រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ត្រូវដើរទន្ទឹមគ្នា ដោយមិនអាចខ្វះមួយណាបាននោះទេ ។
ការបញ្ជាក់រួមគ្នា ខណៈឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាគ្នាលើការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ក្នុងមតិស្វាគមន៍ និងមតិបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងពីររូប បានលើកឡើងពីចំណុចរួមមួយនោះគឺ សារៈសំខាន់ នៃការសហការគ្នា ការបំពេញគ្នា ទៅវិញទៅមក លើការអនុវត្តការងារលើការដ្ឋានកែទម្រង់រៀងៗខ្លួន ទាំងការទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងប្រសាសន៍ស្វាគមន៍ ៖ “កែទម្រង់ទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នា ដោយមិនអាចខ្វះមួយណាបាននោះទេ” ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែម “ជោគជ័យ នៃការកែទម្រង់រដ្ឋបាលសាធារណៈ នឹងជួយគាំទ្រដល់ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ សម្រាប់ការប្រើប្រាស់ធនធានសាធារណៈ ឱ្យឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព” ។
ទន្ទឹមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ជំនួបជាមួយថ្នាក់ដឹកនាំ នៃក្រសួងទាំងពីរ នឹងបន្ថែមការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួត ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា កិច្ចប្រជុំថ្ងៃនេះ នឹងចូលរួមផ្សព្វផ្សាយកាន់តែច្បាស់លាស់បន្ថែមទៀតនូវគោលបំណង និងគោលដៅនៃការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ។
គួររម្លឹកថា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ ក្រសួងមុខងារសាធារណៈ និងក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំ ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ។
ជំនួបនារសៀលនេះ មានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីបច្ចេកទេសលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ ដែលមានតួនាទីចាប់ពីអគ្គនាយកឡើង និងមន្ត្រីជំនាញបច្ចេកទេសដទៃទៀតជាច្រើនរូបនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕
ចែករំលែកព័តមាននេះ