ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហាម៉ាស់​អាច​នឹង​ជ្រើស​រើស​មេ​ដឹក​នាំ​ថ្មី​ដែល​រស់​នៅ​ក្រៅ​តំបន់​ហ្កា​ហ្សា

16 ម៉ោង មុន

ទី​ក្រុង​ហ្កា​ហ្សា​៖ បន្ទាប់​ពី​អ៊ីស្រាអែល​ធ្វើ​ឃាត​មេ​ដឹក​នាំ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ ត្រឹម​តែ​ជាង​២​ខែ​ស្លាប់​អស់​២​នាក់​ នេះ​មិន​ទាន់​គិត​ទៅ​ដល់​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហេស​បូឡា​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ផង។​​ ដូច្នេះ ចុង​ក្រោយ​នេះ ក្រុម​ហាម៉ាស់​កំពុង​ពិ​គ្រោះ​គ្នា​ថា​បើ​បណ្ដោយ​បែប​នេះ​ត​ទៅ​ទៀត​មិន​កើត​ទេ​។ អ៊ីស្រាអែល​មុខ​ជា​ចាត់​ការ​មេ​ដឹក​នាំ​​ថ្មី​ទៀត​ជា​មិន​ខាន​។​​ ប្រភព​ផ្ទៃ​ក្នុង​របស់​ហាម៉ាស់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​មេដឹកនាំ​ហាម៉ាស់​ថ្មី​ប្រហែល​ជា​ត្រូវ​​ធ្វើ​ការ​ និង​ស្នាក់​នៅ​​នៅ​​​ក្រៅ​តំបន់​ហ្កា​ហ្សា​។…

ទី​ក្រុង​ហ្កា​ហ្សា​៖ បន្ទាប់​ពី​អ៊ីស្រាអែល​ធ្វើ​ឃាត​មេ​ដឹក​នាំ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ ត្រឹម​តែ​ជាង​២​ខែ​ស្លាប់​អស់​២​នាក់​ នេះ​មិន​ទាន់​គិត​ទៅ​ដល់​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហេស​បូឡា​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ផង។​​ ដូច្នេះ ចុង​ក្រោយ​នេះ ក្រុម​ហាម៉ាស់​កំពុង​ពិ​គ្រោះ​គ្នា​ថា​បើ​បណ្ដោយ​បែប​នេះ​ត​ទៅ​ទៀត​មិន​កើត​ទេ​។ អ៊ីស្រាអែល​មុខ​ជា​ចាត់​ការ​មេ​ដឹក​នាំ​​ថ្មី​ទៀត​ជា​មិន​ខាន​។​​

ប្រភព​ផ្ទៃ​ក្នុង​របស់​ហាម៉ាស់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​មេដឹកនាំ​ហាម៉ាស់​ថ្មី​ប្រហែល​ជា​ត្រូវ​​ធ្វើ​ការ​ និង​ស្នាក់​នៅ​​នៅ​​​ក្រៅ​តំបន់​ហ្កា​ហ្សា​។ ក្រោយ​ការ​ស្លាប់​របស់​ស៊ីន​វ៉ា (Sinwar) បង​ប្រុស​របស់គាត់​​អាច​នឹង​មាន​មុខ​តំណែង​កំពូល​​នៅ​ក្នុង​រចនា​សម្ព័ន្ធ​ដឹក​នាំ​ថ្មី​​។ ប៉ុន្តែ​ច្បាស់​ណាស់​​ថា​ការ​ប្រឆាំង​នឹង​អ៊ីស្រាអែល​ប្រហែល​ជា​មិន​អាច​បញ្ចប់​ដោយ​ងាយ​ៗ​នោះ​ឡើយ​។

ភាគី​ទាំង​សង​ខាង​ ហាម៉ាស់​ និង​អ៊ីស្រាអែល​ រួម​ទាំង​ហេស​បូឡា និង​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ហាម៉ាស់​សុទ្ធ​តែ​ប្ដេជ្ញា​ចិត្ត​​ដូច​ៗ​គ្នា​ថា​សង្គ្រាម​នឹង​បន្ត​ឆាប​ឆេះ​នៅ​ហ្កាហ្សា​ និង​នៅ​លីបង់​។ ដូច្នេះ សេចក្ដី​សង្ឃឹម​របស់​ក្រុម​បស្ចិម​ប្រទេស​ដែល​ចង់​ស្វះ​ស្វែង​រក​ការ​ផ្សះ​ផ្សាគ្នា​​ដើម្បី​បញ្ចប់​សង្គ្រាម​ និង​ដោះ​លែង​ចំណាប់​ខ្មាំង​​នៅ​សេស​សល់​នោះ​ប្រហែល​ជា​គ្មាន​ផ្លូវ​ទេ​មើល​ទៅ​។​​

នៅ​ក្នុង​រចនា​សម្ព័ន្ធ​ដឹក​នាំ​របស់​ខ្លួន​ ក្រុ​មហាម៉ាស់​ត្រូវ​ការ​គិត​គូរ​ឱ្យ​​បាន​ល្អិត​ល្អន់​បន្តិច​។ ហាម៉ាស់​គិត​តាំង​ពី​ការ​ធ្វើ​យ៉ាង​ណា​ស្រប​ទៅ​តាម​ជំហរ​របស់​អ៊ីរ៉ង់​ដែល​ជា​អ្នក​ឧបត្ថម្ភ​-​គាំទ្រ​ដ៏​សំខាន់​១​របស់​ខ្លួន​ ហើយ​ក៏​ត្រូវ​គិត​គូរ​ទៅ​ដល់​ការ​មិ​នប៉ះ​ពាល់​ផល​ប្រយោជន៍​ជាតិ​របស់​ប្រទេស​កាតា​​ក្នុង​នាម​ជា​រដ្ឋ​​​នៅ​ជាប់​​ឈូង​សមុទ្រ​ និង​​ដែល​ទទួល​ឱ្យ​ស្នាក់​នៅ​នៃ​​​​មេ​ធំៗ​របស់​ហាម៉ាស់​។​

ស៊ីន​វ៉ា​​​ជា​​​មេ​គំនិត​​ធំ​ជាង​គេ​នៅ​ក្នុង​ផែន​ការ​វាយ​ប្រហារ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​។ គាត់​​​ស្លាប់​នៅ​ក្នុង​​ការ​ប្រយុទ្ធ​គ្នា​​មួយ​នៅ​ទី​ក្រុង​រ៉ាហ្វា​ (Rafah) កាល​ពី​ថ្ងៃ​ពុធ​។ គិត​ទៅ​ត្រឹម​តែ​រយៈ​ពេល​ជាង​២​ខែ​ប៉ុណ្ណោះ​ ពោល​គឺ​ចន្លោះ​ពី​​ចុង​ខែ​កក្កដា​ដល់​ពាក់​កណ្ដាល​ខែ​តុលា​នេះ​ មេ​ដឹក​នាំ​កំពូល​ៗ​​របស់​ហាម៉ាស់​ស្លាប់​រហូត​ដល់​ទៅ​២​នាក់​។ កាល​ពី​ជំនាន់​មុន​ស៊ីន​វ៉ា ក្រុម​ហាម៉ាស់​ចែកមុខ​នាទី​គ្នា​ដឹក​នាំ​។ កាល​នោះ ហានីយេ​ទទួល​បន្ទុក​ខាង​នយោបាយ​ផ្ទៃ​ក្នុង​ និង​នយោបាយ​ការ​បរទេស​។

​​ស៊ីន​វ៉ា​ទទួល​បន្ទុក​ខាង​ដឹក​នាំ​កង​ទ័ព​។ ​ម្ខាង​ដឹក​នាំ​ការ​តស៊ូ​​​នយោ​បាយ និង​ម្ខាង​ទៀត​​​តស៊ូ​ប្រដាប់​អាវុធ​។​ បន្ទាប់​​ពី​ស៊ីន​វ៉ា​ក្លាយ​​​ជា​មេ​ដឹក​នាំ​ថ្មី ​គាត់​​សម្រេច​​​ចិត្ត​ប្រមូល​​ផ្ដុំ​ក្រុម​អ្នក​ដឹក​នាំ​នយោបាយ​ និង​ប្រដាប់​អាវុធ​ដាក់​ជុំ​គ្នា​​នៅ​ក្នុង​តំបន់​ហ្កាហ្សា​តែ​មួយ​។ ប៉ុន្តែ​សម្រាប់​លើក​​ទី​បី​នេះ​ ក្រុម​ហាម៉ាស់​ប្រហែល​ជា​មិន​ដើរ​តាម​សេណារីយោ​នេះ​​ត​ទៅ​ទៀត​ទេ​។​ ពួក​​បាត់​បង់​យុទ្ធ​ជន​អស់​ជា​ច្រើន​។ ​​​ថ្នាក់​ដឹក​នាំ​ធំ​ៗ​ក៏​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ទៀត​។ ដូច្នេះអាច​ជា​ការ​ប៉ះ​ពាល់​ខ្លាំង​គួរ​សម​ដែរ​ចំពោះ​ពួក​គេ​​​។

អនុ​ប្រធាន​របស់​ស៊ីន​វ៉ា​គឺ​លោក​ខា​លីល អាល់​ហាយ៉ា (Khalil Al-Hayya) ដែល​អាច​នឹង​ក្លាយ​ជា​ដឹក​នាំ​ថ្មី​របស់​ក្រុម​ហាម៉ាស់​​នា​ពេល​ខាង​មុខ​បាន​បញ្ចេញ​សារ​នយោបាយ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​។ គាត់​​ដាក់​លក្ខ​ខណ្ឌ​ថា​ចំណាប់​ខ្មាំង​ជន​ជាតិ​អ៊ីស្រា​អែល​​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​មិន​អាចវិល​ត្រឡប់​ទៅ​វិញ​ដោយ​មាន​ជីវិត​រស់​នៅ​បាន​ឡើយ​លុះ​ត្រា​តែ​អ៊ី​ស្រាអែល​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ទាំង​អស់​ពី​តំបន់​ហ្កា​ហ្សា​ ហើយ​យល់​ព្រម​បិទ​បញ្ចប់​សង្គ្រាម​នេះ​ទាំង​ស្រុង​។​​

លោក​ខា​លីល អាល់​ហាយ៉ា (Khalil Al-Hayya) ដែល​អាច​នឹង​ក្លាយ​ជា​ដឹក​នាំ​ថ្មី​របស់​ក្រុម​ហាម៉ាស់

ជា​ទម្លាប់​របស់​ក្រុម​ហាម៉ាស់​ ពួក​គេ​មិន​ចង់​ទុក​កៅ​អី​របស់​មេ​ដឹក​នាំ​កំពូល​របស់​ខ្លួន​ឱ្យ​នៅ​ទំនេរ​យូរ​ទេ​។ ពួក​គេ​នឹង​ជ្រើស​រើស​អ្នក​ថ្មី​មក​ជំនួស​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ​ក្រៅ​ពី​អាល់​​ហាយ៉ា​ គេ​សម្លឹង​ឃើញ​មនុស្ស​មួយ​ចំនួន​ទៀត​អាច​នឹង​ដាក់​ពាក្យ​ប្រកួត​ប្រជែង​យក​តំណែង​ជា​មេ​ដឹក​នាំ​ថ្មី​។ ក្នុង​នោះ​មាន​លោក​​ខាលីត មេសា​អាល់​ (Khaled Meshaal) និង​មហា​មេត​ ដាវីស (Mohammad Darwish)​​៕

​លោក​​ខាលីត មេសា​អាល់​ (Khaled Meshaal) ដែល​អាច​នឹង​ក្លាយ​ជា​ដឹក​នាំ​ថ្មី​របស់​ក្រុម​ហាម៉ាស់​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ