រាជធានីភ្នំពេញ ៖ បន្ទាប់ពីអ្នកប្រដាល់ជនជាតិប្រេស៊ីល Thiago Teixeira ដែលមានឈ្មោះខ្មែរ សែន ច័ន្ទឫទ្ធីគុន បង្ហោះសារប្រកាសលក់ឧបករណ៍កីឡានៅក្នុងក្លិបប្រដាល់និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះទាំងអស់របស់ខ្លួនជាមួយនឹងសំណេរគួរឱ្យចាប់អារម្មណ៍ធ្វើឱ្យគេសង្ស័យថា ប្រហែលជួបវិបត្តិហិរញ្ញវត្ថុឬក្ស័យធនដោយសារអាជីពប្រដាល់គុនខ្មែររបស់ខ្លួនមិនរីកចម្រើន ឬក៏លោកប្តូរចិត្តចង់ឆ្ងាយ
ពីគុនខ្មែរក៏មិនដឹង ស្រាប់តែពេលនេះមានអ្នកប្រដាល់ជនជាតិនីហ្សេរីយ៉ា ដែលមានឈ្មោះថា
ម៉ានូ សិល្បៈ បានប្រកាសលក់ក្លិបប្រដាល់និងសម្ភារ:ហាត់ប្រាណនៅក្នុងក្លិបរបស់ខ្លួនព្រមទាំងបានអំពាវនាវរកការងារផ្សេងធ្វើក្នុងទឹកមុខគួរឱ្យអាណិតបំផុត។
ម៉ានូ សិល្បៈ ដែលបាត់មុខលេីសង្វៀនប្រដាល់គុនខ្មែរអស់មួយរយៈពេលកន្លងមកហេីយនោះ ពេលនេះរូបលោក និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ដោយដង្ហោយស្នេីសុំជំនួយសប្បុរសធម៌ពីបណ្តាថ្នាក់ដឹកនាំ និងសប្បុរសជននានា ព្រោះជេីងស្តាំរបស់លោកបានរងរបួសបាក់ឆ្អឹងចំនួន២កង់ ពេលឡេីងប្រកួតជាមួយកីឡាករបរទេសក្នុងកម្មវិធីកីឡាប្រដាល់គុនខ្មែរ ។
ការប្រកាសដែលធ្វើឡើងតាមរយៈវីដេអូឃ្លីបរបស់អ្នកបង្កើតមាតិការព័ត៌មានកីឡាមួយក្នុងយូធូប ម៉ានូ សិល្បៈ អះអាងថា ដោយសារតែគាត់កំពុងតែសម្រាកព្យាបាលរបួសបាក់ជើងមិនអាចបង្ហាត់កូនសិស្សនៅក្នុងក្លិបហាត់ប្រាណរបស់ខ្លួនបាន ធ្វើឱ្យគាត់បាត់បង់ចំណូលផ្គត់ផ្គង់គ្រួសារថែមទាំងត្រូវបង់ថ្លៃឈ្លួលទីតាំងក្លិបថែមទៀត ។
នៅក្នុងវីដេអូឃ្លីបនោះ ម៉ានូ សិល្បៈ បានបង្ហាញពីរបួសបាក់ឆ្អឹងជើងធ្ងន់ធ្ងររបស់ខ្លួនហើយគ្រូពេទ្យប្រាប់ថា របួសនេះត្រូវសម្រាកព្យាបាលរយៈពេលមួយឆ្នាំមិនឱ្យធ្វើការងារណាដែលប៉ះពាល់ជើងខ្លាំងទៀតផង ។ ទោះបីយ៉ាងណា ម៉ានូ សិល្បៈ បានថ្លែងអំណរគុណដល់ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន កុសុមៈ (មន្ទីរពេទ្យលោកសង្ឃ)ដែលបានយកចិត្តទុកដាក់ព្យាបាលលោកដោយមិនយកប្រាក់ ។ ជាមួយគ្នានេះ លោកបានអំពាវនាវរកអ្នកជួយលោកបានធ្វើការងារក្រុមហ៊ុនផ្សេងៗដូចជាការងារនៅOffice ព្រោះមុនចូលប្រដាល់លោករៀនបានសញ្ញាបត្រគ្រប់គ្រង និងធ្លាប់ធ្វើការពាក់ព័ន្ធនឹងជំនាញខាងលើផងដែរ ។
លោក ម៉ានូ សិល្បៈ បានបន្តថា បច្ចុប្បន្ននេះលោកមិនទាន់អាចឡេីងរេញប្រដាល់បានទេ ដោយលោករង់ចាំរយ:ពេលមួយឆ្នាំទៀត ទេីបអាចប្រកួតបានវិញ ហើយអំឡុងពេលនេះលោកស្នេីសុំថ្នាក់ដឹកនាំ និងសប្បុរសជននានា មេត្តាជួយឧបត្ថម្ភដល់រូបលោកសម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រាដ៏លំបាកនេះផង ដេីម្បីលោកមានឱកាសវិលចូលប្រកួតកីឡាគុនខ្មែរវិញក្រោយជាសះស្បេីយពីរបួស។
គួររំលឹកថា អ្នកប្រដាល់នីហ្សេរីយ៉ា Munonye Emmanuel Onyedikachi ដែលមានឈ្មោះខ្មែរថា ម៉ានូ សិល្បៈ នោះ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់រូបគេជាផ្លូវការកាលពីខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកប្រដាល់រូបនេះបានរស់នៅ
និងហ្វឹកហាត់ប្រដាល់គុនខ្មែរនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង១០ឆ្នាំ កន្លងមកនេះ ។ អំឡុងពេលទើបទទួលបានសញ្ជាតិខ្មែរ ម៉ានូ សិល្បៈ បានអះអាងថា លោកមានចិត្តស្រឡាញ់គុនខ្មែរចេញពីបេះដូងព្រោះគុនខ្មែរមានភាពវិសេសដែលធ្វើឱ្យលោកចាប់អារម្មណ៍ ។ លោកថា សម្រាប់វិស័យប្រដាល់នេះ លោកចូលចិត្តប្រដាល់សកល កីឡាគុនចម្រុះ MMA ប៉ុន្តែលោកស្រឡាញ់គុនខ្មែរច្រើនជាង ព្រោះគុនខ្មែរគេប្រើក្បាច់ច្រើន ប្រើកែង ជង្គង់ ជើង ហើយអត់សូវប្រើកម្លាំងទេ តែប្រើខួរក្បាល។
សម្រាប់ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជានេះ ម៉ានូ សិល្បៈ បានប្រាប់ថា រូបគាត់បានហ្វឹកហាត់ប្រដាល់គុនខ្មែរជាមួយកីឡាករ ចាន់ រតនា តាំងពីឆ្នាំ២០០៨ ដោយហាត់បាន៨ខែ ក៏ចាប់ផ្តើមឡើងប្រកួតជាបន្តបន្ទាប់តំណាងឱ្យកម្ពុជា ហើយគិតមកដល់ពេលនេះ កីឡាករទម្ងន់៨៨គីឡូក្រាមរូបនេះ មានប្រវត្តិប្រកួតក្នុងស្រុក និងក្រៅស្រុកប្រមាណ ៦០ដង ក្នុងនោះឈ្នះ៥០ និងចាញ់១០ដង។
នៅក្នុងប្រវត្តិនេះ ម៉ានូ សិល្បៈ បានចេញទៅប្រកួតនៅសង្វៀនធំប្រចាំអាស៊ីគឺ ONE Championship តាំងពីឆ្នាំ២០១៨មក ហើយរហូតដល់ពេលនេះ រូបគេធ្លាប់ប្រកួតបាន៥ដង គឺឈ្នះ៤ និងចាញ់១។
រាល់ការប្រកួតនៅក្រៅប្រទេស ម៉ានូ សិល្បៈ តែងបង្ហាញទង់ជាតិកម្ពុជា ឱ្យពិភពលោកបានឃើញ៕
ចែករំលែកព័តមាននេះ