ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ស្រវឹង បើករថយន្ត​ក្រុង ទៅ​ដឹក​កម្ម​ការ​នី​រោងចក្រ បុក​រះ​ចូល​ស្ថា​នីយ​ប្រេង របួសធ្ងន់​០២​នាក់ នៅ​ស្រុក​ស្វាយ​ទាប

18 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បណ្តាល​ឲ្យ​០២​នាក់​ប្តី​ប្រពន្ធ រង​របួស​ធ្ងន់ធ្ងរ មូលហេតុដោយសារ​តែ បុរស​អ្នកបើកបរ​រថយន្ត សេពគ្រឿងស្រវឹង​ហើយ ​បើកបរ​ក្នុង​ល្បឿន​លឿន បុក​រះ​ជាមួយ​រថយន្ត​០១​គ្រឿង…

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បណ្តាល​ឲ្យ​០២​នាក់​ប្តី​ប្រពន្ធ រង​របួស​ធ្ងន់ធ្ងរ មូលហេតុដោយសារ​តែ បុរស​អ្នកបើកបរ​រថយន្ត សេពគ្រឿងស្រវឹង​ហើយ ​បើកបរ​ក្នុង​ល្បឿន​លឿន បុក​រះ​ជាមួយ​រថយន្ត​០១​គ្រឿង និង​ជ្រុល​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក លក់​ប្រហិត ពីក្រោយ​ប៉ើង​ខ្ទេច​ រួច​បុក​ចូល​ទៅ​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធ​នៈ តេ​លា (​វី​រ៉ា សុខ​លី​ជី​ង​) បុក​ចំ​ធុង​បញ្ចូល​ហ្គា​ស់​ធ្លាយ បន្ត​ទៅ​បុក​ចូល​ហាង​លក់ទំនិញ និង​ភេ​ស្ជៈ (​សុខ​ជា​) ទៀត ទើប​ទៅ​មុខ​លែង​រួច ប៉ុន្តែ​នេះ​សំណាង​ហើយ ដែល​មិន​ផ្ទុះ​ធុង​ហ្គា​ស់​ឆេះ បើសិន​ផ្ទុះ​ឆេះ​ស្ថា​នី​ប្រេង​ឥន្ធ​នៈ​វិញ មិនដឹង​ថាមាន​ជនរង​គ្រោះ​ប៉ុន្មាន​នាក់​ទៀតទេ ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និ​១៥​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ស្ថា​នី​ប្រេង​ឥន្ទ​នៈ ដេប៉ូ​តេ​លា ស្ថិត​នៅ​ភូមិ​លៀប​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ ១​គ្រឿង ប្រភេទ​រថយន្តក្រុង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-7588 បើកបរ​ល្បឿន​លឿន ពី​ទិស​ខាងលិច មក​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​បុក​រថយន្ត​ម៉ាក TACOMA ពីក្រោយ​ពេញ​ទំ​ហ៊ឹង រុញ​ទៅ​មុខ​រួច​បុក​ចំ​ម៉ូតូ​រ៉ឺ​ម៉ក ​ដឹក​ប្រហិត​លក់​តាម​រោងចក្រ ពីក្រោយ ប៉ើង​ទៅ​មុខ​ក្រឡាប់​ខ្ទេច​ខ្ទាត​ជន​រង​គ្រោះ​០២​នាក់​ប្តី​ប្រពន្ធ​ ចេញពី​ម៉ូតូ​រ៉ឺ​ម៉ក បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង ។ ចំណែក​ប្រហិត ​គ្រឿង​លក់ដូរ និងម៉ូតូ​ខ្ទាត​ខ្ចាយ​ខូច​អស់ទាំង​ស្រុង ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ត​ថា រថយន្តនោះ ​មិន​ទាន់​អស់​ល្បឿន​ទេ រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ បុក​ចំ​ធុង​បញ្ចូល​ហ្គា​ស់ បណ្តាល​ឲ្យ​ធ្លាយ​ចេញ​ហ្គា​ស់ ប៉ុន្តែ​សំណាងល្អ​ មិន​ផ្ទះ​ឆេះ​ហ្គា​ស់ ត្រូវបាន​ម្ចាស់​ស្ថា​នី​ប្រេង​ឥន្ធ​នៈ រត់​ទៅ​បិទ​ទាន់​ពេលវេលា​។ ហើយ​រថយន្ត​បង្ក នៅ​ល្បឿនបាន​ទៅ​បុក​ចូល​ហាង​លក់ទំនិញ និង​ភេ​ស្ជៈ​ បន្ត​ទៀត​ទៀត ទើប​ទៅ​មុខ​លែង​រួច ។

សមត្ថកិច្ចបាន​បន្ត​ទៀត​ថា បន្ទាប់​មក​ ជនបង្ក បាន​លោត​ចុះ​ពីលើ​រថយន្តក្រុង រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ពី​កន្លែង​កើតហេតុ ។

ប្រភព​បានអោយ​ដឹង​ដែរ​ថា បើ​តាម​អ្នកដំណើរ ដែល​ជិះ​នៅ​លើ​រថយន្ត​បង្ក​នោះ បាន​ប្រាប់​សមត្ថកិច្ច ថា អ្នកបើកបរ​រថយន្ត​បង្ក ​(កំពុងគេច​ខ្លួន​) បាន​ដឹក​កម្មករ​-​កម្ម​ការ​នី ទៅ​ដាក់​ក្នុង​រោងចក្រ កាលពី​ព្រឹក​មិ​ញ រួច​ហើយក៏​បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ស្រុក​រំដួល ហើយ​បាន​ផឹកស៊ីរហូត​ស្រវឹង លុះដល់​ម៉ោង​ជិត​៣​រសៀល ពោលគឺ​ជិត​ដល់​ម៉ោង​កម្មករ​-​កម្ម​ការិ​នី ចេញពី​ធ្វើការ អ្នកបើកបរ ក៏​ឡើង​បើករថយន្ត​ ចេញ​មក​ទាំង​ស្រវឹង​ខ្លាំង ដើម្បី​ទៅ​ទទួល​កម្មករ​-​កម្ម​ការិ​នី ​ពី​រោងចក្រ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​បុក​រថយន្ត​តា​កូ​ម៉ា ១​គ្រឿង ដែល​បើកបរ​ស្រប​ទិស​គ្នា ពីក្រោយ​ពេញទំហឹង ហើយ​រុញ​ប៉ើង​ទៅ​មុខ​ រួចក៏​រេ​ចង្កូត​មក​បុក​ម៉ូតូ​រ៉ឺ​ម៉ក​លក់​ប្រហិត ពីក្រោយ​ពេញ​ទំ​ហ៊ឹង​ទៀត ប៉ើង​ខ្ទេច​ខ្ទាត​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ចេញពី​រ៉ឺ​ម៉ក ​របួស​ធ្ងន់ធ្ងរ​តែ​ម្តង ។ ហើយ​រថយន្ត ​មិន​ទាន់​អស់​ល្បឿនទេ ជ្រុល​ទៅ​បុក​ធុង​បញ្ចូល​ហ្គា​ស់​ក្នុងស្ថានីយ​ប្រេង​ឥន្ធនៈ និងបន្ត​បុក​ចូល​ក្នុង​ហាង​លក់ទំនិញ និង​ភេ​ស្ជៈ ទៀត ទើប​ទៅ​មុខ​លែង​រួច ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​ម៉ុ​យ មក​ដឹក​ជន​រង​គ្រោះ​ បញ្ជូនទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វា​ទាប ដើម្បី​សង្គ្រោះ ។

លោក​អធិការ ស្រុក​ស្វាយ​ទាប ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ១​គ្រឿង មក​ជួយ​អន្តរា​គម​ន៏​នៅ​ស្ថា​នី​ប្រេង​ឥន្ធ​នៈ​ផង​ដែរ ដើម្បី​បង្ការ​អគ្គិភ័យ ​ក្រោយធ្លាយធុងហ្គាស់ ។

បន្ទាប់​ពី​ការ​វាស់វែង​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​ គឺដោយសារ​តែអ្នកបើកបរ​រថយន្ត​បង្ក បើក​ក្នុង​ស្ថានភាព​ស្រវឹង និង​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ។ សមត្ថកិច្ច​ជំនាញ បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ សើ​ម្បី​ស្វែងរក​ចាប់ខ្លួន​ជន​បង្ក យក​មក​ចាត់ការ​តាម​ច្បាប់ ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ