ទីក្រុងសេអ៊ូល៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េកូរ៉េខាងត្បូងថ្លែងថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពទៅជួយរុស្ស៊ី។ បើរឿងនេះជាការពិតមែនមានន័យថាមានប្រទេសទីបីចូលប្រឡូកនៅក្នុងសង្គ្រាមអ៊ុយក្រែនដោយផ្ទាល់។ ដូច្នេះ កូរ៉េខាងជើង និងក្រុមបស្ចិមប្រទេសនឹងមានរឿងកាន់តែធំជាមួយគ្នាហើយពេលនេះ។ កូរ៉េខាងត្បូងប្រកាសព័ត៌មាននេះត្រឹមតែ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកហ្សេឡិនស្គីទើបតែនិយាយរួចពីមាត់ថាទាហានកូរ៉េខាងត្បូង១ម៉ឺននាក់ត្រៀមបញ្ជូនទៅសមរភូមិមុខដើម្បីជួយកងទ័ពរុស្ស៊ី។

សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េត្បូងថ្លែងថាកងនាវាចរណ៍របស់រុស្ស៊ីបានដឹកជញ្ជូនកងកម្លាំងពិសេសរបស់កូរ៉េខាងជើង១៥០០នាក់ទៅដាក់នៅទីក្រុងកំពង់ផែវ៉្លាឌីវ៉ូស្តុក (Vladivostok) ចាប់ពីថ្ងៃទី៨-១៣ ខែតុលាកន្លងទៅនេះ។ ប៉ុណ្ណឹងនៅមិនទាន់ចប់នៅឡើយទេ។ កងទ័ពកូរ៉េខាងជើងបន្ថែមទៀតនឹងដឹកជញ្ជូនទៅរុស្ស៊ីឆាប់ៗនេះ។ ទាហានទាំងនោះត្រូវស្លៀកពាក់ឯកសណ្ឋានទាហានរុស្ស៊ី កាន់កាំភ្លើងរុស្ស៊ី និងកាន់ប័ណ្ណសម្គាល់ជាទាហានរុស្ស៊ី។

បច្ចុប្បន្ននេះ ទាហានទាំងនោះបន្តស្នាក់នៅទីក្រុងវ៉្លាឌីវ៉ូស្តុក និងនៅទីកន្លែងដទៃទៀតនៃប្រទេសរុស្ស៊ី។ នៅពេលហាត់សមចប់សព្វគ្រប់ ពួកគេនឹងបញ្ជូនទៅសមរភូមិមុខតែម្ដង។ កូរ៉េខាងត្បូងបានបង្ហោះរូបថតនាវាចម្បាំងរុស្ស៊ីបើកចេញចូលកំពង់ផែកូរ៉េខាងជើង ព្រមទាំងរូបថតទាហានកូរ៉េខាងជើងប្រមូលផ្ដុំគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទីតាំងចំនួន២កាលពីសប្ដាហ៍មុន។

សារព័ត៌មានកូរ៉េខាងត្បូងចុះផ្សាយថាកូរ៉េខាងជើងសម្រេចចិត្តបញ្ជូនកងទ័ព១២០០០នាក់ដែលចែកចេញជាបួនកងវរសេនាតូច។ បើរឿងនេះជាការពិតមែន វាជាលើកដំបូងដែលរបបក្រុងព្យុងយ៉ាងចូលរួមពេញទំហឹងនៅក្នុងសង្គ្រាមក្រៅប្រទេស។ សព្វថ្ងៃនេះ កូរ៉េខាងជើងមានកងទ័ព១,២លាននាក់ ជាប្រទេសដែលមានកម្លាំងទ័ពច្រើនលំដាប់កំពូលនៅលើពិភពលោកសឹងតែស្មើនឹងប្រទេសមហាអំណាច។ ប៉ុន្តែពួកគេមិនដែលមានពិសោធច្បាំងនៅក្នុងសង្គ្រាមទ្រង់ទ្រាយធំទេ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ