សាកេ​ត ត្រង់​កណ្ដាលផ្លូវ​តែ​ម្ដង​ទៅ ។

លុះដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធ ដែល​គង់​ចាំ​វស្សា​នៅ​វត្ត ជេតពន នៅ​ក្រុង​សាវត្ថី ចំ​កាល​វេលា​ចុងរដូវ​វស្សា ជា​សម័យ​ភ្លៀង ជោកជាំ​ជា​និច្ច​ពព្រិច​រាល់ថ្ងៃ ធ្វើ​ឲ្យ​ភិក្ខុ​ទាំង​៣០​អង្គ ទទឹកជោក​ទាំង​ស្បង់​ចីវរ​សង្ឃាដី ជួប​ការ​លំបាក​មក​តាម​ផ្លូវ​រហូត (​មួយ​អង្គ​ៗ​គ្មាន​ត្រៃចីវរ​២​បន្លាស់​ទេ​) ។ លុះដល់​វត្ត​ហើយ​បាន​ចូល​បង្គ​ម​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំង​ទទឹកជោក ។

ជា​ទំនៀម​ព្រះពុទ្ធ​បរមគ្រូ​តែង​ទទួល​ធម្ម​ប្បដិសណ្ឋារៈ​សួរនាំ​រាក់ទាក់​សុខទុក្ខ អំពី​ការ​រស់នៅ​ក្នុង​វស្សា​៣​ខែ អាហារ​ភោជន និង​ការ​ព្រមព្រៀង​គ្នា​យ៉ាងណា​ៗ ។ ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​ព្រះ​តម្រិះ​ថា ប្រសិនបើ​តថាគត បាន​អនុញ្ញាត​កឋិន​ត្ថា​រ​កិច្ច ដល់​ភិក្ខុសង្ឃ ពី​មុន​រួច​មក​ហើយ ម្ល៉េះ​សមបើ​ភិក្ខុ​ទាំងនេះ មិន​ជួប​ការ​លំបាក​យ៉ាង​ហឹ្ន​ង​ទេ ហើយ​កឋិន​នេះ ព្រះពុទ្ធ​ពី​អតីត​ក៏​បាន​អនុញ្ញាត​ដល់​សាវក​ដូច​គ្នា​ដែរ ។

ជាមួយ​គ្នា​នោះ​ព្រះពុទ្ធ​ជា​ម្ចាស់​បាន​ប្រជុំ​ភិក្ខុសង្ឃ​ទាំងឡាយ សម្ដែង​ធម្មិក​ថា ហើយ​ទ្រង់​អនុញ្ញាត​កឋិន​ត្ថា​រ​កិច្ច​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅ​ចាំ​វស្សា​រួច​ហើយ​ទទួល​ក្រាលកឋិន​បាន ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស​៥​ប្រការ​នឹង​សម្រេច ដល់​ភិក្ខុ​ទាំងឡាយ ដែល​បាន​ក្រាល និង​អនុមោទនា​កឋិន​រួច​ហើយ ។ ដូច្នេះ​កឋិន​ត្ថា​រ​កិច្ច​នេះ គឺ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ដល់​សង្ឃ​សាវក​ចាប់តាំងពី​ពេល​នោះ​មក ។

បន្ទាប់​ពី​បានដឹង​ថា ព្រះពុទ្ធ​អង្គ អនុញ្ញាត​ឲ្យ​សាវក​ទទួល​កឋិន​ត្ថា​រ​កិច្ច​ហើយ ព្រះបាទ ប​សេន​ទិ​កោសល បាន​ផ្ដើម​ធ្វើ​កឋិនទាន​មុនគេ​បង្អស់​ក្នុង​សម័យ​ពុទ្ធកាល ។ កាលនោះ ព្រះ​មហាកច្ចាយន​ត្ថេ​របា​ន​ទទួល​ក្រាល​គ្រង​កឋិន​ឲ្យ​សម្រេច​គ្រប់​ប្រការ ។ ឯ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​បាន​ទេសនា ក្នុង​ពិធីបុណ្យ​នោះ​ដែរ ដោយ​ទ្រង់​សរសើរ អំពី​អានិសង្ស​នៃ​កឋិនទាន​ជា​អនេកបរិយាយ ។

ចំណែក​អ្នកមាន​សទ្ធា​ធ្វើ​កឋិនទាន ក៏​រមែង​ទទួល​បាន​អានិសង្ស​៥​ប្រការ​គឺ ១-​សុរូប​តា មាន​រូប​ស្អាត ធ្វើ​ឲ្យ​បុរស​ស្ត្រី ឃើញ​ហើយ​ស្រលាញ់​ពេញចិត្ត ជា​រូប​មាន​សម្ផស្ស គេ​ស្ម័គ្រស្មាគម​និយម​មេត្រីភាព ២-​សុវណ្ណ​តា មាន​សម្បុរ​ស្អាត ម៉ដ្ឋខៃ ពុំ​មាន​ស្លាកស្នាម​ឬ​ប្រជ្រុយ​ជាដើម មិន​ខ្មៅ​ស្រិល មិន​សស្គុស មិន​ពពាល​ពព្រុស គឺ​សម្បុរ​ល្អ​គួរ​ជាទី​ចាប់ចិត្ត​នៃ​អ្នកផង​ទាំងឡាយ ៣-​សុស​ណ្ឋា​នា មាន​ទ្រង់ទ្រាយ កម្ពស់ រាងរៅ សមសួន ៤-​ចក្ក​វ​ត្តិ​រាជា ហោ​តិ ត្រូវ​បានជា​ស្ដេច​ចក្រពត្រាធិរាជ ប្រកបដោយ​ទសពិធរាជធម៌ ក្នុង​ជាតិ​ណាមួយ​ដាច់ខាត ៥-​ផល​ចុង​ក្រោយ​គឺ ឯ​ហិ​ភិក្ខុ​-​ភិក្ខុនី នឹង​បាន​លុះ​ព្រះធម៌​ក្នុង​អវសាន​ជាតិ ហើយ​សម្រេច​អរហត្តមគ្គ អរហត្តផល ដល់​ព្រះ​និ​ពា្វ​ន​ជាទី​បំផុត​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ