ប្រសិនបើយើងចង់ទាក់ទាញទេសចរជនជាតិចិនមកកម្ពុជាឲ្យកាន់តែច្រើន លុះត្រាតែយើងទាំងអស់គ្នាខិតខំបន្ថែមទៀត ពីព្រោះនៅពេលនេះយើងក៏ចង់បានភ្ញៀវចិន គេក៏ចង់បានដូចគ្នា ។ ប៉ុន្តែបើមើលតាមស្ថាភាពសេដ្ឋកិច្ច និងទំនោរនៅពេលនេះភ្ញៀវចិនហាក់ចាប់អារម្មណ៍ដំណើរទេសចរណ៍ ហើយចាយលុយនៅក្នុងស្រុកច្រើនជាងចេញក្រៅប្រទេស ។ មកដល់ពេលនេះ…
ប្រសិនបើយើងចង់ទាក់ទាញទេសចរជនជាតិចិនមកកម្ពុជាឲ្យកាន់តែច្រើន លុះត្រាតែយើងទាំងអស់គ្នាខិតខំបន្ថែមទៀត ពីព្រោះនៅពេលនេះយើងក៏ចង់បានភ្ញៀវចិន គេក៏ចង់បានដូចគ្នា ។ ប៉ុន្តែបើមើលតាមស្ថាភាពសេដ្ឋកិច្ច និងទំនោរនៅពេលនេះភ្ញៀវចិនហាក់ចាប់អារម្មណ៍ដំណើរទេសចរណ៍ ហើយចាយលុយនៅក្នុងស្រុកច្រើនជាងចេញក្រៅប្រទេស ។
មកដល់ពេលនេះ ស្ថានភាពនៃការតភ្ជាប់ជើងហោះហើររវាងចិន និងកម្ពុជា គឺនៅតែមានស្ថានភាពជាប្រក្រតី ហើយអ្នកដំណើរចិនចេញចូលកម្ពុជា តាមយន្តហោះ គឺនៅពេញៗជាធម្មតាទេ ប៉ុន្តែយោងតាមអត្ថបទមួយដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរថ្មីៗនេះយើងទាំងអស់គ្នា សូមលើកកម្ពស់ការយកចិត្តទុកដាក់ បើមិនដូច្នេះទេវាអាចនឹងប៉ះពាល់ ។
តាមសេចក្តីរាយការណ៍នោះបានឲ្យដឹងថា តួរលេខផ្លូវការដែលបានចេញផ្សាយបង្ហាញថា ត្រឹមតែបុណ្យឈប់សម្រាកធំៗនៅក្នុងប្រទេសប្រចាំឆ្នាំ២០២៤នេះពលរដ្ឋចិនរហូតដល់ទៅ៧៦៥លាននាក់បានដើរកំសាន្តនៅក្នុងប្រទេស ពោល គឺមានការកើនឡើងរហូតដល់ទៅជិត៦ភាគរយ ស្របពេលដែលការចំណាយដើរលេងនេះ គឺអស់ប្រមាណជាជាង៧០០ពាន់លានយ័ន ឬប្រមាណជាជាង៩៩ពាន់លានដុល្លារ មានកំណើនកើនឡើងចំនួន៦,៣ភាគរយ ។ សេវាកម្មទេសចរណ៍ដែលពលរដ្ឋចិនកំពុងតែចាប់អារម្មណ៍បំផុតនោះ គឺសេវាកម្មទេសចរណ៍វប្បធម៌ប្រពៃណី ។
ប្រភពដដែលបានបន្តថា ពលរដ្ឋចិនបច្ចុប្បន្ននេះ មានការប្រមូលផ្តុំគ្នាជាក្រុមៗ ហើយធ្វើដំណើរទៅកាន់ទីតាំងប្រវត្តិសាស្ត្រនានា ក្នុងអំឡុងពេលវិស្សមកាល ឆ្នាំ២០២៤ ដោយក្នុងអំឡុងពេលវិស្សមកាលថ្មីៗនេះ តម្រូវការសម្រាប់សេវាដឹកជញ្ជូនទៅកាន់តំបន់ទេសចរណ៍ដូចជា ទីក្រុងបុរាណ និងទីប្រជុំជនបានកើនឡើង១១ភាគរយ បើប្រៀបធៀបទៅនឹងអំឡុងពេលមុនថ្ងៃឈប់សម្រាកឆ្នាំមុន ។
ក្នុងនាមជាប្រទេសដែលសំបូរដោយកំណប់ទ្រព្យប្រវត្តិសាស្ត្រ និងវប្បធម៌ សារមន្ទីរនានាទូទាំងប្រទេសស្រាប់ ចិនក៏កំពុងទទួលបានប្រជាប្រិយភាពក្នុងចំណោមប្រជាជនចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះជាមួយនឹងការចូលទស្សនា១,២៩ ពាន់លាននាក់ ក្នុងឆ្នាំ២០២៣ ។
នេះគឺជានិន្នាការថ្មីមួយ ខណៈដែល៨ខែដើមឆ្នាំ២០២៤កន្លងទៅនេះ ភ្ញៀវទេសចរចិនឈរនៅលំដាប់ទី៣ ពោលគឺនៅពីក្រោយថៃ និង វៀតណាម ខណៈដែលមុនកូវីដ១៩ ភ្ញៀវទេសចរចិន គឺឈរនៅលំដាប់ទី១ ។
តាមស្ថិតិដែលប្រកាសដោយក្រសួងទេសចរណ៍បានឲ្យដឹងថា ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិនសរុប៥៣៨.៨៣៤ នាក់ ពោលគឺមានកំណើនកើនឡើង ៤៧,៧ ភាគរយ ហើយប្រសិនបើយើងនៅតែបន្តនិន្នាការល្អ ហើយនៅតែបន្តទាក់ទាញភ្ញៀវទេសចរចិនដូចបច្ចុប្បន្នឫប្រសើរជាងបច្ចុប្បន្ននោះ វិស័យទេសចរណ៍ស្រុកយើងនឹងវិជ្ជមាន ប៉ុន្តែកុំភ្លេចនិន្នាការថ្មីខាងលើ និងការប្រជែងការទាក់ទាញពីប្រទេសផ្សេងៗនៅក្នុងតំបន់ ។
នៅពេលនេះកុំភ្លេចថា ថៃ និងវៀតណាម សូម្បីតែឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីជាដើម គឺសឹងតែកំណត់គោលដៅនៃការទាក់ទាញភ្ញៀវទេសចរចិនដូចគ្នា។ ដូច្នេះនៅពេលដែលនិន្នាការចិនលែងចង់ចំណាយក្រៅប្រទេសដើរកំសាន្តច្រើន ហើយប្រទេសផ្សេងមានលក្ខណៈទាក់ទាញ និងធ្វើជំនាញទីផ្សារបានល្អជាងកម្ពុជានោះ វាពិតជាហានិភ័យសម្រាប់ទីផ្សារទេសចរណ៍នៅក្នុងស្រុករបស់យើង ។
មកដល់ពេលនេះ ទេសចរណ៍ត្រូវបានគេដឹងថា គឺជាសរសរស្តម្ភដ៏សំខាន់មួយសម្រាប់ជំរុញនិងរក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលនៅពេលនេះអាចស្តារនៅក្នុងរង្វង់៦ភាគរយក្រោយពេលដែលបានធ្លាក់ចុះដ៏អវិជ្ជមានកាលពីសម័យកូវីដ ១៩ ។
សរុបមកវិញដើម្បីលើកកម្ពស់ការទាក់ទាញ និងបង្កើនប្រសិទ្ធភាពនៃការប្រកួតប្រជែងការទាក់ទាញទេសចរទាំងចិន និងបរទេសផ្សេងៗទៀតយើងទាំងអស់គ្នាត្រូវតែរួបរួមគ្នាជំរុញ និងប្រែក្លាយប្រទេសទៅជាគោលដៅមួយដ៏គួរឲ្យចាប់អារម្មណ៍ហើយ ជាពិសេសលុបបំបាត់ឲ្យបាននូវ «បី ក » គឺ«កុំកាប់ កុំកេង កុំកោរ» ភ្ញៀវទេសចរ ។ កុំភ្លេចថា ល្អមិនងាយកសាងកេរ្តិ៍ឈ្មោះទេ ប៉ុន្តែអាក្រក់វិញ គឺវាយស្រួលនឹងត្រូវគេនិយាយគេរិះគន់គេវា.យប្រហារណាស់ ។ ដូច្នេះយើងទាំងអស់គ្នា សូមយកចិត្តទុកដាក់ ហើយខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឈប្រទេសជាតិរបស់យើង មិនថា តែទេសចរណ៍ទេ គឺសេវាកម្ម ពាណិជ្ជកម្ម និងការវិនិយោគផងដែរ ៕
ចែករំលែកព័តមាននេះ