ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះទឹកជំនន់ដ៏អាក្រ.ក់បំផ្លា.ញដំណាំស្រូវ១.១​លាន​តោន ​នៅ​ប្រទេសបង់ក្លាដែស

8 ម៉ោង មុន

ប្រទេសបង់ក្លាដែស ៖ យោងតាមទិន្នន័យពីក្រសួងកសិកម្មបង់ក្លាដែស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា គ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងប្រទេសបង់ក្លាដែសបានបំផ្លិចបំផ្លាញដំណាំស្រូវប្រមាណ ១.១លានតោន ដែលជំរុញឱ្យប្រទេសនេះបង្កើនការនាំចូល…

ប្រទេសបង់ក្លាដែស ៖ យោងតាមទិន្នន័យពីក្រសួងកសិកម្មបង់ក្លាដែស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា គ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងប្រទេសបង់ក្លាដែសបានបំផ្លិចបំផ្លាញដំណាំស្រូវប្រមាណ ១.១លានតោន ដែលជំរុញឱ្យប្រទេសនេះបង្កើនការនាំចូល ចំពេលតម្លៃស្បៀងកើនឡើង។

ទឹកជំនន់ដែលនាំមកដោយភ្លៀងមូសុងខ្លាំង និងទឹកហូរខ្លាំងបានវាយប្រហារប្រទេសបង់ក្លាដែសចំនួនពីរលើកក្នុងខែសីហា និងខែតុលា ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច ៧៥នាក់ និងប៉ះពាល់ដល់មនុស្សរាប់លាននាក់ផ្សេងទៀត ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងជើង ដែលការខូចខាតដំណាំមានកម្រិតធ្ងន់ធ្ងរបំផុត។

ក្រសួងកសិកម្មបង់ក្លាដែសបានឲ្យដឹងថា ទឹកជំនន់ឆ្នាំនេះបានធ្វើឱ្យបាត់បង់ផលិតកម្មស្រូវយ៉ាងច្រើន។ ជាការឆ្លើយតប រដ្ឋាភិបាលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការនាំចូលអង្ករចំនួន ៥០ម៉ឺនតោន ហើយរំពឹងថានឹងអនុញ្ញាតឱ្យមានការនាំចូលពីវិស័យឯកជនក្នុងពេលឆាប់ៗនេះផងដែរ។

រដ្ឋាភិបាលបណ្តោះអាសន្ន ដែលឡើងកាន់អំណាចកាលពីខែសីហា ក្រោយផ្ទុះការតវ៉ាពេញផ្ទៃប្រទេសបានបង្ខំឱ្យអតីតនាយករដ្ឋមន្ត្រី លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌានោះ បាននិងកំពុងតស៊ូ ដើម្បីរក្សាស្ថិរភាពតម្លៃស្បៀងអាហារដែលបានកើនឡើងជិត ២០% ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ការនាំចូលខ្ពស់ដោយបង់ក្លាដែស អាចបង្កើនការនាំចេញពីប្រទេសឥណ្ឌាដែលនៅជិតខាង គឺជាប្រទេសនាំចេញអង្ករធំបំផុតរបស់ពិភពលោក ស្របពេលកាលពីខែមុន រដ្ឋាភិបាលឥណ្ឌាបានកាត់បន្ថយពន្ធលើការនាំចេញអង្ករចំហុយមកត្រឹម ១០%។ គ្រោះទឹកជំនន់ក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិផលផ្សេងទៀត រួមទាំងបន្លែជាង២០ម៉ឺនតោនផងដែរ។ ការខាតបង់ផ្នែកកសិកម្មសរុបទូទាំងប្រទេសបង់ក្លាដែសដោយសារទឹកជំនន់ ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៣៧៧លានដុល្លារអាមេរិក។

ប្រទេសបង់ក្លាដែស គឺជាប្រទេសផលិតអង្ករធំទី៣របស់ពិភពលោក ពោលជាធម្មតាជិត ៤០លានតោនក្នុងមួយឆ្នាំ ដើម្បីទ្រទ្រង់ប្រជាជនខ្លួនចំនួន ១៧០លាននាក់។ ទោះជាយ៉ាងណាក៏ដោយ គ្រោះមហន្តរាយធម្មជាតិតែងតែរំខានដល់ផលិតកម្ម និងនាំទៅរកការកើនឡើងនៃការពឹងផ្អែកលើការនាំចូល។ តួយ៉ាង ទឹកជំនន់ឆ្នាំនេះបានគូសបញ្ជាក់ពីភាពងាយរងគ្រោះរបស់ប្រទេសបង់ក្លាដែស ចំពោះការប្រែប្រួលអាកាសធាតុ។

ការវិភាគរបស់វិទ្យាស្ថានធនាគារពិភពលោកឆ្នាំ ២០១៥ បានប៉ាន់ប្រមាណថា ប្រជាជន ៣.៥លាននាក់នៅក្នុងប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងហានិភ័យការជន់លិចពីទឹកទន្លេប្រចាំឆ្នាំ គឺជាហានិភ័យមួយ ដែលអ្នកវិទ្យាសាស្ត្រអះអាងថា កាន់តែអាក្រក់ទៅៗដោយសារតែការប្រែប្រួលអាកាសធាតុពិភពលោក៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ