ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFC U17 ៖ កម្ពុជាឈ្នះបង់ក្លាដេស ទោះមានគ្នាត្រឹម១០នាក់ ខណៈហ្វីលីពីនលុតម៉ាកាវ ៧-០

12 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ ធ្វើបានយ៉ាងល្អ ក្រោយយកឈ្នះលើក្រុមបង់ក្លាដេស ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតពូល B វគ្គជម្រុះពានរង្វាន់…

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ ធ្វើបានយ៉ាងល្អ ក្រោយយកឈ្នះលើក្រុមបង់ក្លាដេស ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតពូល B វគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ បើទោះបីជាមានគ្នាត្រឹម១០នាក់យ៉ាងណាក៏ដោយ។

ជ័យជម្នះការប្រកួតបើកឆាកពូល B របស់ក្រុម U17 កម្ពុជា សម្រេចបានដោយកីឡាករ ថាច់ ដារ៉ូ នៅនាទីទី៨៥ បើទោះបីជាម្ចាស់ផ្ទះកម្ពុជាត្រូវលេងជាមួយសមាជិក១០នាក់ តាំងពីនាទីទី ២៥ ក្នុងតង់ទី១ យ៉ាងណាក៏ដោយ បន្ទាប់ពីកីឡាករ គារ វិសាល ទទួលបានកាតក្រហម។ នៅក្នុងពូល B ដូចគ្នានេះដែរ ក្រុម U17 ហ្វីលីពីន បានលុតក្រុម U17 ម៉ាកាវ ដោយលទ្ធផល ៧-០ នៅពហុកីឡដ្ឋានជាតិ។

តាមរយៈលទ្ធផលនេះ ហ្វីលីពីនកាន់កាប់កំពូលតារាងបណ្តោះអាសន្ន ដោយមាន៣ពិន្ទុដូចនឹងក្រុមលេខ២ កម្ពុជា។ ចំណែកបង់ក្លាដែសឈរនៅលេខ៤ និងម៉ាកាវនៅបាតតារាង ខណៈដែលអាហ្វហ្គានីស្ថានឈរនៅលេខ៣ ពុំទាន់មានការប្រកួត។

ជំនួបទី២ ពូល B ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែតុលា ដោយវេលាម៉ោង ០៤:០០នាទីរសៀល ហ្វីលីពីន ត្រូវប៉ះ អាហ្វហ្គានីស្ថាន មុនពេលម្ចាស់ផ្ទះកម្ពុជា ប៉ះ ម៉ាកាវ នៅវេលាម៉ោង ០៧:០០នាទីយប់។

សូមជម្រាបជូនថា កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers សម្រាប់ពូល B ដែលដំណើរការចាប់ពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤។ ក្រុមលេខ១ប្រចាំពូល នឹងបានសិទ្ធិទៅប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ AFC U17 Asian Cup ឆ្នាំ ២០២៥ ដែលប្រទេសអារ៉ាប៊ីសាអូឌីតទទួលធ្វើជាម្ចាស់ផ្ទះ ដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ២ត្រូវអ៊ុតចំណាត់ថ្នាក់ក្រុមលេខ២ល្អ។

នៅក្នុងពូល A ម្ចាស់ផ្ទះហ៊្សកដានីចាញ់ស៊ីរី លទ្ធផល ៣-១។ កូរ៉េខាងជើងលុតហុងកុង លទ្ធផល ៨-២ ខណៈអ៊ីរ៉ង់ពុំទាន់មានការប្រកួត។ នៅក្នុងពូល C ឯណោះវិញ ម្ចាស់ផ្ទះចិនឈ្នះបារ៉ែន លទ្ធផល ២-០។ ម៉ាល់ឌីវបានត្រឹមស្មើជាមួយប៊ូតាន លទ្ធផល ២-២ រីឯកូរ៉េខាងត្បូងពុំទាន់មានការប្រកួត។ ចំណែកពូល D E F G H I J នឹងដំណើរការប្រកួតរបស់ខ្លួន ចាប់ពីថ្ងៃទី២៣ ខែតុលា តទៅ៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង AFC Asian Cup)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ