ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៃ ថៃសាន់ នឹងបាន៥លានដុល្លារភ្លាម បើអាចស៊ូច្រើនជាង៤ទឹកពេលប៉ះ ជេក ផូល

12 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ លោក ជេក ផូល (Jake Paul) តារាយូធូបដ៏ល្បីរបស់អាមេរិក ដែលប្រែខ្លួនជាអ្នកប្រដាល់សកលអាជីព កាលពីពេលថ្មីៗនេះ…

សហរដ្ឋអាមេរិក ៖ លោក ជេក ផូល (Jake Paul) តារាយូធូបដ៏ល្បីរបស់អាមេរិក ដែលប្រែខ្លួនជាអ្នកប្រដាល់សកលអាជីព កាលពីពេលថ្មីៗនេះ បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ក្រោយផ្តល់លក្ខខណ្ឌដ៏ហួសចិត្តមួយដល់លោក ម៉ៃ ថៃសាន់ (Mike Tyson) អតីតអ្នកប្រដាល់សកលដ៏ឆ្នើមរបស់អាមេរិក និងប្រវត្តិសាស្ត្រពិភពលោក មុនពេលប្រឈមមុខដាក់គ្នានៅលើសង្វៀន នាខែក្រោយ។

អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ពិភពលោក ម៉ៃ ថៃសាន់ ដែលឈានដល់វ័យ៥៨ឆ្នាំ នឹងត្រូវឡើងសង្វៀនប្រកួតជាមួយយុវជន ជេក ផូល វ័យ២៧ឆ្នាំ នាថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ នៅកីឡដ្ឋាន AT&T ដែលអាចផ្ទុកអ្នកទស្សនាបាន៨ម៉ឺននាក់ ស្ថិតនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ការប្រកួតអាជីពដ៏ក្រើកនេះ នឹងផ្សាយបន្តផ្ទាល់លើកម្មវិធី Netflix។ ដើមឡើយជំនួបនេះត្រូវធ្វើឡើងតាំងពីខែកក្កដា ប៉ុន្តែត្រូវពន្យារពេល ដោយសារតែជំងឺដំបៅក្រពះរបស់ ម៉ៃ ថៃសាន់ រើឡើងភ្លាមៗ ត្រូវទទួលការសង្គ្រោះបន្ទាន់។

ទោះយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ជេក ផូល នៅក្នុងវីដេអូឃ្លីបមួយ ដែលត្រូវបានចែករំលែកលើកម្មវីធី TikTok របស់គេហទំព័រល្បែងភ្នាល់មួយ។ យុវជនកំពូលឌឺរូបនេះកំពុងគេងលើសាឡុង និងដាក់លុយជាច្រើនខ្ទាស់លើពោះរបស់ខ្លួន ហើយបានផ្តល់លក្ខខណ្ឌដ៏ហួសចិត្តមួយសម្រាប់ ម៉ៃ ថៃសាន់។ ក្នុងវីដេអូនោះ ជេក ផូល បាននិយាយយ៉ាងដូច្នេះថា «Mikey Mikey បើអ្នកអាចស៊ូជាមួយខ្ញុំបានច្រើនជាង៤ទឹក ខ្ញុំនឹងឱ្យអ្នក៥លានដុល្លារ។ ប៉ុន្តែបើអ្នកស៊ូមិនបានទេ នោះអ្នកត្រូវតែសាក់អក្សរថា ខ្ញុំស្រឡាញ់ Jake Paul។ តើព្រម ឬមិនព្រម?»។ ថ្មីៗនេះ ជេក ផូល ក៏បានថ្លែងប្រាប់គេហទំព័រ Sports Illustrated ថា ម៉ៃ ថៃសាន់ មិនទាន់ឆ្លើយតបនឹងការផ្តល់ជូនលក្ខខណ្ឌរបស់ខ្លួននៅឡើយទេ។

យ៉ាងណាមិញ ក្រោយការបង្ហោះវីដេអូនោះ ស្រាប់តែលោក លូ ឌីបេឡា (Lou DiBella) អ្នកផ្សព្វផ្សាយ ឬ Promoter កីឡាប្រដាល់ជើងចាស់មួយរូបបានស្នើឱ្យបញ្ឈប់ការផ្តល់លក្ខខណ្ឌដ៏ហួសចិត្តរបស់ ជេក ផូល និងទាមទារឱ្យអាជ្ញាធរបញ្ឈប់ការភ្នាល់នេះ។ លោកបានបង្ហោះសារមួយសរសេរលើបណ្តាញសង្គ X ថា « ឥឡូវនេះ! តើគ្មានច្បាប់កំណត់របស់រដ្ឋទេ? ហើយបើនេះជាការប្រកួតអាជីព សកម្មភាពនេះ គឺជាប្រភេទនៃការភ្នាល់ដែលត្រូវបានហាមឃាត់ ហើយទាមទារឱ្យមានការចាត់វិធានការផ្លូវច្បាប់»។

គួរបញ្ជាក់ថា ការប្រកួតអាជីពរវាង ម៉ៃ ថៃសាន់ និង ជេក ផូល នឹងត្រូវប្រកួតលើប្រភេទទម្ងន់ធ្ងន់របស់ ម៉ៃ ថៃសាន់ បើទោះបីជា ជេក ផូល ធ្លាប់ប្រកួតតែប្រភេទទម្ងន់ស្រាល Cruiserweight យ៉ាងណាក៏ដោយ។ ការប្រកួតនេះ នឹងធ្វើឡើង៨ទឹក ដោយ១ទឹករយៈពេល២នាទី និងតម្រូវពាក់ហ្គង់១៤អោន ដែលស្មើនឹងទម្ងន់ ០.៤គីឡូក្រាម។

មនុស្សដែក ម៉ៃ ថៃសាន់ បានក្លាយខ្លួនជាអ្នកប្រដាល់អាជីពក្នុងឆ្នាំ ១៩៨៥ ពោលគឺស្ថិតនៅវ័យ​១៨​ឆ្នាំ ហើយបានចូលនិវត្តន៍ពីអាជីពដ៏អស្ចារ្យនេះ នៅឆ្នាំ ២០០៥ ដោយត្រូវបានប្រសិទ្ធនាមថា «ស្តេចប្រដាល់ទម្ងន់ធ្ងន់អាមេរិក» ជាមួយកំណត់ត្រាប្រកួត៥៨ដង ឈ្នះ៥០ដង ចាញ់៦ដង និងចាត់ទុកជាមោឃៈ ឬ No Contest ២ដង ដោយបានផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត៤៤ដង។ ចំណែក ជេក ផូល ចាប់តាំងពីឆ្នាំ ២០២០ បានក្លាយជាអ្នកប្រដាល់អាជីព ដោយឆ្លងកាត់ការប្រកួតអាជីព​១០ដង ឈ្នះ៩ដង ចាញ់១ដង និងផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត៦ដង ហើយក៏ធ្លាប់ឈ្នះកីឡាករខ្លាំងៗជាច្រើននាក់ផងដែរ៕ (ប្រភព ៖ SPORTbible និង GB News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ