ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​កម្ពុជា ឡាវ និង​វៀតណាម ជជែក​គ្នា​ពី​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី

7 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ប្រធានរដ្ឋសភា​កម្ពុជា ឡាវ និង​វៀតណាម​ បាន​ជជែក​គ្នា​ពី​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី ​លើ​បញ្ហា​សន្តិសុខ ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លង​ដែន វិស័យ​ពាណិជ្ជកម្ម និង​នីតិ​វី​ធី​សម្រួល​ទំនិញ​ឆ្លងកាត់​ព្រំដែន​…

រាជធានី​ភ្នំពេញ​ ៖ ​ប្រធានរដ្ឋសភា​កម្ពុជា ឡាវ និង​វៀតណាម​ បាន​ជជែក​គ្នា​ពី​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី ​លើ​បញ្ហា​សន្តិសុខ ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លង​ដែន វិស័យ​ពាណិជ្ជកម្ម និង​នីតិ​វី​ធី​សម្រួល​ទំនិញ​ឆ្លងកាត់​ព្រំដែន​ នៃ​ប្រទេស​ទាំង​បី​ ឱ្យ​បាន​កាន់តែ​ល្អ​ឡើង​ ថែម​ទៀត​ ។

ការ​ជជែក​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​មហាសន្និបាត​ អាយ​ប៉ា​ លើក​ទី​៤៥ នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួលទាន​អាហារ​ពេល​ព្រឹក ពិភាក្សា​ការងារ​ក្រៅផ្លូវការ និង​ជា​មិត្តភាព ជាមួយ​ឯកឧត្តម សាយ​សំ​ផ​ន ភុ​ម​វិហា​ន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និងឯកឧត្តម ជិន ថា​ញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភា​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ព្រឹក​ថ្ងៃ​១៨ ខែតុលា ​ឆ្នាំ​២០២៤ ​។

ក្នុង​ឱកាស​នោះ ​សម្តេច​រដ្ឋសភាធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម សាយ​សំ​ផ​ន ភុ​ម​វិហា​ន ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក អំឡុង​ពេល​រៀបចំ​មហាសន្និបាត​អន្ដរ​សភា​អាស៊ាន ​លើក​ទី​៤៥ មក​រៀបចំ​ជំនួប​ត្រីភាគី​ក្រៅផ្លូវការ រវាង​ថ្នាក់ដឹកនាំ​សភា​ នៃ​ប្រទេស​ទាំង​បី ក្នុង​គោលដៅ​ពង្រឹង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហ​ប្រត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋសភា និង​ប្រជាជន ​នៃ​ប្រទេស​ទាំង​បី​ ។

សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​ និង​ជា​មិត្តភាព​ជា​ប្រពៃណី ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​ និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ហើយ​បាន​ផ្តល់​ជា​លទ្ធផល​ជា​វិជ្ជមាន ដល់​ប្រជាជាតិ និង​ប្រជាជន​ទាំង​បី និង​ក្នុង​តំបន់ ​។
ថ្នាក់ដឹកនាំ​ នៃ​រដ្ឋសភា នៃ​ប្រទេស​ទាំង​បី​ បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ បន្ត​ពូន​ជ្រុំ និង​ពង្រឹង​មិត្តភាព​ជា​ប្រពៃណី និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​នេះ ដោយ​យក​ប្រជាជន​ជា​ស្នូល​ ។

កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​បី​ មិន​ត្រឹម​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាជន​កម្ពុជា ឡាវ​និង​វៀតណាម ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​សំខាន់​នៅ​ក្នុង​ការ​រក្សា​បាន​ នូវ​សុខ​សន្តិភាព ស្ថិរភាព​សង្គម​ និង​ការ​លើកកម្ពស់​ពហុ​និយម នៅ​ក្នុង​បរិបទ​សកលលោក​កំពុង​ប្រឈម​នឹង​ស្ថានការណ៍​ដ៏​ស្មុគស្មាញ ប្រែប្រួល​យ៉ាង​ឆាប់រហ័ស សណ្តាប់ធ្នាប់​សកល​បាន​ធ្លាក់​ចុះ សង្គ្រាម​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​នោះ​ ។

ថ្នាក់ដឹកនាំ​រដ្ឋសភា​កម្ពុជា ឡាវ និង​វៀតណាម ក៏​បាន​ជជែក​គ្នា​ពី​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី ​លើ​បញ្ហា​សន្តិសុខ ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លង​ដែន វិស័យ​ពាណិជ្ជកម្ម និង​នីតិ​វី​ធី​សម្រួល​ទំនិញ​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​ឱ្យ​បាន​កាន់តែ​ល្អ​ឡើង​ថែម​ទៀត​ ។

ដោយឡែក​ក្នុង​វិស័យ ទេសចរណ៍ ក៏​បាន​ប្តេជ្ញា​ថា​នឹង​ជំរុញ​អនុវត្ដ​បន្ថែម​ទៀត​នូវ “​ប្រទេស​បី គោលដៅ​មួយ​” ដើម្បី​ជួយ​សម្រួល​ដល់​អ្នកទេសចរ​អាច​ធ្វើ​ទេសចរណ៍​ជា​កញ្ចប់ រវាង​ទាំង​បី​ប្រទេស​បាន​កាន់តែ​ងាយស្រួល ​។

សម្តេច​ប្រធានរដ្ឋសភា បាន​ជូនពរ សូម​ឱ្យ​មហាសន្និបាត​អាយ​ប៉ា ​លើក​ទី​៤៥ ដែល​រដ្ឋសភា​ឡាវ​រៀបចំ​នា​ពេល​នេះ ទទួល​បាន​ជោគជ័យ​ផ្លែផ្កា​ត្រចះត្រចង់ នាំ​មក​នូវ​ផលប្រយោជន៍​ជូន​ជាតិ ​និង​ប្រជាជន​ប្រទេស​ទាំង​បី ក៏​ដូច​ជា​អាស៊ាន​ និង​ពិភពលោក​ទាំងមូល​ ។

ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំង​បី សង្ឃឹមថានឹង​មាន​ជំនួប​អាហារ​ពេល​ព្រឹក​ត្រីភាគី​បន្តពេល​ក្រោយ​ទៀត ។​ ជំនួប​អាហារ​ពេល​ព្រឹក​ក្រៅផ្លូវការ និង​មិត្តភាព​នេះ បាន​ប្រព្រឹត្ត​ទៅ ក្នុង​បរិយាកាស​ស្និទ្ធស្នាល ភាតរភាព ការ​គោរព​និង​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ