ទីក្រុងយេរូសាឡឹម៖ មេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់ឈ្មោះស៊ីនវ៉ា (Sinwar) មិនទាន់ដឹងថាតើគាត់មានសុខទុក្ខយ៉ាងណានៅឡើយទេ ប្រហែលជាអាចនឹងស្លាប់បាត់ទៅហើយក៏មិនដឹងក្រោមស្នាដៃរបស់អ៊ីស្រាអែល។ គាត់ទើបតែឡើងមកជំនួសអតីតមេដឹកនាំក្រុមហាម៉ាស់ឈ្មោះហានីយេដែលត្រូវអ៊ីស្រាអែលបាញ់សម្លាប់ដោយមីស៊ីលកាលពីថ្ងៃទី៣១ ខែកក្កដា។

អ៊ីស្រាអែលកំពុងពិនិត្យផ្ទៀងផ្ទាត់ឌីអិនអេ (DNA) ដើម្បីចង់ដឹងថាតើស៊ីនវ៉ាពិតជាបានស្លាប់នៅក្នុងការវាយប្រហារកាលពីពេលថ្មីៗនេះ ឬយ៉ាងណា។ ស៊ីនវ៉ាបានដឹកនាំយុទ្ធនាការវាយប្រហាររបស់ក្រុមហាម៉ាស់ចាប់តាំងពីឆ្នាំ២០១៧។ គាត់ជាមេខ្លោងធំនៅក្នុងការរៀបផែនការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ស្លាប់ជនជាតិអ៊ីស្រាអែល១២០០នាក់។ អ៊ីស្រាអែលមានកំហឹងយ៉ាងខ្លាំង និងតាមសងសងរហូតដល់ទីបញ្ចប់នូវអ្នកណាក៏ដោយដែលចូលរួមវាយប្រហារ។

បន្ទាប់ពីធ្វើឃាតហានីយេរួចហើយ អ៊ីស្រាអែលក៏ធ្វើឃាតមេដឹកនាំកំពូលរបស់ក្រុមហេសបូឡាឈ្មោះណាស្រាឡា (Hassan Nasrallah) នៅទីក្រុងបេរូតកាលពីខែកញ្ញា។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលប្ដេជ្ញាថាលោកនឹងបន្តវែកមុខពួកភេរវជនទាំងអស់ដើម្បីកម្ចាត់ពួកគេឱ្យអស់។ ឥឡូវនេះ អាជ្ញាធរអ៊ីស្រាអែលកំពុងប្រមូលសាកសពអ្នកដែលស្លាប់ដោយសារការវាយប្រហាកាលពីពេលថ្មីៗនេះដើម្បីផ្ទៀងផ្ទាត់ឌីអិនអេ និងចង់បញ្ជាក់ឱ្យច្បាស់ថាតើស៊ីនវ៉ាពិតជាបានស្លាប់ហើយ ឬយ៉ាងណា។
អតីតមេដឹកនាំហាម៉ាស់ និងហេសបូឡាដែលត្រូវអ៊ីស្រាអែលធ្វើឃាតជាបន្តបន្ទាប់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាមេដឹកនាំថ្មីរបស់ហាម៉ាស់ឈ្មោះស៊ីនវ៉ាប្រហែលជាបានស្លាប់ហើយ។ គ្រាន់តែគេមិនទាន់ផ្ទៀងផ្ទាត់ឌីអិនអេរបស់គាត់តែប៉ុណ្ណោះ។ យោធាអ៊ីស្រាអែល និងសេវាស៊ើបការណ៍របស់អ៊ីស្រាអែលកំពុងធ្វើការយ៉ាងដុតដៃដុតជើងដើម្បីប្រមូលភស្តុតាង។ ស៊ីនវ៉ានៅក្នុងអគារ១នៃទីក្រុងរ៉ាហ្វា (Rafah)។ ពេលនោះ អ៊ីស្រាអែលមិនបានដឹងថាគាត់នៅទីនោះទេ។ អ៊ីស្រាអែលគ្រាន់តែចេញប្រតិបត្តិការដោយចៃដន្យតែប៉ុណ្ណោះ។

ឃើញដូច្នេះ អ៊ីស្រាអែលក៏វាយប្រហារអគារនោះតែម្ដង។ អ៊ីស្រាអែលធ្លាប់បាញ់គ្នាជាមួយក្រុមហាម៉ាស់ក្បែរៗអគារនោះជាច្រើនដងហើយ។ លើកនេះ អ៊ីស្រាអែលក្រឡេកភ្នែកទៅឃើញស៊ីនវ៉ានៅក្នុងអគាររួមជាមួយមេបញ្ជាការហាម៉ាស់មួយចំនួនទៀត។ គេមិនទាន់ដឹងច្បាស់ថាតើស៊ីនវ៉ារស់នៅក្នុងអគារនោះ ឬក៏គ្រាន់តែឆៀងចូលលេងអគារនោះមួយភ្លែតតែប៉ុណ្ណោះ។

មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលថ្លែងថាពួកគេកំពុងបារម្ភអំពីជោគវាសនារបស់ចំណាប់ខ្មាំងដែលត្រូវហាម៉ាស់យកទៅបង្ខាំងទុកនៅម្ដុំៗនោះ។ ពួកគេច្រើនយកចំណាប់ខ្មាំងទៅកន្លែងណាដែលស៊ីនវ៉ាស្នាក់នៅដើម្បីធ្វើជាខែល ឬយ័ន្តការពារមិនឱ្យអ៊ីស្រាអែលវាយប្រហារស៊ីនវ៉ា។ មានលទ្ធភាព២យ៉ាងដែលអាចកើតមានចំពោះចំណាប់ខ្មាំង។ ទី១-ពួកគេអាចនឹងស្លាប់នៅពេលប្រយុទ្ធគ្នា។ ទី២-ពួកគេអាចនឹងត្រូវក្រុមហាម៉ាស់សម្លាប់ចោលដើម្បីសងសឹកបន្ទាប់ពីដឹងថាមេរបស់ខ្លួនស៊ីនវ៉ាបានស្លាប់។

អតីតប្រធានទីភ្នាក់ងារសន្តិសុខជាតិអ៊ីស្រាអែលត្រូវគេទូរស័ព្ទប្រាប់គាត់ប្រាប់ថាពួកគេកំពុងស្វែងរកសាកសពរបស់ស៊ីនវ៉ា។ អ្វីដែលគេបារម្ភបំផុតគឺជោគវាសនារបស់ក្រុមចំណាប់ខ្មាំង។ យោធាអ៊ីស្រាអែលប្រាប់ថាអគារដែលមានស៊ីនវ៉ាស្ថិតនៅក្នុងនោះត្រូវអ៊ីស្រាអែលបាញ់កម្ទេចចោលគ្មានសល់ ហើយគេមិនបានរកឃើញចំណាប់ខ្មាំងណាម្នាក់នៅម្ដុំនោះទេ។ ឥឡូវនេះ យោធាអ៊ីស្រាអែលបើកប្រតិបត្តិការនៅតំបន់នោះដោយប្រុងប្រយ័ត្នព្រោះខ្លាចប៉ះពារទៅលើអាយុជីវិតរបស់ចំណាប់ខ្មាំង។

យោងតាមព័ត៌មានបច្ចុប្បន្នភាពចុងក្រោយនេះ អ៊ីស្រាអែលបញ្ជាក់ប្រាប់មន្ត្រីរដ្ឋាភិបាលអាមេរិកថាស៊ីនវ៉ាពិតជាបានស្លាប់ហើយបន្ទាប់ពីពួកគេផ្ទៀងផ្ទាត់ឌីអិនអេ។ ស្ថានការណ៍វិវត្តថ្មីនេះទំនងជាក្លាយជាប្រធានបទក្ដៅនៅក្នុងគម្រោងជួបគ្នារវាងលោកបៃដិន និងអធិការបតីអាល្លឺម៉ង់នៅទីក្រុងប៊ែឡាំងនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើយោងតាមមន្ត្រីលោកខាងលិច២នាក់។

ពីដំបូងដៃ ថ្នាក់ដឹកនាំអាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេសប្រុងជជែកគ្នាអំពីការធ្វើឱ្យមានបទឈប់បាញ់នៅលីបង់ និងការចរចាគ្នាដើម្បីជួយសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលតំបន់ហ្កាហ្សា។ ប៉ុន្តែករណីស្លាប់ស៊ីនវ៉ាជារឿងថ្មី ហើយសំខាន់ដែលនឹងគ្របដណ្ដប់លើប្រធានបទដទៃទៀត។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលម្នាក់បង្ហើបប្រាប់ទូរទស្សន៍ស៊ីអិនអិន៕
ចែករំលែកព័តមាននេះ