ខេត្តប៉ៃលិន ៖ ក្រោយពេលភ្លៀងធ្លាក់ខ្លាំង អស់រយៈពេលជាច្រើនម៉ោង បណ្តាលឲ្យលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ ជាង១០០ខ្នង ធ្វើឱ្យរសាត់អណ្តែតសម្ភារអស់មួយចំនួននោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅភូមិផ្សារព្រំ (ចំណុចលូដាច់) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ បណ្តាលអោយខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ ដូច្នេះ សូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ អង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ ។
នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមអូរព្រំដែន និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ ។
សូមរំលឹកផងដែរថា ខេត្តប៉ៃលិន តែងតែរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងតែរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើល ផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធ្វើការជួយ សង្គ្រោះបានទាន់ពេលវេលា ៕






















ចែករំលែកព័តមាននេះ