សេចក្តីស្រលាញ់ និងលុយកាក់ត្រូវបានគេអះអាងថា គឺជាមូលដ្ឋានគ្រឹះនៃសុភមង្គល និងជាចំណងដែលចងឲ្យជីវិតអាពាហ៍ពិពាហ៍រវាងគូស្វាមី និងភរិយា រស់នៅជួបជុំគ្នារហូតដល់អស់សង្ខាររៀងៗខ្លួន ប៉ុន្តែជាសេចក្តីពិតជីវិតនៃចំណងនេះ ប្រហែលជាមិនងាយស្រួលដូចជាការគិតឡើយ ។ នៅក្នុងបរិបទនៃសង្គមកម្ពុជាក៏ដូចនៅក្នុងផ្នែកជាច្រើននៃពិភពលោកដែរអាពាហ៍ពិពាហ៍មានតម្លៃយ៉ាងជ្រាលជ្រៅជាមូលដ្ឋានគ្រឹះនៃជីវិតគ្រួសារ…
សេចក្តីស្រលាញ់ និងលុយកាក់ត្រូវបានគេអះអាងថា គឺជាមូលដ្ឋានគ្រឹះនៃសុភមង្គល និងជាចំណងដែលចងឲ្យជីវិតអាពាហ៍ពិពាហ៍រវាងគូស្វាមី និងភរិយា រស់នៅជួបជុំគ្នារហូតដល់អស់សង្ខាររៀងៗខ្លួន ប៉ុន្តែជាសេចក្តីពិតជីវិតនៃចំណងនេះ ប្រហែលជាមិនងាយស្រួលដូចជាការគិតឡើយ ។
នៅក្នុងបរិបទនៃសង្គមកម្ពុជាក៏ដូចនៅក្នុងផ្នែកជាច្រើននៃពិភពលោកដែរអាពាហ៍ពិពាហ៍មានតម្លៃយ៉ាងជ្រាលជ្រៅជាមូលដ្ឋានគ្រឹះនៃជីវិតគ្រួសារ ហើយមូលដ្ឋានសំខាន់ គឺលុយ និងសេចក្តីស្រលាញ់នេះឯង ។
ទន្ទឹមនឹងលុយ និងសេចក្តីស្រលាញ់ចេញទស្សនៈខ្លះក៏បានលើកឡើងថា នៅមានធាតុផ្សំផ្សេងទៀតនៃភាពជាដៃគូដែលកើតចេញពីការគោរព និងអោយតម្លៃគ្នាទៅវិញទៅមក ។ ទោះជាយ៉ាងណាក៏ដោយ មនោសញ្ចេតនាដែលកំពុងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជាជាច្រើននាពេលបច្ចុប្បន្ននេះ បានបង្ហាញថា ស្ថិរភាពហិរញ្ញវត្ថុជារឿយៗមានអាទិភាពជាងស្នេហានៅពេលពួកគេនិយាយអំពីការទ្រទ្រង់ចំណងអាពាហ៍ពិពាហ៍ដ៏រីករាយ និងយូរអង្វែង ។
សារៈសំខាន់នៃសេចក្តីស្រឡាញ់ក្នុងជីវិតអាពាហ៍ពិពាហ៍
សេចក្តីស្រលាញ់ជារឿយៗត្រូវបានគេចាត់ទុកថា ជាបេះដូងនៃអាពាហ៍ពិពាហ៍ ។ វាជាអ្វីដែលនាំមនុស្សពីរនាក់មកជួបគ្នា និងរក្សាភាពស្និទ្ធស្នាលខាងផ្លូវអារម្មណ៍ជាមួយគ្នា ។ នៅក្នុងសង្គមវប្បធម៌ខ្មែរចំណងគ្រួសារ មានសារៈសំខាន់បំផុត ហើយជាទូទៅបុរស និងនារីដែលមានសេចក្តីស្រឡាញ់ចំពោះគ្នា តែងតែមានបំណងពង្រីកចំណងនេះ រហូតដល់ការបង្កើតគ្រួសារកាន់តែទូលំទូលាយ ។
សេចក្តីស្រលាញ់ គឺជាធាតុផ្សំដ៏ចាំបាច់ ព្រោះវាជំរុញឱ្យមានការជឿទុកចិត្ត ការប្រាស្រ័យទាក់ទង និងការយល់ចិត្ត ដែលជាសសរស្តម្ភនៃទំនាក់ទំនងជោគជ័យ ។ បើគ្មានសេចក្តីស្រឡាញ់ទេ អាពាហ៍ពិពាហ៍អាចក្លាយជាការរៀបចំនូវប្រតិបត្តិការត្រឹមតែបំពេញកិច្ច និងកាតព្វកិច្ចសង្គមប៉ុណ្ណោះ ។ នៅសម័យនេះ សេចក្តីស្រលាញ់តែមួយ មិនមែនជាកត្តាលីករនៅក្នុងការធានានៃការផ្សាភ្ជាប់នៃជីវិតចំណងអាពាហ៍ពិពាហ៍ឲ្យស្ថិតស្ថេរបានឡើយ ។ គូស្វាមីភរិយាអាចស្រឡាញ់គ្នាជ្រាលជ្រៅ ប៉ុន្តែនៅតែប្រឈមមុខនឹងបញ្ហា ប្រសិនបើទិដ្ឋភាពមូលដ្ឋានផ្សេងទៀត ដូចជាតម្លៃរួម ការទំនាក់ទំនង និងគោលដៅជីវិតមិនស្របគ្នា ។
ក្នុងករណីខ្លះ ការភ្ជាប់អារម្មណ៍ដោយគ្មានការពិចារណាជាក់ស្តែងពោល គឺស្នេហាភ្លើងចំបើងប៉ះភ្លាមស្រឡាញ់ភ្លែត អាចនាំឱ្យមានបញ្ហាដាច់ដោចគ្នាវិញ ទៅតាមពេលវេលាឬកត្តាសំខាន់ៗជុំវិញខ្លួន ។
សារៈសំខាន់នៃស្ថិរភាពហិរញ្ញវត្ថុ
សម្រាប់កម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលទាបមួយនៅលើពិភពលោក គ្រួសារជាច្រើនរស់នៅដោយប្រាក់ចំណូលតិចតួច ដូច្នេះសន្តិសុខផ្នែកហិរញ្ញវត្ថុតែងតែត្រូវបានគេមើលឃើញថា ជាតម្រូវការជាមុនសម្រាប់ភាពជោគជ័យនៃអាពាហ៍ពិពាហ៍ ។
នៅក្នុងស្ថានភាពបែបនេះ មនុស្សជាច្រើនជឿថា ការលំបាកផ្នែកហិរញ្ញវត្ថុអាចបង្អាក់ទំនាក់ទំនងដែលនាំឱ្យមានភាពតានតឹង និងជម្លោះ ។ លុយមិនមែនគ្រាន់តែជាការលួងលោមសម្ភារៈប៉ុណ្ណោះទេ វាតំណាងឱ្យសមត្ថភាពក្នុងការផ្គត់ផ្គង់គ្រួសារ ការធានាការអប់រំរបស់បុត្រធីតា និងការបំពេញតាមការរំពឹងទុករបស់សង្គម ដូចជា ការចំណាយលើពិធីប្រពៃណីនៃអាពាហ៍ពិពាហ៍ និងថ្លៃបណ្ណាការជាដើម ។ ដូច្នេះ បើគ្មានស្ថិរភាពហិរញ្ញវត្ថុ សម្ពាធនៃជីវិតប្រចាំថ្ងៃអាចគ្របដណ្ដប់លើសេចក្តីស្រឡាញ់ ហើយក៏អាចនឹងមានឥទ្ធិពលដល់បុរស និងនារីដែលត្រូវការការចាប់ដៃគ្នាកសាងគ្រួសារផងដែរ ។
តាមការសង្កេតកន្លងមក មូលហេតុនៃការបែកបាក់អាពាហ៍ពិពាហ៍មួយចំនួន ក៏មានករណីពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុនេះផងដែរ ។ បញ្ហាហិរញ្ញវត្ថុជាប់ចំណាត់ថ្នាក់ក្នុងចំណោមហេតុផលកំពូលនៃការបែកបាក់ ចំណងអាពាហ៍ពិពាហ៍ ។ នៅពេលដែលគូស្វាមីភរិយាមិនអាចទិញសម្ភារៈចាំបាច់ ឬជំពាក់បំណុលគេ ភាពតានតឹងតែងតែកើតឡើងបង្កើតបរិយាកាសអវិជ្ជមានសម្រាប់ស្នេហា និងជាឧបសគ្គនៅក្នុងការបង្កើតស្ថានការនៃភាពត្រេកត្រអាលខាងអារម្មណ៍នៃការរស់នៅជីវិតជាគូផងដែរ ។
តម្លៃកំពូលនៃការរក្សាចំណងអាពាហ៍ពិពាហ៍ គឺសេចក្តីគោរព និងអោយតម្លៃ
សេចក្តីស្រលាញ់ និងលុយត្រូវបានគេមើលឃើញថា ជាសរស្តម្ភ នៃការរក្សាចំណងអាពាហ៍ពិពាហ៍ ប៉ុន្តែពួកវាមិនមែនជាធាតុផ្សំតែមួយគត់សម្រាប់ភាពជោគជ័យយូរអង្វែងនៃការរក្សាចំណងនេះឡើយ ។ ផ្អែកតាមបទពិសោធន៍នៃជីវិតជាគូរបស់ចាស់ព្រឹទ្ធាចារ្យ ជាពិសេស គឺជីដូជីតាយើងទាំងអស់គ្នា ដែលពួកគាត់អាចរស់នៅជាមួយគ្នារហូតដល់អស់សង្ខារៀងៗខ្លួន បានផ្តល់តម្លៃដ៏កំពូលដល់ការការគោរព និងអោយតម្លៃគ្នា ។
មកដល់ពេលនេះ គូស្វាមីភរិយាដែលអាចនៅតែបន្តរក្សាចំណងអាពាហ៍ពិពាហ៍នៅក្នុងស្ថានភាពល្អប្រសើរ គឺមកពីកត្តាទាំងនេះ ។ ពួកគេនៅជាមួយគ្នា មិនមែនមានន័យថា ពួកគេមិនចេះ ឬមិនដែលឈ្លោះគ្នាឡើយ ប៉ុន្តែតម្លៃ និងការគោរពគ្នា នេះហើយដែលនាំឲ្យពួកគេអាចមានការពិភាក្សាគ្នាសម្របសម្រួលគ្នា ហើយអាចបន្តជីវិតអាពាហ៍ពិពាហ៍នឹងគ្នាយ៉ាងជាប់លាប់រហូតដល់បង្កើតគ្រួសារតាំងពីបាតដៃទទេ មានកូនមានចៅ មានទ្រព្យរស់នៅយ៉ាងមានសុភមង្គល ។
ក្នុងការដោះស្រាយជម្លោះ មិនថា ពួកគេកើតចេញពីបញ្ហាហិរញ្ញវត្ថុ ឬភាពតានតឹងផ្សេងទៀតរួមទាំងបញ្ហាស្រីញីក្រៅផ្ទះខ្លះៗ ដែលភាគីបុរសច្រើនតែមានក៏ដោយ ។ ការគោរព និងការជឿទុកចិត្តគ្នានេះ មានតួនាទីសំខាន់ណាស់នៅក្នុងការធានាថា ដៃគូទាំងពីរមានអារម្មណ៍ថា មានតម្លៃ និងចេះស្តាប់ហេតុ និងផល ។ ក្រៅពីនេះតម្លៃនៃការចែករំលែកមិនថា ខាងវិញ្ញាណ វប្បធម៌ ឬជីវិតផ្លូវភេទក៏ជារឿងដែលសំខាន់ផងដែរ នៅក្នុងការរក្សា និងថែរបំប៉នចំណងអាពាហ៍ពិពាហ៍ ។ ការគោរព និងអោយតម្លៃគ្នានេះអាចមានអាទិភាពលើស្នេហា ហើយជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃជីវិតក្នុងសង្គមកំពុងអភិវឌ្ឍន៍ដូចប្រទេសកម្ពុជា ។
សរុបសេចក្តីមក ខណៈពេលដែលសេចក្តីស្រលាញ់ និងលុយមានសារៈសំខាន់មិនអាចប្រកែកបាន ប៉ុន្តែកត្តាទាំងពីរនេះមិនមែនជាធាតុផ្សំតែមួយគត់សម្រាប់រក្សាជីវិតអាពាហ៍ពិពាហ៍យូរអង្វែងបានឡើយ បើខ្វះការគោរព និងអោយតម្លៃគ្នា ។ ទំនាក់ទំនងនៃជីវិតគ្រួសារដែលទទួលបានជោគជ័យទាមទារឱ្យបុរសនិងនារីចេះរក្សា តុល្យភាពល្អរវាងភាពស្និទ្ធស្នាលខាងផ្លូវអារម្មណ៍ ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងគ្នាទៅវិញទៅមក ។
គូស្វាមីភរិយាដែលជោគជ័យ គឺអាចកសាងមូលដ្ឋាននៃសេចក្តីស្រលាញ់ ហើយចេះគោរពនិងអោយតម្លៃគ្នា អាចដឹកនាំគ្រួសារឈានទៅរកលុយ ហើយនឹងអាចនឹងដាក់ទុនជីវិតវិនិយោគរួមគ្នាលើតម្រូវការទាំងផ្លូវអារម្មណ៍ និងជាក់ស្តែង រួមជាមួយនឹងការជំរុញទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាដែលសុទ្ធតែជាចំណុចគន្លឹះនៅក្នុងការរក្សាជីវិតអាពាហ៍ពិពាហ៍យូរអង្វែង ៕
ចែករំលែកព័តមាននេះ