ទីក្រុងយេរូសាឡឹម៖ ថ្ងៃនេះ ក្រុមហេសបូឡាដែលកំពុងប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែលនៅប្រទេសលីបង់ប្រកាសថាខ្លួនមិនបញ្ឈប់សកម្មភាពត្រឹមនេះទេ។ ខ្លួនត្រូវតែពង្រីកសង្គ្រាមឱ្យកាន់តែឆាបឆេះបន្តទៀតក្រោយការស្លាប់របស់ស៊ីនវ៉ាដែលជាមេដឹកនាំកំពូលរបស់ក្រុមហាម៉ាស់។ ចំណែកអ៊ីរ៉ង់ថ្លែងថាការតស៊ូប្រឆាំងនឹងអ៊ីស្រាអែលមិនថយចុះទេ ប៉ុន្តែកាន់តែខ្លាំងក្លា។
ស៊ីនវ៉ាដែលជាអ្នកមេគំនិតនៅពីក្រោយការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ គាត់ត្រូវទាហានអ៊ីស្រាអែលបាញ់ស្លាប់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនៃទីក្រុងរ៉ាហ្វាកាលពីថ្ងៃពុធ។ ក្រុមបស្ចិមប្រទេសសង្ឃឹមថាការស្លាប់នេះអាចជាក្ដីសង្ឃឹមនៃការបញ្ចប់សង្គ្រាម។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ សច្ចាថាសង្គ្រាមត្រូវតែបន្តធ្វើដូចភ្លៀងរលឹមរហូតដល់ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង និងប្រកាសចុះចាញ់សង្គ្រាម។
ផ្ទុយពីការរំពឹងទុករបស់បស្ចិមប្រទេសដូចខាងលើនេះ សង្គ្រាមអាចនឹងផ្ទុះឡើងកាន់តែខ្លាំង។ បន្ទាប់ពីទទួលដំណឹងថាស៊ីនវ៉ាបានស្លាប់ហើយដូច្នេះ លោកបៃដិនក៏ទាក់ទងតាមទូរស័ព្ទទៅលោកណឺតាន់យ៉ាហ៊ូភ្លាមដើម្បីអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ។ លោកបៃដិនសង្ឃឹមថាក្រុមហាម៉ាស់អាចនឹងដោះលែងចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញ។ លោកថ្លែងថាស៊ីនវ៉ាគឺជាឧបសគ្គធំបំផុតរារាំងមិនឱ្យមានការចរចាសន្តិភាព និងដោះលែងចំណាប់ខ្មាំងទេ។
ដូច្នេះ នៅពេលគាត់ស្លាប់ទៅ អ្វីៗលែងជាឧបសគ្គតទៅទៀតហើយ។ ប៉ុន្តែអ្វីដែលកើតឡើងនៅពេលអនាគតមិនអាចទាយដឹងបានឡើយ។ អ៊ីរ៉ង់ប្រកាសថាខ្លួននៅតែបន្តគាំទ្រចលនាតស៊ូប្រឆាំងនឹងអ៊ីស្រាអែលជានិច្ច។ ក្រុមហេសបូឡានៅប្រទេសលីបង់ក៏ដូចគ្នា។ ហេសបូឡាដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាស់ប្រកាសថាការស្លាប់នេះជាការបើកទំព័រសករាជថ្មីនៃសង្គ្រាម។
គ្មានសញ្ញាថាចំណាប់ខ្មាំងអាចវិលមកវិញដោយសុវត្ថិភាពទេ
ក្រុមគ្រួសារចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលថ្លែងថាការស្លាប់ស៊ីនវ៉ាជាព្រឹត្តិការណ៍សំខាន់ពិតមែនហើយ។ ក៏ប៉ុន្តែមិនមែនគាត់ស្លាប់ទៅ បញ្ហាចំណាប់ខ្មាំងអាចនឹងដោះស្រាយចេញនោះទេ។ គ្រួសារចំណាប់ខ្មាំងដែលបានស្លាប់នៅក្នុងដៃរបស់ក្រុមហាម៉ាស់ប្រាប់ថាការស្លាប់ស៊ីនវ៉ាធ្វើឱ្យពួកគេបានល្ហែល្ហើយចិត្តខ្លះ។ យ៉ាងហោចណាស់ជនរងគ្រោះអាចរកឃើញពន្លឺយុត្តិធម៌។ ប៉ុន្តែពួកគេមិនស្ងប់ចិត្តទាល់តែសោះបើមិនសាច់ញាតិដែលនៅសេសសល់មិនទាន់ត្រឡប់មកវិញដោយសុវត្ថិភាព។
បើគេពិនិត្យមើលជំហររបស់ប៉ាឡេស្ទីននៅខាន់យុននីស (Khan Younis) ពួកគេប្រាប់ថាខ្លួននឹងបន្តប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែលគ្មានថ្ងៃអវសាន។ ចលនាតស៊ូរបស់ពួកគេមិនអាចបិទបញ្ចប់ត្រឹមការស្លាប់របស់មនុស្សម្នាក់ ឬពីរនាក់នោះឡើយ។ ការធ្វើឃាតស៊ីនវ៉ាមិនអាចបន្ទច់បង្អាក់ទឹកចិត្តរបស់ពួកគេ ឬបង្ខំឱ្យពួកគេលើកទង់សដើម្បីចុះចាញ់អ៊ីស្រាអែលជាដាច់ខាត៕
ចែករំលែកព័តមាននេះ