ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃថៃដែលមហាជនភ្ជាប់នឹងករណី iCon Group ប្រឈមមុខការស៊ើបអង្កេតរឿងដីធ្លី

11 ម៉ោង មុន

ប្រទេសថៃ ៖ យោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២១ ខែតុលា បានឱ្យដឹងថា នាយកដ្ឋានព្រៃឈើព្រះរាជាណាចក្រថៃ នឹងបើកការស៊ើបអង្កេតមជ្ឈមណ្ឌលសមាធិអន្តរជាតិឈឺនតាវ៉ាន់ (Cherntawan International…

0:00
0:00

ប្រទេសថៃ ៖ យោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២១ ខែតុលា បានឱ្យដឹងថា នាយកដ្ឋានព្រៃឈើព្រះរាជាណាចក្រថៃ នឹងបើកការស៊ើបអង្កេតមជ្ឈមណ្ឌលសមាធិអន្តរជាតិឈឺនតាវ៉ាន់ (Cherntawan International Meditation Centre) របស់ព្រះសង្ឃព្រះនាម ព្រះមហា វុទ្ធីយ៉ា វិជ្ជរ៉ាមេឌី (Phra Maha Vudhijaya Vajiramedhi) ស្ថិតក្នុងស្រុកមឿង (Muang) ខេត្តឈៀងរ៉ៃ (Chiang Rai) ពាក់ព័ន្ធនឹងរឿងទន្ទ្រានយកដីព្រៃ។

លោក ស៊ូរ៉ាឆៃ អាឆាឡាប៊ុន (Surachai Achalaboon) អគ្គនាយកនៃនាយកដ្ឋានព្រៃឈើ កាលពីថ្ងៃទី២០ ខែតុលា បានថ្លែងថា លោកបានបញ្ជាឱ្យការិយាល័យខេត្តឈៀងរ៉ៃរបស់នាយកដ្ឋានបើកការស៊ើបអង្កេតជាបន្ទាន់ បន្ទាប់ពីទទួលបានរបាយការណ៍ថា ផ្ទៃដីកាន់កាប់របស់មជ្ឈមណ្ឌលសមាធិឈឺនតាវ៉ាន់ ប្រើប្រាស់លើសពីផ្ទៃដីបានអនុញ្ញាតរហូតដល់៤៧រ៉ៃ ឬស្មើនឹងប្រមាណ ៧.៥២ហិកតា ស្ថិតក្នុងដែនព្រៃបម្រុងជាតិដូយពុយ (Doi Pui)។ មន្ត្រីជំនាញនឹងចុះពិនិត្យទីតាំងផ្ទាល់ នៅថ្ងៃចន្ទនេះ។

មូលនិធិវិមុត្តយ៉ាឡៃ (Vimuttayalai) បានសុំការអនុញ្ញាតពីការិយាល័យព្រះពុទ្ធសាសនាជាតិ ដើម្បីសង់មជ្ឈមណ្ឌលសមាធិនេះលើផ្ទៃដី១៨ហិកតា។ ក្រោយមកបានស្នើសុំប្រើប្រាស់ដីបន្ថែមប្រមាណ ៤.៨ហិកតាទៀត ដូច្នេះសរុបចំនួនប្រមាណ ២២.៨ហិកតា តែការប្រើប្រាស់ជាក់ស្តែងនៃផ្ទៃដីមានរហូតដល់ប្រមាណ ៣០.៤ហិកតាឯណោះ ដែលត្រូវបានចាត់ទុកថាជាការរំលោភលើផ្ទៃដីប្រមាណ ៧.៥២ហិកតានៃតំបន់បម្រុងព្រៃជាតិ។

លោកស៊ូរ៉ាឆៃបញ្ជាក់ថា ច្បាប់ព្រៃឈើបម្រុងជាតិបានចែងថា គ្មានជនណាម្នាក់អាចកាន់កាប់ ប្រើប្រាស់ រស់នៅ សាងសង់ ឈូសឆាយ ដុតព្រៃ ឬសកម្មភាពផ្សេងទៀត ដែលធ្វើឱ្យព្រៃឈើកាន់តែហិនហោច ដោយត្រូវប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី ១ ទៅ ២០ឆ្នាំ និងផាកពិន័យជាប្រាក់ពី ៦រយទៅ ៦ពាន់ដុល្លារ។ ប្រសិនបើបទល្មើសបែបនេះ កើតឡើងលើផ្ទៃដីបម្រុងជាតិមានទំហំធំជាង៤ហិកតា នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៤ ទៅ ២០ឆ្នាំ និងពិន័យជាប្រាក់ពី ៦ពាន់ ទៅ ៦ម៉ឺនដុល្លារ។

បើតាមប្រភពពីបាងកកប៉ុស្តិ៍បន្តឱ្យដឹងថា ការស៊ើបអង្កេតធ្វើឡើង ក្រោយពេលវីដេអូមួយ ត្រូវបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពី ព្រះសង្ឃព្រះនាម ព្រះមហា វុទ្ធីយ៉ា វិជ្ជរ៉ាមេឌី បានបង្រៀនសមាជិកក្រុមហ៊ុន iCon Group ជាច្រើននាក់ថា ការវិនិយោគជាមួយក្រុមហ៊ុននេះ នឹងនាំទៅរកភាពចម្រុងចម្រើនទ្រព្យសម្បត្តិ។

ឃ្លីបវីដេអូរបស់ព្រះអង្គបានបង្កឱ្យមានប្រតិកម្ម និងការរិះគន់ពីមហាជនថា តើការបង្រៀនរបស់ព្រះអង្គ គឺជាការបញ្ចុះបញ្ចូលបុគ្គលមួយចំនួនឱ្យដាក់លុយវិនិយោគជាមួយ iCon Group ដែរឬទេ? ដ្បិតបច្ចុប្បន្នក្រុមហ៊ុននេះ ត្រូវបានចោទប្រកាន់ពីបទដំណើរការគម្រោងបោកប្រាស់ជាប្រព័ន្ធ ឬជាពីរ៉ាមីត ដោយរួមមានទាំងបុគ្គលលេចធ្លោក្នុងប្រទេសថៃ តារាល្បីៗ។ មេខ្លោងចំនួន១៨នាក់ រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុនផងនោះ ឥឡូវនេះប្រឈមនឹងការចោទប្រកាន់ ហើយរហូតមកដល់ពេលនេះ ជនរងគ្រោះជាង៤ពាន់នាក់បានចេញមុខប្តឹង។

ប្រភពពីកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា ពាក់ព័ន្ធជុំវិញបញ្ហានេះ ព្រះមហា វុទ្ធីយ៉ា វិជ្ជរ៉ាមេឌី ព្រះជន្ម ៥១វស្សា ដែលជាព្រះសង្ឃដ៏ល្បីមួយអង្គនៅក្នុងប្រទេសថៃ មិនអាចសុំការអធិប្បាយបាននោះទេ៕ (ប្រភព ៖ បាងកកប៉ុស្តិ៍- Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ