រាជធានីភ្នំពេញ ៖ ជនជាតិកូរ៉េ បើករថយន្តឆ្លងផ្លូវបំបែកជាបួន ខ្វះប្រុងប្រយ័ត្ន ជ្រុលបុករថយន្តជនជាតិចិន ចំទ្វារខាងស្តាំ បណ្តាលអោយរេចង្កូតបុកក្បាលនាគពុះចែកផ្លូវ ក្រក្រឡាប់ផ្ងារជើង ផ្អើលពលរដ្ឋទាំងព្រឹក ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ចំណុចផ្លូវបំបែកជាបួន ក្បែរគល់ស្ពានហង្ស កោះពេជ្រ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៍មានពីពលរដ្ឋ បានអោយដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក JAC ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-5201 បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវ សុភមង្គល ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តខាងលើបានឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0082 ចំទ្វារខាងស្តាំពេញទំហឹង ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលអោយរេចង្កូត ទៅបុកក្បាលនាគពុះចែកផ្លូវ ក្រឡាប់ រងការខូចខាត សំណាងល្អ មិនបង្កអោយមនុស្សរងរបួសឡើយ ។
ក្រោយពេលកើតហេតុ នគរបាលបានប្រាប់ថា អ្នកបើកបររថយន្ត ម៉ាក JAC គឺជាជនជាតិកូរ៉េ និងអ្នកបើកបររថយន្តមួយគ្រឿងទៀត ម៉ាក ALPHARD គឺជាជនជាតិចិន ។ សមត្ថកិច្ច ក៏បានទាក់ទងទៅកាន់ជំនាញចរាចរណ៍ផ្លូវគោក ដើម្បីមកស្ទូចយករថយន្តទាំង០២គ្រឿង ទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕
ចែករំលែកព័តមាននេះ